«ទឹកធ្លាក់ជ្រាវ» ជាតំបន់ទេសចរណ៍មួយដែលមានឈ្មោះល្បីក្នុងខេត្តកំពង់ស្ពឺ បានទាក់ទាញភ្ញៀវទេសចរ តាមរយៈសម្រស់ទឹកធ្លាក់ដែលអាចឲ្យទេសចរងូតលេងកម្សាន្ត មើលសម្រស់ព្រៃឈើយ៉ាងស្រស់បំព្រង។ លើសពីនេះ ភ្ញៀវទេសចរអាចបោះតង់សម្រាកនៅចង្កេះភ្នំជ្រាវ គេងស្ដាប់សំឡេងសត្វព្រៃជាមួយអាកាសធាតុត្រជាក់ និងមើលសម្រស់ព្រៃភ្នំ។ សម្រាប់ទេសចរដែលចង់ទៅបោះតង់គួតែទាក់ទងជាមួយប្រជាជនក្នុងសហគមន៍ ដើម្បីការពារសុវត្ថិភាព និងជៀសវាងការវង្វេងក្នុងព្រៃ។ នេះបើយោងតាមការៀបរាប់របស់លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ។
តំបន់ទេសចរណ៍ជ្រាវ បានត្រៀមខ្លួនជាស្រេច ដើម្បីទទួលភ្ញៀវទេសចរ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ លើកឡើងថា៖ « យើងបានត្រៀមខ្លួនក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍ដូចជា ទឹកជ្រោះជ្រាវ រមណីយដ្ឋានគីរីរម្យក្រោម ឧទ្យានជាតិគីរីរម្យ ភ្នំខ្នងផ្សា និងតំបន់ទេសចរណ៍ផ្សេងទៀត ត្រូវមានការរៀបចំទទួលភ្ញៀវទេសចរនៅពេលឈប់សម្រាកខាងមុខ ទៅលើសេវាកម្មម្ហូបអាហារ និងមានការអភិវឌ្ឍន៍សេវាកម្មទេសចរណ៍ដែលក្នុងសហគមន៍គាត់មាន»។