ពិធីបុណ្យចូលឆ្នាំខ្មែរ

Post by admin

15:51 - 05/03/2024

Comment

មនុស្ស​គ្រប់​ជាតិ​សាសន៍ តែង​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថ្មី​ដែល​ជា​ប្រពៃណី​របស់​ប្រជាជាតិ​រៀងៗ​ខ្លួន។ គ្រាន់​តែ​គេ​និយម​កំណត់​ពេល​វេលា​នៃ ការរៀបចំ​បុណ្យ​នេះបែ្លកៗ​​គ្នា​ស្រប​ទៅ​តាម ជំនឿ​ទំនៀម​ទម្លាប់ និង​ប្រពៃណី​របស់​គេ​ប៉ុណ្ណោះ។ ជនជាតិ​ខ្មែរ​យើង ក៏​មាន​ប្រវត្តិ​ធ្វើ​បុណ្យចូលឆ្នាំ​តាំង​ពី​បុរាណកាល​ជា​រៀង​រាល់​ឆ្នាំ​រហូត​មក ។ យើង​​បាន​ប្រទះ ​ឃើញ​ឯកសារ​ជាច្រើន ដែល​និយាយ​ពី​ពិធី​បុណ្យចូលឆ្នាំ​និង​ឧស្សាហ៍ បាន​ស្តាប់​ការនិទានរឿង​របស់​ចាស់ទុំ​ជា​ច្រើន។

