ប្រាសាទគុកតាព្រហ្ម គឺជាកូនប្រាសាទតូចមួយមានចម្ងាយ ៩២ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និង៣៧ គីឡូម៉ែត្រពីក្រុងកំពង់ចាម ស្របតាមបណ្ដោយផ្លូវជាតិលេខ៧។ ដើម្បីទៅដល់ទីតាំងប្រាសាទនេះបាន គេត្រូវធ្វើដំណើរចេញពីទីប្រជុំជនស្គន់ប្រមាណ១០គីឡូម៉ែត្រ រួចបន្តដំណើររហូតដល់ផ្លូវដីលំក្រហមបំបែកឆ្ពោះទៅកាន់វត្តស្រង៉ែប្រហែល៥០០ម៉ែត្រនៅខាងស្ដាំដៃ នឹងឃើញប្រាសាទនេះជាក់ជាមិនខាន។ ប្រាសាទគុកតាព្រហ្មមានទីតាំងស្ថិតនៅក្នុង ភូមិស្រង៉ែ ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ប្រាសាទបុរាណមួយនេះកសាងអំពីថ្មបាយក្រៀមដោយមានទំហំ ២ម៉ែត្រ ៤ជ្រុង និងកម្ពស់២ម៉ែត្រ។ ប្រាសាទនេះគ្មានក្បាច់ចម្លាក់អ្វីទាំងអស់ គ្មានទ្វារបញ្ឆោត ផ្ដែរ ឬសសរពេជ្រអ្វីឡើយ ពោលជាសំណង់ប្រាសាទនេះមានលក្ខណៈបើកចំហទាំងអស់។