មន្ទីពេទ្យ តេជោសន្តិភាព នៅភ្នំពេញ

Post by admin

08:08 - 06/03/2024

Comment

​មន្ទីរពេទ្យ​ជាតិ​តេជោ​សន្តិភាព​ដែល​ជា​មន្ទីរពេទ្យ​ជាតិ​ដ៏​ធំ​និង​ទំនើប​នៅ​ភ្នំពេញ​បាន​សម្ពោធ​ដាក់​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ​ក្រោម​អធិបតី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​​ ​បន្ទាប់​ពី​មន្ទីរពេទ្យ​មួយ​នេះ​បាន​បើក​ដំណើរ​ការ​សាកល្បង​ផ្ដល់​សេវា​ព្យាបាល​ជូន​អ្នកជំងឺ​កាល​ពី​កំលុង​ខែ​មេសា​ កន្លង​ទៅ​។​

​មន្ទីរពេទ្យ​ជាតិ​ដ៏​ធំ​មួយ​នេះ​ត្រូវ​បាន​សាងសង់​លើ​ផ្ទៃដី​ទំហំ​៧​.​៥​៨​ហិកតា​ស្ថិត​ក្នុង​សង្កាត់​គោក​រកា​ ​ខណ្ឌ​ព្រែក​ព្នៅ​ ​រាជធានី​ភ្នំពេញ​ ​ក្រោម​គំនិត​ផ្ដួច​ផ្ដើម​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​នៅ​ក្នុង​កំលុង​ពេល​ដែល​កម្ពុជា​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ហើយ​គ្មាន​មន្ទីរពេទ្យ​គ្រប់គ្រាន់​សម្រាប់​ទទួល​ការ​ព្យាបាល​អ្នក​ជំងឺ​។​

​មន្ទីរពេទ្យ​ជាតិ​តេជោ​សន្តិភាព​មាន​សមត្ថភាព​ទទួល​ព្យាបាល​អ្នក​ជំងឺ​ទូទៅ​ប្រមាណ​មួយ​ម៉ឺន​នាក់​។​

​លោក​ ​សួន​ ​សា​មិត្ត​ ​ប្រធានមន្ទីរ​ពេទ្យ​ជាតិ​តេជោ​សន្តិភាព​ ​បាន​ប្រាប់​ខ្មែរ​ថា​ម​ស៍​ពីម្សិលមិញ​ថា​ ​មន្ទីរពេទ្យ​ជាតិ​តេជោ​សន្តិភាព​ត្រូវ​បាន​កសាង​ឡើង​ជាមួយនឹង​ការ​បំពាក់​បំពាក់​ស​ម្ភារៈ​និង​បរិក្ខារ​វេជ្ជសាស្ត្រ​ទំនើប​ចុងក្រោយ​ស្រប​តាម​លក្ខណៈ​ស្តង់​ដារ​សម្រាប់​បម្រើ​ការពិនិត្យ​និង​ព្យាបាល​ជូន​ប្រជាជន​។​

​លោក​បន្ត​ថា​ ​ដោយសារតែ​មន្ទីរពេទ្យ​ទើប​តែ​បង្កើត​ឡើង​ ​ដូច្នេះ​ការ​បំពាក់​ស​ម្ភារៈ​និង​បរិក្ខារ​វេជ្ជសាស្ត្រ​ទំនើប​ចុងក្រោយ​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​ ​ប៉ុន្តែ​ខាង​មន្ទីរពេទ្យ​នឹង​បំពាក់​បន្ថែម​នៅ​ពេលក្រោយ​ទៀត​។​

​លោក​បាន​និយាយ​បន្ត​ឱ្យ​ដឹង​ថា​៖​ ​«​យើង​មាន​បុគ្គលិក​សុខាភិបាល​គ្រប់គ្រាន់​សម្រាប់​បម្រើ​ការ​នា​ពេល​បច្ចុប្បន្ន​ ​ប៉ុន្តែ​នៅ​ពេលដែល​យើង​ពង្រីក​វិសាលភាព​ព្យា​យ​បាល​ ​គឺ​យើង​ត្រូវ​បុគ្គលិក​បន្ថែម​ទៀត​»​។​