ប្រវត្តិ

មាន​តំណាល​ថា នៅ​ដើម​នៃ​ភទ្ទកប្បមាន សេដ្ឋី​ម្នាក់​ មាន​បុត្រ​មួយ ឈ្មោះ​ធម្មបាលកុមារ ជា​អ្នក​មាន​​ចំណេះវិជ្ជា​ដ៏​វិសេស បាន​​រៀនចេះចប់គម្ពីរ​ត្រីវេទ​តាំងពី​អាយុ​បាន ៧ ឆ្នាំ ។ សេដ្ឋី​បិតា​បាន​សាងប្រាសាទ​ឲ្យ ធម្មបាលកុមារ ​នៅ​ទៀប​ដើម​ជ្រៃ​មួយ​ធំ នៅ​ឆ្នេរ​ទន្លេ ដែល​ជា​ទី​ស្នាក់​អាស្រ័យ នៃ​បក្សី​ទាំង​ឡាយ ។ ​ធម្មបាល​កុមារ​ ចេះ​​ទាំង​ភាសាបក្សី ទាំង​ពួង​ផង ព្រម​ទាំង​​អាច​ធ្វើ​​ជា​​អាចារ្យ​សម្ដែង​មង្គល​ផេ្សង​ៗ ​ដល់​មនុស្ស​ទាំង​ពួង​ផង​។ គ្រា​នោះ​ មនុស្ស​លោក​រមែង​រាប់​អាន​មហាព្រហ្ម និង ​កបិលមហាព្រហ្ម ១ អង្គ​ទៀត​ដែល​ជា​អ្នកសម្ដែង​មង្គល​ដល់​មនុស្ស​ទាំង​ពួង ។ ពេល​នោះ​ កបិលមហាព្រហ្ម បាន​ជ្រាប​ព័ត៌‌មាន​ក៏​ចុះ​មក​សួរ​បញ្ហា នឹង​ធម្មបាលកុមារ ចំនួន ៣​ ប្រស្នា ដោយ​សន្យា​​ថា ប្រសិន​បើ​ ធម្មបាលកុមារ ​អាច​​ដោះ​ប្រស្នា​បាន កបិលមហាព្រហ្ម​ ​នឹង​កាត់ព្រះសិរសា​​ទ្រង់ដើម្បី បូជាចំពោះធម្មបាលកុមារ ប៉ុន្តែ​ប្រសិន​បើ​ ធម្មបាលកុមារ​មិន​អាច​ដោះ​ស្រាយ​ប្រស្នា​នោះ​​រួច កបិលមហាព្រហ្ម​នឹង​​​កាត់​ក្បាល​ធម្មបាល​កុមារ​វិញ ។ ធម្មបាល​កុមារ​សុំ​ឲ្យ​ពន្យារ​ពេល​ចំនួន ៧ ​ថ្ងៃ​សិន​ដើម្បី​គិត​ប្រស្នា​។ លុះ​កន្លង​ទៅ ៦​ ថ្ងៃ​ហើយ​ក៏​ធម្មបាល​កុមារ​​នៅ​តែ​គិត​មិន​ឃើញ​ និង​ដឹង​ខ្លួន​ថា​ព្រឹក​នេះ​នឹងត្រូវ​ស្លាប់​ដោយ​អាជ្ញា​កបិល​មហាព្រហ្ម​ជា​ប្រាកដ​ ។ ដូច្នេះ ​គួរ​តែ​រត់ ទៅ​លាក់​ខ្លួន ពួន​អាត្មា​ឲ្យ​ស្លាប់​ដោយ​ខ្លួន​ឯង​ប្រសើរ​ជាង ។ ទើប​ធម្មបាល​កុមារ​​ចុះ​ពី​ប្រាសាទ​ទៅ​ដេក​ពួន​នៅក្រោម​ដើមត្នោត​មួយ​គូ ។ នៅ​លើ​ដើម​ត្នោត​នោះ មាន​សត្វឥន្ទ្រី​ញី​ឈ្មោល​ធ្វើ​សំបុក អាស្រ័យ​នៅ ។ វេលា​យប់ សត្វ​​ឥន្ទ្រី​ញី​សួរ​សត្វ​​ឥន្ទ្រី​ឈ្មោល​ថា ព្រឹកនេះ​យើង​បាន​អាហារ​អ្វី​ធ្វើ​ជា​ចំណី? