ទឹកធ្លាក់អន្លង់ធំ មានទីតាំងស្ថិតនៅក្នុងតំបន់សហគមន៍ការពារធម្មជាតិសង្កាត់ព្រែកត្នោត ក្រុងបូកគោ នៃខេត្តកំពត។ តំបន់នេះ ជាគោដៅទេសចរណ៍ដ៏ទាក់ទាញមួយកន្លែងដែលភ្ញៀវអាចបោះតង់ ជិះទោង ងូតទឹកលេង និងទទួលទានអាហារសមុទ្រធម្មជាតិនៅក្នុងខ្ចុះក្រោមម្លប់ឈើ មានខ្យល់អាកាសបរិសុទ្ធ ធ្វើឱ្យអ្នកទេសចរមានភាពរីករាយ និងស្រស់ថ្លាអារម្មណ៍។
អ្នកស្រី ស្វាយ ថុល តំណាងសមគមន៍តំបន់ការពារធម្មជាតិសង្កាត់ព្រែកត្នោត “ទឹកធ្លាក់អន្លង់ធំ” បានឱ្យដឹងថា ចាប់តាំងពីប្រទេសកម្ពុជាបានគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ មានភាពល្អប្រសើរ ភ្ញៀវទេសចរបានចាប់ផ្តើមវិលមកលេងទឹកធ្លាក់អន្លង់ធំវិញជាហូរហែ។ ភ្ញៀវទេសចរភាគច្រើនដែលទៅលេងកម្សាន្តនៅទីនោះ ដោយសារតំបន់ការពារធម្មជាតិទឹកធ្លាក់អន្លង់ធំនេះ មានសក្តានុពលច្រើន ដូចជា មានស្ពាន ខ្ចុះ ទោងសម្រាប់អង្គុយលេង និងថតរូបអនុស្សាវរីយ៍ ទឹកធ្លាក់ និងទឹកអន្លង់ ដែលអាចឱ្យទេសចរងូតលេងកម្សាន្តបាន។
អ្នកស្រី ខឹម តុញ ជាអ្នកទេសចរនៅក្នុងខេត្តកំពត ដែលបានទៅលេងកម្សាន្តក្នុងតំបន់ទឹកធ្លាក់អន្លង់ធំ បានឱ្យដឹងថា អ្នកស្រីចូលចិត្តទៅលេងទីនេះណាស់ ដោយសារតែមានទេសចរភាពស្រស់ស្អាតធម្មជាតិពិតៗ បរិយាកាសប្រកបដោយផាសុខភាព មានសភាពស្ងប់ស្ងាត់ និងមានធម្មជាតិដែលហូរធ្លាក់មកពីតំបន់ភ្នំបូគគោត្រជាក់គួរឱ្យចង់ងូតលេងកម្សាន្ត។ អ្នកស្រីបានបន្តថា ចំពោះចំណីអាហារនៅតំបន់នេះមានរស់ជាតិឆ្ងាញ់ គ្រឿងសមុទ្រស្រស់ៗលើកមកថ្មីៗដែលរកដោយប្រជានេសាទនៅក្នុងសង្កាត់ព្រែកត្នោត រីឯតម្លៃវិញក៏សមរម្យដែរ។
ចំណែកជីវករដែលលក់ចំណីអាហារ “សោភាអន្លង់ធំ” បានឱ្យដឹងដែរថា សម្រាប់ទឹកធ្លាក់អន្លង់ធំ ភ្ញៀវទេសចរនៅតែមានអ្នកទៅលេងកម្សាន្តជាហូរហែ តែមិនសូវច្រើនដូចមុនពេលមានជំងឺកូវីដ-១៩នោះទេ ដោយសារបញ្ហាសេដ្ឋកិច្ចសកល។ ចំពោះការការលក់ដូររបស់អ្នកស្រី នៅតែដំណើរការជាធម្មតា បើកលក់ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង៥ល្ងាច។ អ្នកស្រីក៏បានស្នើឱ្យមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ ជួយកែច្នៃតំបន់នេះឱ្យមានភាពទាក់ទាញបន្ថែមទៀត ដើម្បីឱ្យកំណើននៃភ្ញៀវទេសចរមានការកើនឡើង ហើយអាចជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នេះ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងដែរថា ទឹកធ្លាក់អន្លង់ធំ ជាតំបន់មានសក្តានុពលមួយសម្រើឱ្យវិស័យទេសចរណ៍។ មុនផ្ទុះឡើងនៃជំងឺកូវីដ-១៩ ទឹកធ្លាក់អន្លង់ធំនេះ មានភ្ញៀវទេសចរជាច្រើនបានទៅលេងកម្សាន្ត។ បច្ចុប្បន្ន ទោះជាសេដ្ឋកិច្ចកំពុងប្រឈមនឹងវិបត្តិសកលយ៉ាងណាក្តី ក៏ភ្ញៀវនៅតែបន្តទៅកម្សាន្តជាហូរហែ។ ក្នុងនាមមន្ទីរជំនាញ នៅតែជួយគាំទ្ររាល់ការរៀបចំតំបន់ការពារធម្មជាតិមួយនេះ ឱ្យទៅជាតំបន់អេកូទេសចរណ៍ដ៏ទាញមួយទៀតរបស់ខេត្តកំពត ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត៕