ប្រាសាទព្រះបាលិលេយ្យ

Post by admin

14:25 - 08/04/2024

Comment

ប្រាសាទព្រះបាលិលេយ្យមានទីតាំងស្ថិតនៅខាងជើងប្រាសាទភិមានអាកាស និងនៅខាងក្រោយប្រាសាទទេពប្រណម។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ដែលជាស្នាដៃរបស់ព្រះបិតាព្រះបាទជ័យវរ្ម័នទី៧ គឺព្រះបាទធរណីន្ទ្រវរ្ម័នទី២ (១១៥០ - ១១៦០) ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនា។ ប្រាសាទនេះមានទ្វារបើកបួនទិសដែលប្រាង្គស្ថិតនៅខាងលើគ្រឹះបីជាន់ មានជណ្តើរឡើងគ្រប់ទិស។ នៅតាមហោជាង និង ផ្តែរទ្វារនៃប្រាសាទនេះសុទ្ធសឹងជាចម្លាក់របស់ព្រះពុទ្ធសាសនា។ ចម្លាក់នៅខាងកើតគឺរូបព្រះពុទ្ធចូលនិពា្វន ខាងត្បូងរូបព្រះពុទ្ធតាំងសមាធិ និងខាងជើងគឺរូបព្រះពុទ្ធឈរច្រត់ដៃលើសត្វដំរីមួយ។ ប្រាសាទនេះមានព្រះពន្លាកិត្តិយសមួយសាងអំពីថ្មភក់លម្អដោយបង្កាន់នាគក្បាលប្រាំ និងចម្លាក់តោបែរទៅទិសខាងកើត។ នៅចុងនៃព្រះពន្លាមានរូបបដិមាព្រះពុទ្ធសាងអំពីថ្មភក់ដ៏ធំមួយទ្រង់គង់ក្នុងទម្រង់យកព្រះធរណីជាសាក្សី។ ប្រាសាទបាលិលេយ្យមានប្រាង្គធំមួយសង់នៅលើខឿនដែលមានកាំជណ្តើរបែរទៅទិសសំខាន់ទាំងបួន ហើយមានកំពែងព័ទ្ធជុំវិញ ប៉ុន្តែនៅសេសសល់ជារាងកំពែងនៅផ្នែកខាងកើតដែលសង់អំពីថ្មបាយក្រៀមលាយឡំ និងមានការលម្អដោយថ្មភក់នៅខ្លោងទ្វារប៉ុណ្ណោះ។ 

📌ផែនទី៖ https://maps.app.goo.gl/hKaKJs412PMvQKdh8