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា យើង​នឹង​ស៊ី​សាច់​ធម្មបាល​កុមារ ដែល​ត្រូវ​នឹង​កបិលមហាព្រហ្ម​សម្លាប់ ព្រោះ​ធម្មបាល​កុមារ​ដោះ​ប្រស្នា​មិន​រួច ។ ឥន្ទ្រី​ញី​សួរ​ថា ប្រស្នា​នោះ​ដូច​ម្ដេច​ ? ឥន្ទ្រី​ឈ្មោល​ឆ្លើយ​ថា : វេលា​ព្រឹក​សិរី​សួស្ដី​ស្ថិត​នៅ​ត្រង់​ណា ? ត្រូវ​ឆ្លើយ​ថា នៅលើ​ផ្ទៃ​​មុខ ។ ហេតុ​នេះ​ទើប​មនុស្ស​​ទាំងឡាយ​ត្រូវ​យក​ទឹក​លប់​មុខ ។ ប្រស្នា​ទី ២ ចោទ​​ថា ថ្ងៃ​ត្រង់​សិរី​ស្ថិត​នៅ​ត្រង់ណា ? ត្រូវ​ឆ្លើយ​ថា នៅ​លើ​ទ្រូង ។ ​ហេតុ​នោះ​ទើប​មនុស្ស​ត្រូវ​យក​ទឹក​លាង​ទ្រូង ។ ប្រស្នា​ទី ៣ ចោទ​ថា វេលា​ល្ងាច​សិរី​ស្ថិត​នៅ​ត្រង់​ណា ? ត្រូវ​ឆ្លើយ​ថា នៅ​នឹង​ជើង ។ ​ហេតុ​នោះ ទើប​មនុស្ស​ទាំង​ឡាយ​ត្រូវ​យក​ទឹក​លាង​ជើង​ ។ ធម្មបាល​កុមារ​បាន​ឮ​ដូច្នេះ ក៏​ត្រឡប់​ទៅ​ប្រាសាទ​វិញ ។ លុះ​ព្រឹក​ឡើង ​កបិល​មហាព្រហ្ម​ ក៏​មក​សួរ​ប្រស្នា​ ធម្មបាល​កុមារ ។ ធម្មបាល​កុមារ​ ឆ្លើយ​ដោះស្រាយ តាម​ដែល​បាន​ឮ​​មក ។ កបិលមហាព្រហ្ម ក៏​ទទួល​ថា​ពិត​ជា​ត្រឹម​ត្រូវ, ព្រម​ចុះ​ចាញ់ និង​ សុខ​ចិត្ត​ធ្វើ​តាម​ពាក្យ​សន្យា​របស់​ខ្លួន ។ កបិលមហាព្រហ្ម ហៅ​ទេពធីតា​​ទាំង ៧​ អង្គ ​ដែលជា បាទ​បរិចាវិកា ​ព្រះឥន្ទ្រ មក​ប្រាប់​ថា ឥឡូវ​បិតា​ត្រូវ​កាត់ព្រះសិរសា​ដើម្បីបូជាចំពោះ​ធម្មបាលកុមារ តែ​បើ​ដាក់​ក្បាល​នោះ​លើ​ផែនដី នោះ​នឹង​កើត​ជា​ភ្លើង​ឆេះ​ទាំង​លោក​ធាតុ បើ​បោះ​ទៅ​លើអាកាស​ នឹង​នាំ​ឲ្យ​រាំង​ភ្លៀង ​បើ​ចោលក្នុង​មហាសមុទ្រ​នោះទឹកនឹង​រីង​ស្ងួត​ហួត​អស់ ។ ដូច្នេះ​សូម​ឲ្យ​កូន​ទាំង ៧​ អង្គ យកពាន​មក​ទទួលព្រះសិរសាបិតា ។ ពោល​រួច ​ព្រះអង្គក៏​កាត់ព្រះសិរសា​ហុចទៅ​ឲ្យព្រះនាង​ ទុង្ស ​ជា​កូន​ច្បង ។ ព្រះនាង​ ទុង្ស ក៏បាន​យក​ពានមក​ទទួលព្រះសិរ​សាបិតា រួច​ហែ​ប្រទក្សិណ​​ភ្នំព្រះសុមេរុ ៦០ ​នាទីទើប​យាង​​ទៅ​ប្រតិស្ឋានទុក ក្នុង​មណ្ឌលេះ​​នៅ​ក្នុង​គុហាគន្ធមាលី នា​ភ្នំកៃលាស និង​បូជា​គ្រឿង​ទិព្វ​ផេ្សងៗ ។ ព្រះវិស្សកម្មទេវបុត្រ ក៏​និមិត្ត​រោង​ទិព្វធ្វើពី​កែវ ៧ ​ប្រការ ឈ្មោះ​ថា "ភគវតីសភាសាលា" ឲ្យ​ជា​ទីប្រជុំ​នៃ​ទេវតា ។ លុះ​ដល់​គម្រប់ ១ឆ្នាំជា សង្ក្រាន្តត ​នាង​ទេពធីតា​ទាំង ៧ អង្គ ​ក៏​ផ្លាស់​វេនគ្នា មក​អញ្ជើញ ព្រះសិរ​សាកបិល​មហា​ព្រហ្ម ចេញ​មក​ហែ​ប្រទក្សិណ ភ្នំព្រះសុមេ​រុ​ជារៀងរាល់ៗ​ឆ្នាំ រួច​​ហើយ​យាង​​ត្រឡប់​ទៅ​ស្ថាន​ទេវលោកដើម្បីតម្កល់​វិញ។

