នំខ្មែរមានច្រើនប្រភេទ និងច្រើនរសជាតិអាស្រ័យតាមវត្ថុធាតុដើមនៃការផ្សំបញ្ជូលគ្នា រួមទាំងវិធីច្នៃប្រឌិត តាមទម្រង់ផ្សេងពីគ្នា។ ប្រជាពលរដ្ឋខ្មែរនិយម យកវត្ថុជាតិដើមមានស្រាប់នៅជិតៗផ្ទះមកបង្កើតជាបង្អែម ម្ហូប និងនំ ដែលអាចយកមកបរិភោគ និងលក់លើទីផ្សារ។ នំនីមួយៗ ត្រូវបានចម្អិនតាមរបៀបផ្សេងៗពីគ្នាដូចជាស្ងោរ ចំហុយ ដុត និងបំពងជាដើម។
អន្សម៖ ជានំមួយប្រភេទដែលត្រូវបានប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសស្គាល់ ទាំងនៅទីក្រុង ឬទីជនបទ។ អន្សមមានប្រភេទដូចជា មានអន្សមស្នូលសណ្ដែក ឬស្នូលសាច់ជ្រូក ស្នូលផ្អែម និងស្នូលចេក។ អន្សមត្រូវបានគេនិយមវេចនៅពេលពិធីបុណ្យចូលឆ្នាំ ភ្ជុំ ពិធីភ្ជាប់ពាក្យ អាពាហ៍ពិពាហ៍ និងឡើងផ្ទះជាដើម។ គ្រឿងផ្សំមានដូចជា អង្ករដំណើប, ដូងទុំ, សណ្ដែក, ស្ករត្នោត និងចេកទុំ។ គេប្រើស្លឹកចេក ដើម្បីវេចខ្ចប់ និងចម្អិនដោយស្ងោរ។
នំបត់៖ ជាប្រភេទនំ ប្រើម្សៅអង្ករដំណើប ខ្ចប់ដោយស្នូលសណ្ដែកនៅខាងក្នុង ខ្ចប់រាងសំប៉ែតៗ និងចម្អិនដោយការចំហុយ។ នំប្រភេននេះ ភាគច្រើនត្រូវបានគេលក់តាមទីផ្សារ និងមានក្នុងពិធីនានានៅក្នុងទីក្រុងភ្នំពេញ។
នំចេកក្រឡក៖ នំនេះ គេយកចេកណាំវ៉ាទុំ ច្របាច់ឱ្យម៉ត់ និងលាយជាមួយម្សៅអង្ករខ្សាយ ស្ករស និងដូងខ្ចី រួចយកទៅចំហុយ។ នំប្រភេទនេះ គេក៏អាចយកទៅវេចជាមួយស្លឹកចេកដូចជានំបត់ក៏បាន គ្រាន់តែនំប្រភេទនេះ គេវេចរាងធំជាងគ្នាបន្តិច។ ចេកក្រឡក នាពេលបច្ចុប្បន្ន កម្រឃើញមានអ្នកលក់នៅតាមទីផ្សារណាស់ សូម្បីតែនៅតាមទីជនបទក៏ដោយ។
នំជ្រែ៖ ជានំមួយប្រភេទដែលមានលក់តាមតំបន់ មានពលរដ្ឋខ្មែរមួយចំនួន មិនសូវស្គាល់នំប្រភេទនេះនោះទេ ព្រោះមិនសូវសម្បូរអ្នកធ្វើនំប្រភេទនេះលក់នៅលើទីផ្សារ។ នំជ្រែត្រូវបានគេធ្វើពីម្សៅជ្រែ កូរលាយជាមួយស្ករស រួចចាក់ចូលក្នុងចាន និងមានលាយសណ្ដែកបន្តិចនៅខាងក្នុងសាច់នំ។ នំប្រភេទនេះ លាយជាមួយនឹងទឹកខ្ទិះស្រោចពីលើ ហើយភាគច្រើននៅតាមស្រុកស្រែចម្ការ គេច្រើនឃើញអ្នកលក់នៅអំឡុងម៉ោង១ ឬ២ថ្ងៃ។ នំប្រភេទនេះ បច្ចុប្បន្នមានគេធ្វើ និងដាក់លក់តាមប្រព័ន្ធអនឡាញច្រើនគួរសម។
នំត្នោត៖ នំនេះ គេប្រើអង្ករដំណើប លាយជាមួយត្នោតទុំ និងដូងខ្ចី ស្ករ លាយបញ្ជូលគ្នា និងខ្ចប់ដោយស្លឹកត្នោតខ្ចី ។ នំនេះ ចម្អិនដោយស្ងោរដូចនំអន្សមដែរ។