ឧទ្យានជាតិគិរីរម្យមានផ្ទៃដី ប្រមាណ៨៤០១ហិកតា ដែលស្ថិតនៅលើខ្ពង់រាបមានកម្ពស់ចាប់ពី ៣០០ ទៅ ១០០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ រមណីយដ្ឋានគិរីរម្យគឺជាតំបន់ឧទ្យានធម្មជាតិដ៏ធំ និងនៅជិតរាជធានីភ្នំពេញ ជាងគេ។ តំបន់នេះត្រូវបានកសាងឡើងតាំងពីជំនាន់សង្គមរាស្ត្រនិយម ហើយបន្ទាប់មករាជរដ្ឋាភិបាលកម្ពុជា បានចុះបញ្ជីជាឧទ្យានជាតិព្រះសុរាម្រឹតដែលមានផ្ទៃដី៥០០០ហិកតាតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុវរ្ម័ន នាឆ្នាំ ១៩៩៣។ គីរីរម្យជារមណីយដ្ឋានទេសចរណ៍ ធម្មជាតិមួយ ក្នុងចំណោម ឧទ្យានជាតិធំៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានសម្រស់ទេសភាពប្រៀបបាន នឹងឋានសួគ៌ លម្អដោយដើមស្រល់ដុះពីធម្មជាតិនៅលើខ្ពង់រាបគិរីរម្យ និងមានទឹកជ្រោះ ជាច្រើនកន្លែង រួមទាំងហ្វូងម្រឹគីម្រឹគារស់នៅទីនោះថែមទៀតផង។ ក្រៅពីនេះក៏មាន អតីតព្រះរាជដំណាក់ រឿងនិទានពីភ្នំនេះ គឺស្រដៀងនឹងរឿងហង្សយន្ដដែរ ដោយទីបំផុត ព្រះរាជកុមារនាមសូរវង្ស គ្រងរាជសម្បត្តិនៅគន្ធពបុរីនោះ។ ចំណែកព្រះរាជ កុមារវរវង្ស បានគ្រងរាជ្យនគរជ័យបូរី ហើយវិលមក ជួបជុំ មាតាបិតាវិញ។ ទាំងនេះឯង ជារឿងព្រេងប្រចាំភ្នំវរវង្សសូរវង្ស ដោយគេសំអាងលើរូបសំណាកថ្មមួយ ជារូបស្ត្រី កំបុតត្រឹមក សន្មតថា ជារូបនាងមន្ទាដែលជាអ្នកទ្រុស្តកាច ហើយពេជ្ឈឃាដយកទៅប្រហារជីវិតចោលនោះ។ រូបនេះ តាំងនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខែត្រកំពង់ស្ពឺ ហើយត្រង់កំពូលភ្នំមួយ ដែលគេហៅថា ភ្នំកម្មជ្ជវាតនោះ គេសំគាល់ថា ជាកន្លែងដែលខ្យល់បក់បោកកាត់ផ្ដាច់កឥសី ដែលលួចយកកែវមណីរត្ន របស់ព្រះបាទវរវង្ស ទៅហោះលេងនោះ។ ក្រៅពីនេះ នៅមានកន្លែងច្រើនទៀត ដែលអ្នកស្រុកសំគាល់ថា ទាក់ទង នឹងរឿងព្រេងនេះដែរ ដូចជាកន្លែង ថ្មបាំង សេកប្រណាំង ឃ្លាំងរំសេវ ជាដើម។