ទឹកធ្លាក់អូរជាំ ខេត្តបាត់ដំបង

Post by admin

14:58 - 30/03/2024

Comment

ទឹកធ្លាក់អូរជាំ ឬទឹកជ្រោះអូរជាំ មានទីតាំងក្បែរជើងភ្នំ ក្នុងទឹកដីភូមិអូរជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ អ្នកទេសចរអាចធ្វើដំណើរពីភ្នំពេញតាមផ្លូវជាតិលេខ៥ ដល់ទីប្រជុំជនស្រុកមោងឫស្សី បត់ទៅឆ្វេង តាមផ្លូវក្រាលក្រួសក្រហមឆ្ពោះទៅស្រុកគាស់ក្រឡ ដល់ចំណុចផ្លូវមានរាងជាអក្សរT ក៏បង្អួសទៅលិចដល់វត្តអូរជាំ ក៏ឃើញសញ្ញាដាក់ថា" រមណីយដ្ឋានទឹកជ្រោះអូរជាំ" រួចចេញពីស្លាកនេះទៅឆ្វេងចម្ងាយ១៧០០ម៉ែត្រ នឹងទៅដល់កន្លែងកម្សាន្តនោះហើយ។ អ្នកទេសចរ ក៏អាចធ្វើដំណើរចេញពីខេត្តបាត់ដំបង កាត់ស្រុកសំឡូត ឆ្ពោះទៅចំណុចអក្សរT នេះបានដូចគ្នាដែលផ្លូវនេះមានផ្ទះសម្បែងប្រជាពលរដ្ឋសង់ជាប់ៗគ្នា មានស្រែចម្ការ ច្បារដំណាំគ្រប់ប្រភេទផ្តល់ទិដ្ឋភាពត្រជាក់ភ្នែកណាស់។ លោកគឹម សុង អាយុ៥៨ឆ្នាំ អតីតកងទ័ពខ្មែរក្រហម បច្ចុប្បន្នជាប្រធានសហគមន៍តំបន់ការពារធម្មជាតិអូរជាំ បានឲ្យដឹងថា ពីដើម ទីនេះជាព្រៃស្រោងមានខ្លា ដំរី ម្រឹគីម្រឹគាគ្រប់ប្រភេទរស់នៅ។ ចាស់ៗ ហៅកន្លែងនេះថា "អូរស្រែជាំ" ប៉ុន្តែសព្វថ្ងៃហៅកាត់ថា"អូរជាំ" ដែលពីបុរាណមានតែជនជាតិកូឡា រស់នៅប្រកបរបររែងត្បូងតាមបណ្តោយមាត់អូរចិញ្ចឹមជីវិត។ លោកប្រធានសហគមន៍បន្តទៀតថា ទឹកធ្លាក់អូរជាំនេះ គឺធ្លាក់ពីកំពូលភ្នំ មានកម្ពស់ជាង៤០ម៉ែត្រឯណោះ។ សហគមន៍បានបង្កើតជាតូបជួលលក់ចំណីអាហារ វត្ថុអនុស្សាវរីយ៍ កន្លែងផ្ញើកង់ ម៉ូតូ រថយន្ត មិនឲ្យទេសចរឃ្នើសចិត្តឡើយ។ ចំណែកការមកលេងកម្សាន្តក៏មានសុវត្ថិភាពដែរ ពិសេសទិដ្ឋភាពខៀវស្រងាត់ សត្វរៃយំរ៉ែៗ គួបផ្សំស្នូរទឹកហូរវូៗ ពីលើភ្នំផងនោះ បានផ្តិតជាកម្រងអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបានឡើយ។

☎️លេខទូរស័ព្ទ៖ 085725533
📌ផែនទី៖ https://maps.app.goo.gl/djX62FDQuEDNqm2EA