ទំនៀមចូលឆ្នាំ

ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ ថ្ងៃ ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ​ វនបត, ថ្ងៃទី៣ ជាថ្ងៃ​ឡើង​ស័ក ។ រីឯការ​កំណត់​​ខែ ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​​ដោយ​​​ប្រើ​​ក្បួន​ហោរាសាស្ត្រ​​បុរាណ​ គឺ​​ក្បួន​មហាសសង្ក្រាន្តត ​។

តើ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​របស់​ខ្មែរ​យើង​ត្រូវ​លើ​ខែ​ណា ? ថ្ងៃ​ណា ? ចាប់​ពី​សម័យ​​ក្រុង​នគរធំ​​មក​ ​ប្រទេស​ខ្មែរ​​​ប្រើ​វិធី​គិត​​រាប់​ថ្ងៃ​ខែ​ឆ្នាំ​តាម​ក្បួន ​​ចន្ទគតិ (lunar calendar) (វិធី​ដើរ​នៃ​ព្រះចន្ទ) ទើប​​ខ្មែរ​កំណត់​យក​ខែ​ មិគ​សិរ ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែទី​ ១ ខែកក្តិក ជា​ខែ​ទី ១២ ។ សម័យ​ក្រោយ​​មក ​​ប្រទេស​ខ្មែរ​ប្តូរ​ទៅ​​​ប្រើ​​វិធី​គិត​រាប់​ថ្ងៃ​ខែ​ឆ្នាំ​តាម​ក្បួន​ សុរិយគតិ (solar calendar) (វិធី​ដើរ​នៃ​ព្រះអាទិត្យ) ។ ពេល​នោះ​ហើយ​ដែល​ខ្មែរ​​កំណត់​​ចូល​ឆ្នាំ​​ក្នុង​​ខែ ចេត្រ (ខែទី ៥) ព្រោះ​ក្នុង​ខែ​នេះ​ ​ព្រះអាទិត្យ​ធ្វើ​ដំណើរ​ចេញ​ពី​ មីនរាសី ​​ចូល​កាន់ ​មេ​សរាសី ។ ​ថ្ងៃ​ចូល​ឆ្នាំរ​មែង​ត្រូវ​លើថ្ងៃ​ទី ១៣ នៃខែ​ មេសា (ចេត្រ) រៀង​រាល់ឆ្នាំ ប៉ុន្តែ​យូរៗ​ទៅ​មាន​ភ្លាត់​ម្តងៗ ចូល​ឆ្នាំ​ក្នុង​ថ្ងៃទី ១៤ ក៏មានខ្លះដែរ ។ មហាសសង្ក្រាន្តត ​ដែល​ប្រើ​របៀប​គន់គូរ​តាម ​សុរិយគតិ​ មាន​ឈ្មោះ​ថា «សាមញ្ញសសង្ក្រាន្តត» (ព្រះអាទិត្យ​ដើរ​ត្រង់​ពី​លើ​ក្បាល​ជា​ សង្ក្រាន្តត) ។ មហាសង្ក្រាន្តត​ ដែល​ប្រើ​របៀប​គន់​គូរ​តាម ​ចន្ទគតិ ​ហៅថា «អាយន្តសង្ក្រាន្តត» (ពេល​ដែល ​ព្រះអាទិត្យ ​ដើរ​បញ្ឈៀង ​មិន​ត្រង់​ពី​លើ) ។ គេ​នៅ​ប្រើ​ ចន្ទ​គតិ ​ដោយ​យោង​ទៅ​ ​សុរិយគតិ ព្រោះ​ ចន្ទគតិ​ មាន​ទំនាក់ទំនង​នឹង​ ពុទ្ធប្បញ្ញត្តិ ​ច្រើន ។ ចំណែក​ឯ ​ថ្ងៃ​ចូលឆ្នាំ​តាម ​ចន្ទគតិ​ មិន​​ទៀង​ទាត់​ ជួន​កាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួនកាល​​ក្នុង​វេលា​រនោច​ ។ ប៉ុន្តែ​ នៅ​ក្នុង​រវាង ​១ ​ខែ គឺ​មិន​មុន​ថ្ងៃ ៤​កើត ខែ​ ចេត្រ និង ​មិន​ហួស​ថ្ងៃ ៤ ​កើត ខែ ​ពិសាខ ​ទេ ។ ដូចនេះ​ សង្ក្រាន្តត ​ខ្លះ​ធ្លាក់​ទៅ​ក្នុង​ខែ ​ពិសាខ ។

