កោះស្ដេច គឺជា កោះធម្មជាតិមួយ ឋិតនៅក្នុងភូមិ កោះស្តេច ឃុំកោះស្ដេច ស្រុកគីរីសាគរ ដែលលាតសន្ធឹងតាមបណ្ដោយសមុទ្រមានចម្ងាយប្រមាណជាង ៨១ គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង។ កោះស្ដេច មានចំងាយប្រមាណជា ២៥០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដោយត្រូវធ្វើដំណើរជាពីរដំណាក់កាល គឺផ្លូវគោក និង ផ្លូវទឹក ដោយជិះអូប័រ (ទូកតូចដែលមានល្បឿនលឿន)។ រមណីយដ្ឋានកោះស្ដេច មានឆ្នេរខ្សាច់សស្អាត មានផ្ទះសំណាក់ និង ទេសភាពស្រស់ស្អាតសម្រាប់លំហែលំហើយ ព្រោះមានកោះជាច្រើននៅជុំវិញ និង ព្រៃធម្មជាតិ។
ទន្ទឹមគ្នានេះ ភ្ញៀវទេសចរអាចជួលទូកជិះទៅស្ទូចត្រី មុជទឹកសមុទ្រ មើលផ្កាថ្ម និង ប្រព័ន្ធជីវចម្រុះ នៅបាតសមុទ្រ ព្រមទាំងមានទូកយន្តសម្រាប់ដឹកអ្នកទេសចរជាតិ និង អន្តរជាតិ ពីកោះស្ដេចទៅទស្សនាតំបន់កោះនានា ឋិតនៅប្រជុំកោះក្បែរៗនោះទៀតផង។ មួយវិញទៀត នៅរមណីយដ្ឋាន កោះស្ដេច ភ្ញៀវទេសចរទាំងឡាយ ក៏អាចមើលថ្ងៃរៀបលិចដ៏ស្រស់ស្អាត ដែលជាទីកម្សាន្ត បំបាត់ទុក្ខកង្វល់របស់ប្រិយមិត្ត បន្ទាប់ពីបំពេញការងារយ៉ាងនឿយហត់ពេញមួយសប្ដាហ៍កន្លងមក។