ប្រាសាទធម្មនន្ទ ខេត្តសៀមរាប

Post by admin

15:07 - 08/04/2024

Comment

ប្រាសាទធម្មនន្ទមានទីតាំងស្ថិតនៅតាមវង់តូចដោយចេញពីរាជធានីអង្គរធំ តាមទ្វាជ័យចំងាយប្រហែល ៥០០ម៉ែត្រនៅខាងជើងផ្លូវ។ ប្រាសាទធម្មនន្ទស្ថិតនៅក្បែរប្រាសាទចៅសាយទេវតាប្រាសាទនេះស្ថាបនាឡើងនៅចុងសតវត្សទី១១ និង ដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) ឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានចតុកោណ មានប្រាង្គបែរមុខទៅទិសខាងកើត និង មានគូទឹក និង កំពែងមានគោបុរៈពីរនៅខាងកើតនិងខាងលិច ព្រមទាំងមានបណ្ណាល័យមួយនៅទិសអាគ្នេយ៍។

ប្រាសាទនេះកសាងឡើងនៅលើផ្ទៃរាបស្មើ ធ្វើពីថ្មភក់ មានកសិន្ធុទឹកព័ទ្ធជុំវិញ មានតួប្រាង្គសំខាន់មួយនៅចំកណ្ដាល មានគោបុរៈពីរ គឺគោបុរៈខាងកើត និងគោបុរៈខាងលិច ព្រមទាំងមានហោត្រ័យមួយនៅទិសអាគ្នេយ៍។

ថ្វីដ្បិតប្រាសាទនេះតូចមែន ប៉ុន្តែមានលក្ខណៈ និងក្បាច់ចម្លាក់ប្រហាក់ប្រហែលគ្នាទៅនឹងប្រាសាទអង្គរវត្តដែរ។ ក្បាច់ចម្លាក់ទាំងឡាយអាចមើលឃើញយ៉ាងងាយនៅលើតួប្រាង្គប្រាសាទ។

ថ្វីដ្បិតឧទ្ទិសចំពោះព្រហ្មញ្ញសាសនាក៏ពិតមែន ប៉ុន្តែរូបចម្លាក់ខ្លះបានបង្ហាញពីព្រះជាតកល្បីៗក្នុងព្រះពុទ្ធសាសនា។ នៅលើហោជាងនៃខ្លោងទ្វារមុខប្រាសាទ មានចម្លាក់និយាយពីរឿងព្រះវេស្សន្តរត្រង់កណ្ឌកុមារបាព៌។

ចម្លាក់លើហោជាងនេះចែកជាពីរថ្នាក់៖

-ផ្នែកខាងលើ : មានរូបឥសីម្នាក់អង្គុយលាព្រះហស្ថទាំងពីរទៅមុខ នៅខាងមុខឥសីមានក្មេងប្រុសម្នាក់ និងក្មេងស្រីម្នាក់។ ត្រង់នេះបង្ហាញពីព្រះវេស្សន្តរដាក់ទានជាលី និងក្រឹស្នាទៅឱ្យតាជូជក់។

-នៅផ្នែកខាងក្រោម : មានរូបទេពប្រណម្យ ៥អង្គ តមកខាងស្ដាំបន្តិចមានស្រីម្នាក់ឈរ។ នៅក្បែរនោះមានក្មេងពីរនាក់ឈរនៅក្បែរគល់ឈើ ឯនៅលើដើមឈើមានព្រាហ្មណ៍ម្នាក់កំពុងសម្រាកយ៉ាងស្រួល។ កន្លែងនេះបង្ហាញពីតាជូជកចងក្មេងទាំងពីរនៅក្រោមដើមឈើ ឯខ្លួនគាត់ឡើងទៅដេកនៅលើដើមឈើ ព្រោះខ្លាចសត្វសាហាវយាយី។

📌ផែនទី៖ https://maps.app.goo.gl/4j2U6uW35NJ3rVAc8