ប្រាសាទ ​តានៃ ខេត្តសៀមរាប

Post by admin

14:51 - 08/04/2024

Comment

ទេសចរជាតិ ដែលបានអញ្ជើញមកទស្សនាប្រាសាទបុរាណ ក្នុងក្រុមប្រាសាទវង់តូចនៃតំ បន់អង្គរ ភាគច្រើនតែងតែរំលងប្រាសាទតានៃ។ ចំណែកទេសចរអន្តរជាតិ ដោយសារកញ្ចប់សេវាកម្មមានកំណត់ ពួកគេមួយចំនួនធំ ក៏មិនងាយមានឱកាសបានទស្សនាប្រាសាទនេះដែរ។ កន្លងមកដោយសារពុំសូវមានទេសចរមកទស្សនាកុះករ ប្រាសាទតានៃបានក្លាយជាបុរាណស្ថានមួយ យ៉ាងសំខាន់សម្រាប់ទេសចរ ឬអ្នកសិក្សាស្វែងយល់អំពីសំណង់បុរាណដែលត្រូវការភាពស្ងប់ស្ងាត់។

តួប្រាសាទដែលឈរលម្អជាមួយនឹងគំនរថ្មបាក់បែក លាយឡំនឹងឫសឈើធំៗខ្លះ ព្រមទាំងមានដើមឈើដុះអមច្រូងច្រាង នៅបរិវេណខាងក្រៅប្រាសាទផងនោះ បានលើកសម្រស់បុរាណស្ថាននេះ ឲ្យកាន់តែទាក់ទាញក្រៃលែង។ ដោយសារប្រាសាទតានៃ ក៏ជាប្រាសាទមួយ ក្នុងចំណោមសំណង់ដែលកសាង ក្នុងរាជរបស់ព្រះបាទជយវម៌្មទេវ-ទី៧ (ព្រះរាជាខ្មែរសោយរាជ្យ នៅចន្លោះចុងសតវត្សទី១២ និងដើមទី១៣) ជំនាញខាងបុរាណវិទ្យា ក៏បានកំណត់ស្នាដៃសិល្បៈ និងស្ថាបត្យកម្មនេះ ចូលក្នុងរចនាបថបាយ័ន្ត។ កម្រិតបច្ចេកទេសមួយ ដែលគួរឲ្យកត់សម្គាល់ទៀតនោះ គឺផ្ទៃជញ្ជាំងនៃប្រាសាទនេះ ក៏មានការប្រើប្រាស់បាយអ ដើម្បីបៀកពាសពីលើថ្ម។ 

បើប្រៀបធៀបសំណង់នៅទីដទៃ ដែលកសាងនៅក្នុងរាជរបស់ព្រះរាជាអង្គនេះ ដូចជា ប្រាសាទព្រះខ័ន តាព្រហ្ម បន្ទាយក្ដីជាដើម ក៏ឃើញថាបច្ចេកទេស ក្នុងការប្រើប្រាស់បាយអមានលក្ខណៈប្រហាក់ប្រហែលគ្នា គឺកម្រាស់ប្រមាណពី១ ទៅ៣មីលីម៉ែត្រ ហើយក៏មានការប្រើប្រាស់ពណ៌ សម្រាប់លម្អដូចគ្នាដែរ។ ដ្បិតប្រាសាទជាច្រើន ក្នុងរាជព្រះបាទជយវម៌្មទេវ-ទី៧ ជាទេវស្ថាន ឧទ្ទិសដល់ពុទ្ធសាសនាមហាយាន តែបើយោងតាមលក្ខណៈបដិមាសាស្ត្រ នៃចម្លាក់មួយចំនួនដែលឆ្លាក់លម្អនៅតាមហោជាង និងផ្ទៃជញ្ជាំងនៃប្រាសាទនេះ ក៏មានការបង្ហាញ អំពីសម្រង់ពុទ្ធប្រវត្តិ និងទសជាតកខ្លះ ដូចផ្ទាំងគំនូរដែលលម្អនៅតាមវត្តពុទ្ធសាសនាថេរវាទដែរ។ ចម្លាក់ទាំងនេះមានជាអាថ៌ ការយាងចេញសាងព្រះផ្នួសរបស់ព្រះបាទសិទ្ធត្ថ សីលានិសង្សជាតក និងព្រះវេស្សន្តរជាតកជាដើម។
 
ដោយសារតំបន់អង្គរ ជាបេតិកភណ្ឌពិភពលោក ដូចនេះកិច្ចការអភិរក្សជាលក្ខណៈអន្តរជាតិ បានប្រព្រឹត្តទៅយ៉ាងសកម្ម ដែលក្នុងនេះប្រទេសជប៉ុន ក៏បានចូលរួមតាមរយៈវិទ្យាស្ថានស្រាវជ្រាវជាតិនៃទីក្រុងតូក្យូ ដើម្បីសម្បត្តិវប្បធម៌ ជាមួយអាជ្ញាធរដែលគ្រប់គ្រងតំបន់អង្គរ ក្នុងការប្រតិបត្តិគម្រោងមួយ ឈ្មោះថា “គម្រោងអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពប្រាសាទតានៃ”។ 
 
ដើម្បីមកទស្សនាប្រាសាទតានៃ ទេសចរអាចធ្វើដំណើរតាមផ្លូវវង់តូច។ ពេលមកដល់បន្ទប់ទឹកសាធារណៈមួយ ដែលនៅចម្ងាយប្រមាណ៥០០ម៉ែត្រ ពីកំពែងខាងជើងនៃប្រាសាទតាព្រហ្ម សូមបន្តដំណើរតាមផ្លូវលំ ដែលស្ថិតនៅក្បែរបន្ទប់ទឹកនោះ ឆ្ពោះទៅទិសខាងជើងចម្ងាយប្រមាណជាង១គីឡូម៉ែត្រតែប៉ុណ្ណោះ៕
 

📌ផែនទី៖ https://maps.app.goo.gl/B3GoKyavDkqsUtXK8