ប្រាសាទតាកែវមានទីតាំងស្ថិតនៅក្នុងភូមិរហាល ឃុំនគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ សង់នៅសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ ពីថ្មភក់ មានទំហំ១០០ម x ១២០ម។ តាមលោក ហ្សក សូដេសថា ប្រាសាទនេះត្រូវគេបោះបង់ចោល ព្រោះកាលនោះមានរន្ទះបាញ់ត្រូវ ប៉ុន្ដែលោកហ្សក បូសីល្យេយល់ថា ដោយមានកើតហេតុអាក្រក់ មួយបន្ដាលអោយ គេបង់ចោលសំនង់នេះ លុះមកដល់រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ទើបទ្រង់បានបញ្ជាអោយគេធ្វើការជួសជុលឡើងវិញ។ អ្នកស្រីកូរ៉ាល រ៉េមូសាត (Coral Remusat) នៅក្នុងសៀភៅ "Part Khmer" ក្នុងនាមជាអ្នកស្រាវជ្រាវជាតិបារាំងម្នាក់គាត់បានសរសេរថា ប្រាសាទតាកែវនេះកសាងដោយព្រះបាទជយវរ្ម័នទី៥នៅក្នុងគ្រឹស្តសករាជ៩៧៤ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ។ ព្រះមហាក្សត្រអង្គនេះ បានឡើងសោយរាជ្យសម្បត្តិ ក្នុងវ័យកុមារភាព ដូច្នេះមានព្រះរាជគ្រូ ជាឧត្តមទីប្រឹក្សាផងនោះព្រះអង្គបានបញ្ជាអោយគេកសាងទីក្រុងថ្មីមួយឈ្មោះថា "ជយេន្រ្ទនគរី " ដែលមានប្រាសាទភ្នំ "ហេមគិរី " នៅចំកណ្តាល ហើយតាមការប៉ាន់ស្មានប្រាសាទ ហេមគិរីនេះគឺត្រូវនឹងប្រាសាទតាកែវនេះឯង។ ថ្វីត្បិតតែប្រាសាទតាកែវគ្មានក្បូរក្បាច់រចនាដូចប្រាសាទនានានៅតំបន់អង្គរ ប៉ុន្តែ ត្រូវបានអ្នកទេសចរខ្លះៗលាន់មាត់ថា ប្រាសាទនេះ ដូនតាខ្មែរ ធើ្វមិនទាន់ហើយក្តី ក៏រូបរាងដ៏ស្រស់ច្រឡឹងរបស់ប្រាសាទបានទាក់ទាញអារម្មណ៍អ្នកទេសចរខ្លាំងណាស់ ដោយសារតែមានសិលាចារឹកឆ្លុះបញ្ចាំងឲ្យដឹងថា ជា "ហេមគិរី" បូជនីយដ្ឋានកណ្តាលនៃទីក្រុង "ជយេន្រ្ទនគរគិរី" របស់ព្រះបាទជ័យវរ្ម័នទី៥។ យោងតាមឯកសារប្រវត្តិសាស្រ្តខែ្មរបានបញ្ជាក់ទៀតថា ប្រាសាទតាកែវត្រូវបានកសាងបង្អើយដោយព្រះបាទសូរ្យវរ្ម័នទី១ដែលបានឡើងសោយរាជ្យនៅដើមសតវត្សរ៍ទី១១ ទន្ទឹមនឹងនោះ ព្រះអង្គក៍អោយគេ ស្ថាបនាឲ្យចប់ជាស្ថាពរ នៅប្រាសាទភិមានអាកាស គោបុរៈនៃរាជវាំងផងដែរ។ ដូចេ្នះបើប្រាសាទតាកែវ ធ្វើមិនទាន់ហើយ តាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ (សតវត្សរ៍ទី១០ចុះរឿងអីដែលបុព្វបុរសស្ថាបត្យករខែ្មរ ក្រោមការដឹកនាំរបស់ព្រះបាទសូរ្យវរ្ម័នទី១(សតវត្សរ៍ទី១១)បែរជាធ្វើប្រាសាទមួយនេះមិនហើយដដែល។