សត្វស្លាបច្រើនប្រភេទរាប់សិបម៉ឺនក្បាលដែលហោះជាក្រុមៗមកទំជ្រកនៅព្រៃលិចទឹករាល់ល្ងាចនៅបឹងស្នេហ៍ ក្លាយជាទិដ្ឋភាពយ៉ាងស្អាតបែបធម្មជាតិជាមួយនឹងសំឡេងស្រែកឆ្លើយឆ្លងកងរំពងលាន់ឮពេញព្រៃលិចទឹកទំហំ ៨០ ហិកតា ធ្លាយដល់ផ្ទៃជលសារបឹងស្នេហ៍ ២៧៧៦ ហិកតា ដែលព័ទ្ធជុំវិញព្រៃនោះ។
សត្វមានច្រើនរហូតដល់ថ្នាក់ទំស្ទើរងាប់ដើមឈើ ពោលគឺដើមឈើជ្រុះស្លឹកអស់សល់តែមែកច្រងេងច្រងាង ខណៈទិដ្ឋភាពកម្រមាននេះ ទេសចរអាចឃើញនៅទួលអភិរក្សព្រៃព័ន្ធតាឡី បឹងស្នេហ៍ ក្នុងភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ សត្វស្លាបទាំងនេះជាពពួកសត្វផ្លាស់ទី ដូចជា ននាល ក្រៀលខ្យង ទុង ក្រសារ កុក ក្អែកទឹក។ ទេសចរអាចទៅមើលសត្វបានចាប់ពីខែកក្កដា ដល់ វិច្ឆិកា តែចន្លោះខែកញ្ញា និងតុលា ជាពេលសម្បូរសត្វគ្រប់ប្រភេទជាងគេ។ ឯខែវិច្ឆិកា សម្បូរតែសត្វកុកប៉ុណ្ណោះ។