ប្រាសាទភ្នំត្រប់មានទីតាំងស្ថិតនៅលើកំពូលភ្នំចំនួនពីរ ក្នុងឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលមានចម្ងាយប្រមាណ ៨០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ភ្ញៀវទេសចរអាចចាប់ផ្តើមធ្វើដំណើរតាមផ្លូវជាតិលេខ ៦អា ទៅទិសខាងកើតរហូតដល់ផ្សារផ្អាវ និងឃើញមានផ្លូវក្រាលកៅស៊ូមួយនៅខាងឆ្វេងស្ថិតនៅចំហៀងផ្សារ រួចធ្វើដំណើរបន្តប្រហែល ១៨គីឡូម៉ែត្រទៅតាមផ្លូវនោះ ភ្ញៀវទេសចរទៅដល់វត្តប្រើសមាស ដែលស្ថិតនៅជើងភ្នំត្រប់តែម្តង។ ប្រាសាទភ្នំត្រប់ជាបណ្តំប្រាសាទចំនួន ៤មានដូចជាប្រាសាទស្រះត្រប់ស្ថិតនៅងង្កេះភ្នំ សព្វថ្ងៃនៅសេសសល់តែបំណែកស៊ូមទ្វារ និងបំណែកសសរពេជ្រ និងមានស្រះទឹកបុរាណមួយនៅជើងភ្នំទល់មុខនឹងប្រាសាទនេះ។ គោកភូមិបាប្រុសនៅមានសេសសល់ផ្តែររូបព្រះនរាយណ៍ ឬព្រះវិស្ណុផ្ទំ និងមានគ្រឹះថ្មបាយក្រៀម ដែលាមានស៊ូមទ្វារធ្វើអំពីថ្មភក់ សព្វថ្ងៃប្រជាជនបានធ្វើសាលានៅចំពីមុខគ្រឹះនេះតែម្តង។ ចំណែកកន្លែងមួយទៀតមានសល់តែបំណែកថ្មបាយក្រៀមបន្តិចបន្តួច។ ប្រាសាទភ្នំត្រប់ ឬប្រាសាទវត្តប្រើសមាស។ ក្រៅពីទីតាំងចម្បងទាំងបួននេះមានទួលបុរាណជាច្រើនទៀតនៅជុំវិញនោះ។ ប្រាសាទនេះត្រូវបានសាងសង់ឡើងដោយ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ នៅសតវត្សរ៍ទី១០ ឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា ដែលស្ថិតនៅក្នុងរចនាបថប្រែរូប។