ទឹក​ជ្រោះ​ប៊ូស្រា ខេត្តមណ្ឌលគិរី

Post by admin

13:42 - 01/04/2024

Comment

ទឹកជ្រោះប៊ូស្រាស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទឹកជ្រោះឬទឹកធ្លាក់ និងទេសចរណ៍ធម្មជាតិ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានទឹកជ្រោះប៊ូស្រាដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ លេងទឹកឬហែលទឹក, ជិះ​ខ្សែ​រ៉ក​, ខ្យូសញុំអី, រៀបចំអាហារដោយខ្លួនឯង និងចំណុចផ្សេងៗទៀត។ ទឹកជ្រោះប៊ូស្រាមានទីតាំងស្ថិតនៅ ស្រុក​ពេជ្រាដាខេត្តមណ្ឌលគីរី និងមានចម្ងាយប្រហែល ~43km ពីរង្វង់មូលគោព្រៃ។ទឹក​ជ្រោះ​នេះ​ជា​តំបន់​ទេសចរណ៍​ល្អ​ជាង​គេ​ក្នុង​ខេត្ត​មណ្ឌលគិរី។ ទឹក​ជ្រោះ​ដ៏​ទាក់​ទាញ​នេះ​ត្រូវ​បាន​ចែក​ចេញ​ជា​បី​ដំណាក់​។ ដំណាក់​ទី១ ហូរ​ធ្លាក់​ក្នុង​កម្ពស់​៨​ទៅ​​ ១២​ម៉ែត្រ ដែល​មាន​មុខ​កាត់​ទទឹង​១៥​ម៉ែត្រ នៅ​រដូវ​វស្សា និង​កម្ពស់​ពី១០​ទៅ​១៥​ម៉ែត្រ នៅ​រដូវ​ប្រាំង​។ ដំណាក់​ទី២ ហូរ​ធ្លាក់​ពី​កម្ពស់​១៥ ទៅ​២០​ម៉ែត្រ និង​មាន​មុខ​កាត់​ទទឹង​២០​ម៉ែត្រ​នៅ​រដូវ​វស្សា និង​កម្ពស់​ពី​១៨ ទៅ​២៥​ម៉ែត្រ ដែល​មាន​មុខ​កាត់​ ១៣​ម៉ែត្រ នៅ​រដូវ​ប្រាំង​ ទឹក​ធ្លាក់​ទី២​នេះ មាន​ចម្ងាយ​១៥០​ម៉ែត្រ​ពី​ទឹក​ធ្លាក់​ទី១​។ ដំណាក់​ទី៣ ហូរ​ធ្លាក់​ដោយ​ល្បឿន​លឿន​ខ្លាំង​ជាង​ល្បាក់​ទី២​។ ល្បាក់​នេះ យើង​មិន​អាច​ទៅ​ដល់​បាន​ទេ ពី​ព្រោះ​ជា​តំបន់​ព្រៃ​ក្រាស់ ខ្វះ​មធ្យោបាយ​ធ្វើ​ដំណើរ និង​ជា​តំបន់​គ្រោះ​ថ្នាក់​ដោយ​សារ​ពពួក​សត្វ​ព្រៃ​។

ក្រៅ​ពី​ងូត​ទឹក​ជ្រោះ​ធម្មជាតិ​ដ៏​ត្រជាក់​ដល់​ក្រអៅ​បេះដូង​និង​អង្គុយ​ទទួល​ទាន​អាហារ​ដ៏​មាន​ឱជារស​ជាមួយ​មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ ក្រោម​ជំនោរ​ចំហាយ​ទឹក​ជ្រោះ​ដ៏​ត្រជាក់​នោះ ភ្ញៀវ​ទេសចរ​ទាំង​អស់​ក៏​អាច​ចំណាយ​ពេល​តុប​តែង និង​ស្លៀក​ពាក់​បែប​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ដើម្បី​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​ផង​ដែរ​។ សម្រាប់​ខេត្ត​មណ្ឌល​គិរី ទឹក​ជ្រោះ​ប៊ូស្រា នៅ​តែ​ជា​ទី​ដ៏​ទាក់​ទាញ​បំផុត ដែល​គ្រប់​ភ្ញៀវ​ទាំង​អស់​នៅ​ពេល​មក​ដល់​ខេត្ត​នេះ​មិន​អាច​មើល​រំលង​បាន។សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានទឹកជ្រោះប៊ូស្រា គឺមានខ្យូសអង្គុយ រឺក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្មង់អាហារផ្ទាល់ពីទីនោះផងដែរ។ ក្រៅពីនេះ រមណីយដ្ឋានទឹកជ្រោះប៊ូស្រាមានកន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ ប៉ុន្តែសម្រាប់អាហារដ្ឋាន និងភោជនីយដ្ឋានពុំទាន់មាននៅឡើយទេ។ សម្រាប់កន្លែងស្នាក់នៅ រមណីយដ្ឋានទឹកជ្រោះប៊ូស្រាពុំទាន់មានបឹងហ្គាឡូ, ផ្ទះសំណាក់ និងសណ្ឋាគារនៅឡើយទេ។ ទឹកជ្រោះ​ប៊ូស្រាដំណាក់ទី១ មានកម្ពស់​ជាង ២០ម៉ែត្រ ជា​ទីដែល​អ្នក​ទេសចរ​និយមទៅទស្សនា​ច្រើនជាងគេ។ ចំណែក​ទឹកជ្រោះប៊ូស្រាដំណាក់ទី២ ជាទីដែលអ្នកទេសចរកម្រ​បានឃើញ។

ដើម្បី​ទៅកាន់​ទឹកជ្រោះដំណាក់ទី២ យើងត្រូវធ្វើដំណើរឆ្លងកាត់ព្រៃ ប្រមាណ ១៥នាទី រួចត្រូវសរសៀចុះតាមជញ្ជាំងថ្មីដ៏ចោត ដែលមានកម្ពស់ជាង ៤ម៉ែត្រ រួច​បន្ត​ដំណើរ​តាមជណ្ដើរឈើបែកបាក់ចុះ​មក​ក្រោម តាមផ្លូវ​​ឬស្សី។ បន្ថែមលើនេះ រមនីយដ្ឋាន​ទឹកជ្រោះប៊ូស្រា ក៏មាន​ខ្សែរ៉ត សម្រាប់​ភ្ញៀវ​ទេសចរ​ជិះ​មើលទេសភាព​ដ៏ស្រស់ត្រកាលផងដែរ៕

☎️លេខទូរស័ព្ទ៖​​ 016321135
📌ផែនទី៖ https://maps.app.goo.gl/yDFW8yzNaRmNZa657