ភ្នំម្រេចកង្កែបកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមប្រចាំតំបន់អារ៉ែង ដោយ សារតំបន់នេះមានព្រៃក្រាស់ៗរាប់ម៉ឺនហិកតា ប្រៀបបាននឹងឋានសួគ៌លើដី ។
លោក សាគុណ ភក្តី អនុប្រធានការិយាល័យព័ត៌មានទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានប្រាប់វិទ្យុជាតិកម្ពុជាថា ភ្នំម្រេចកង្កែប គ្រប់ដណ្ដប់ដោយព្រៃទឹកភ្លៀង និងជីវចម្រុះដ៏កម្រជាច្រើនប្រភេទ ដែលបានធ្វើឱ្យទីតាំងបែបនេះ ក្លាយជាតំបន់រមណីយដ្ឋានបែបធម្មជាតិគ្រប់រដូវកាល ហើយនៅពេលភ្ញៀវទេសចរ បានទៅដល់ពយម្រេចកង្កែប គឺពួកគាត់បានបោះតង់ ឬ ចងអង្រឹងសម្រាកក្រោមដើមឈើដ៏ត្រជាក់ល្ហឹមគ្រប់រដូវកាល។
លោកបន្តថា ភ្ញៀវទេសចរដែល មានបំណងទៅកម្សាន្តនៅទីនោះ អាច ទំនាក់ទំនងទៅសហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង ដោយប្រជាសហគមន៍ មានផ្តល់សេវាកម្មទេសចរណ៍ ដូចជា ការរៀបចំម្ហូបអាហារ ការផ្តល់សុវត្ថិភាពនិងការនាំផ្លូវ ដើម្បីបង្កលក្ខណៈងាយស្រួលជូនភ្ញៀវទេសចរ ។
លោកបន្ថែមថា តំបន់នេះនៅពេលព្រឹកព្រលឹម ទេសភាព បែបធម្មជាតិបានទាក់ទាញចិត្តភ្ញៀវទេសចរឱ្យអស់កង្វល់បន្ទាប់ពីបានឃើញផ្ទាំងពពកជាច្រើន គ្រប់ដណ្ដប់លើភូមិឋាន និងចម្ការដំណាំរបស់បងប្អូនជនជាតិដើមភាគតិច នៃតំបន់អារ៉ែង ។
« ភ្នំម្រេចកង្កែបមានទីតាំងក្នុងសហគមន៍អេកូទេសចរណ៍ស្ទឹងអារ៉ែង អ៊ីចឹងកន្លែងនោះគឺផ្ដោតទៅលើលក្ខណៈបែប Adventure Trip ភ្ញៀវទេសចរដែលបានឡើងទៅដល់លើនោះ ត្រូវគេងនៅទីនោះមួយយប់ឬក៏ពីរយប់ ដូច្នេះសក្តានុពលទេសចរណ៍នៅទីនោះ បានធ្វើឱ្យយើងភ្ញាក់ឡើងនៅពេលព្រឹក គឺមានអារម្មណ៍ស្រស់ស្រាយខ្លាំងមែនទែន ដោយសារនៅលើភ្នំនេះពោរពេញទៅដោយខ្យល់អាកាសបរិសុទ្ធ ដែលភ្ញៀវ ទេសចរអាចបោះតង់នៅកន្លែងពយម្រេចកង្កែបនោះ ព្រោះយើងឡើងទៅមិនដល់កំពូល ភ្នំទេ នៅត្រឹមចង្កេះភ្នំ ដែលនៅចង្កេះភ្នំនោះគឺមានថ្មមួយដុំ ដែល យើងអាចបោះតង់គេងបាន ដែលហៅថាពយម្រេចកង្កែប នោះ»។
សូមបញ្ជាក់ថា ភ្នំម្រេចកង្កែបមានទីតាំងស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដែលមានចម្ងាយជាង៤គីឡូម៉ែត្រពីសាលាបឋមសិក្សាជំនាប់ ដោយភ្ញៀវទេសចរត្រូវធ្វើដំណើរថ្មើរជើងកាត់ព្រៃដែលសម្បូរទៅដោយដើមឈើធំៗ និងជម្រាលភ្នំ ដែលត្រូវចំណាយពេលប្រមាណជិត២ម៉ោងទើ៩បទៅដល់ទីនោះ ៕
Google Map:https://maps.app.goo.gl/6E8X1psYRFhgiJkM8