ភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ

Post by admin

08:04 - 27/03/2024

Comment

តំបន់បេតិភណ្ឌធម្មជាតិភ្នំត្បែងមានជ័យ ក៏ជាទីកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយប្រចាំខេត្តព្រះវិហារផងដែរ ដែលសម្បូរទៅដោយធនធានធម្មជាតិ ព្រៃភ្នំ ​និងទឹកជ្រោះតូចធំយ៉ាងស្រស់បំព្រង ។ ដើម្បីឡើង​ដល់​កំពូល​ភ្នំនេះ អ្នក​ទេសចរ ត្រូវធ្វើ​ដំណើរ​តាម​ជម្រាល​ភ្នំ ដែល​អមទៅដោយ​ទេសភាព​ព្រៃភ្នំ ចម្ការដំណាំធំល្វឹងល្វើយ ​ឆ្ងាយដាច់​កន្ទុយ​ភ្នែក ជាពិសេសគឺត្រូវដើរ​ឡើងភ្នំ​ដែលមាន​កម្ពស់​ជាង ៤០០​ម៉ែត្រ និងមាន​កាំ​ជណ្តើរ ដល់ទៅ ១៨០០​ កាំ។ ​ហើយពេលឡើងទៅដល់ លោកអ្នកនឹងប្រទះទេសភាពជុំវិញខៀវស្រងាត់ ពពកអ័ព្ទអណ្តែតមីដេដាស ពាសពេញកំពូលភ្នំ ​ជាពិសេសគឺមានទឹកជ្រោះឱ្យកម្សាន្តជាច្រើនកន្លែងផងដែរ។ទឹក​ធ្លាក់​ភ្នំ​ត្បែង​​ ឬ​ទឹក​ធ្លាក់​តាម៉ា​ភ្នំ​ត្បែង​ ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិបេងកោង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ដែលមានចំងាយប្រមាណជា ១៥គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ តំបន់ភ្នំ​ត្បែង​ ខេត្ត​ព្រះវិហារ ពិតជាមានធនធានធម្មជាតិ​ ​ដ៏​ស្រស់អស្ចារ្យ​ ដែលភ្ញៀវទេសចរទាំងឡាយកម្របានឃើញណាស់ ហើយអាជ្ញាធរខេត្ត និង ស្ថាប័នពាក់ព័ន្ធមួយចំនួនបានប្រែក្លាយទីនោះ ​​ឱ្យទៅ​ជា​តំបន់​ទេសចរណ៍ ដ៏ពេញនិយមមួយ ដែលជាឋានសួគ៌របស់ភ្ញៀវទេសចរ ក្នុងនោះ ទឹក​ធ្លាក់​ចក្រវិល ក៏ជាចំណុចទាក់ទាញបំផុត ដែលគេមិនអាចមើលរំលងបានឡើយ ។

📌ផែនទី៖ https://maps.app.goo.gl/adEVSJjYxcRr5y697