            ចំពោះ​ពិធី​ផ្សេងៗ​ខ្មែរ​យើង​មាន​រៀបចំ​តាម​ប្រពៃណី​ដូច​ត​ទៅ ៖ ​ពេល​មុន​ចូល​ឆ្នាំ ​គេ​នាំ​គ្នា​ប្រុង​ប្រៀប រក​ស្បៀង​អាហារ​, សំអាត​ផ្ទះ​សម្បែង, រែក​ទឹក​ដាក់​ពាង, រក​អុស​ទុក, និង ​កាត់​សំលៀក​បំពាក់​ថ្មីៗ ​ជា​ដើម ។ ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់​ គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ សំរាប់​ទទួល​ទេវតា​ថ្មី​មាន ៖ បាយ​សី​ ១គូ, ស្លា​ធម៌​ ១​គូ, ធូប​​ ៥, ទៀន ​៥, ទឹកអប់ ​១​គូ, ផ្កា​ភ្ញី, លាជ, ទឹក​ ១ ​ផ្តិល និង​ ភេសជ្ជៈ, នំនែក, ផ្លែ​ឈើ​គ្រប់​មុខ ​។ ចំណែក​​ផ្ទះ​​សម្បែង ​គេ​តុបតែង​រំលេច​ដោយ​អំពូល ​អគ្គិសនី​ខ្សែ​តូចៗ ​ចម្រុះ​​ពណ៌ ឬ​ចង្កៀង​គោម គ្រប់​ពណ៌​ សំរាប់​ទទួល​ទេព្តា​ថ្មី​ ។ លុះ​ដល់​វេលា​កំណត់​ ទេព្តាថ្មី​យាង​មក គេ​នាំ​កូន​ចៅ​អង្គុយ​ជុំ​គ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការៈ​នោះ ហើយ​អុជ​ទៀន ធូប​បាញ់​ទឹកអប់ បន់​ស្រន់​ សុំ​សេចក្តី​សុខ​ចម្រើន ​គ្រប់​ប្រការ ​ពី​ទេព្តា​ថ្មី ។ ចំពោះ​គ្រឿង​សក្ការៈ ​និង ​ក្រយា​ស្ងើយ ​ដាក់​ថ្វាយ​ទេព្តោ​នាះ គេ​និយម​តម្រូវ​​តាម​ចិត្ត​ទេវតា​ដែល​នឹង​​ចុះ​ក្នុង​ឆ្នាំ​នីមួយៗ ​។ ឧទាហរណ៍ ៖ បើ​ទេវតា​ដែល​ត្រូវ​ចុះ​មក​នោះ​សោយ​ល្ង សណ្តែក គេ​ដាក់​សណ្តែក ល្ង ថ្វាយ ថ្វាយ ។ រី​ឯ​ពិធី ៣ ​ថ្ងៃ​ នៃ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​គឺ ៖

·         ថ្ងៃទី ១ ៖ គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ។ ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​ វា​លុក​ចេតិយ ​នៅ​ជុំវិញ​ព្រះវិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ​ណា​មួយ​នៅ​ក្នុង​វត្ត​នោះ ។ នៅ​ពេល​ព្រលប់​ គេ​ប្រគេន​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​ព្រះ​សង្ឃ​ចម្រើន​ព្រះបរិត្ត និង​ សំដែង​ធម្ម​ទេសនា ។

·         ថ្ងៃទី ២ ៖ កូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំណី លុយ​កាក់ ​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជី​ដូន​ជីតា ​ជា​ដើម ។ ជួន​កាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បម្រើ ឬ​អ្នកក្រីក្រ​ទៀត​ផង ។ ពេល​រសៀល​ គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ចូឡាមនីចេតិយ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណ​ក្ខន្ធ​បង​​ប្អូន ដែល​បាន​ស្លាប់​ទៅ ។

·         ថ្ងៃទី ៣ ៖ ពេល​ព្រឹក​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំខ្សាច់ ។ ពេល​ល្ងាច ​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់ព្រះពុទ្ធរូប (តាម​ការ​និយម​នៃស្រុក​ខ្លះ) ។ នៅ​ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ​ជា​ច្រើន ដូច​ជា​លេង បោះ​អង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ លាក់​កន្សែង ចាប់​កូន​ខ្លែង​ជា​ដើម និង ​មាន​របាំត្រុដិ (ច្រើន​មាន​នៅខេត្តបាត់ដំបង សៀមរាប) ជា​ពិសេស​ទៀត​គឺ​រាំ​វង់​ តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ ។ អ្នក​​ខ្លះ​និយម​នាំ​គ្នា​ដើរ​​កំសាន្ដ​បន្ត អ្នក​ខ្លះ​និយម​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម ។