ប្រាសាទតាព្រហ្មស្ថិតនៅរមណីយដ្ឋានទនេ្លបាទីក្នុងភូមិសាស្រ្ត ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានចម្ងាយ ៣៤គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ ២។ ប្រាសាទនេះសង់ឡើងនៅសតវត្សរ៍ទី ១២ និង ដើមសតវត្សរ៍ទី ១៣ ពីឆ្នាំ ១១៨១ ដល់ឆ្នាំ ១២០១ ធ្វើពីថ្មភក់ប្រកបដោយក្បូរក្បាច់រចនាដ៏វិចិត្រ ប្រហាក់ប្រហែលនឹងប្រាសាទតាព្រហ្មនៅខេត្តសៀមរាបដែរព្រោះស្ថាបត្យកម្មនេះស្ថិត នៅក្នុងរចនាបថបាយ័ន នារជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលជាអធិរាជនៃចក្រភពកម្ពុជទេស។ ប្រាសាទនេះមានបរិវេណទំហំបណ្តោយ ១៥០ម៉ែត្រ និងទទឹងប្រវែង ៩៥ម៉ែត្រ និងប្រាសាទមានកម្ពស់ ១២ម៉ែត្រ។ នៅប្រាង្គកណ្តាលមានផ្តែរជារូបព្រះពុទ្ធចូលនិពាន ដែលរូបចម្លាក់នេះឆ្លាក់នៅសម័យក្រោយគឺនៅសតវត្សរ៍ទី១៦ ក្នុងរជ្យព្រះបាទចន្ទរាជាទី១។បន្ទាប់ពីបញ្ចប់សឹកសង្រ្គាមជាមួយដែនដីចម្ប៉ារំដោះបានរាជធានីអង្គរ និងមាតុភូមិ ជាស្ថាពរមកព្រះបាទជ័យវរ្ម័នទី៧ ចាប់ផ្តើមធ្វើការបង្រួបបង្រួមជាតិតាមមាគ៌ាសន្តិភាពនូវភាវូបនីយកម្មដោយបន្ស៊ីភ្ជាប់គ្នារវាងព្រះពុទ្ធសាសនាមហាយាន និងព្រហ្មញ្ញសាសនាគោរពអាទិទេពទាំង៣ ឬត្រីម៌ូតិ។