​លោក​ ងី ​មាន​ហេង​ ​ប្រធានមន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ ​បាន​បញ្ជាក់​ថា​ ​តាមដែល​លោក​ដឹង​អំពី​មន្ទីរពេទ្យ​ជាតិ​តេជោ​សន្តិភាព​បំពាក់​ដោយ​ស​ម្ភារៈ​និង​បរិក្ខារ​វេជ្ជសាស្ត្រ​ទំនើប​ខ្លាំង​ណាស់​ ​ពោល​គឺ​ទំនើប​មិនចាញ់​នឹង​មន្ទីរពេទ្យ​ជាតិ​ដទៃ​ទេ​។​

​លោក​និយាយ​ថា​ ​ភាព​ទំនើប​របស់​វា​ ​គឺ​ប្រហាក់ប្រហែល​ឬ​អាច​ទំនើប​ជាង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត​។​ ​មន្ទីរពេទ្យ​នេះ​សម្រាប់​ព្យាបាល​ជំងឺ​ទូទៅ​ ​ដែល​មាន​សមត្ថភាព​ទទួល​អ្នកជំងឺ​ប្រមាណ​មួយ​ម៉ឺន​គ្រែ​។​

​លោក​បាន​មានប្រសាសន៍ថា​៖​ ​«​តាម​ផែនការ​ ​មន្ទីរពេទ្យ​នេះ​បង្កើត​ឡើង​ដើម្បី​ត្រៀម​ឆ្លើយ​តប​នឹង​ជំងឺរាតត្បាត​ផ្សេងៗ​»​។​

​លោក​ ​ហ៊ុន​ ​សែន​ ​បាន​ថ្លែង​ក្នុង​ដំណើរ​ការពិនិត្យ​ការ​សាង​សង់​មន្ទីរពេទ្យ​ជាតិ​តេជោ​សន្តិភាព​កាលពីដើម​ឆ្នាំ​ថា​ ​ការ​សាងសង់​នោះ​ជា​ការ​សង់​បែប​ទំនើប​ ​ដែល​អគារ​បាន​ផ្ដល់​បរិយាកាស​ល្អ​សម្រាប់​ដល់​អ្នកជំងឺ​។​ ​

បន្ថែម​លើ​នេះ​ ​អគារ​បាន​បំ​ពាប់​សព្វគ្រប់​តាមរបៀប​ទាន់សម័យ​ ​ហើយ​ផ្ដល់​ការ​ពិគ្រោះ​ជាមួយ​ជំងឺ​តាម​អន​ឡា​ញ​ផង​ដែរ​។​

​លោក​បន្ត​ថា​ ​វា​ជា​មន្ទីរពេទ្យ​ទំនើប​និង​ធំ​ជាងគេ​នៅ​កម្ពុជា​ ​ដែល​គ្រែ​ប្រមាណ​មួយ​ម៉ឺន​សម្រាប់​អ្នកជំងឺ​សម្រាក​ព្យាបាល​ ​សម្រាប់​គ្រូពេទ្យ​ប្រចាំការ​ ​និង​សម្រាប់​បុគ្គលិក​ស្នាក់​នៅ​។​ ​មន្ទីរពេទ្យ​នេះ​មាន​អគារ​សង្គ្រោះ​បន្ទាន់​និង​ការ​ព្យាបាល​ ​មន្ទីរ​ពិសោធ​ ​អគារ​រដ្ឋបាល​ ​អគារ​បច្ចេកទេស​ ​អគារ​ផ្គត់ផ្គង់​ ​កន្លែង​ផ្ដល់​ព័ត៌មាន​ ​កន្លែង​មូលនិធិ​សមធម៌​និង​បេឡា​សន្តិសុខ​សង្គម​ ​ឱសថស្ថាន​ ​ចំណត់​យានយន្ត​ ​និង​ចំណត​ឧទ្ធម្ភាគចក្រ​នៅ​លើដំបូល​អគារ​។​

​មន្ទីរពេទ្យ​ជាតិ​តេជោ​សន្ដិភាព​នេះ​កសាង​ដោយ​ក្រុមហ៊ុន​ស៊ី​ជេ​អុីស៊ី​ (CJ​E​C) ​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ ​ក្រោម​គម្រោង​ថវិកា​របស់​រដ្ឋាភិបាល​។​ ​មន្ទីរពេទ្យ​ជាតិ​តេជោ​សន្ដិភាព​នេះ​ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​១​៤​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​។​

 

​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​អ្នក​ឯកទេស​សុខភាព​សាធារណៈ​ដ៏​ល្បី​ ​បាន​ធ្លាប់​និយាយ​ថា​ ​ដើម្បី​មន្ទីរពេទ្យ​ដ៏​ធំ​នេះ​ដំណើរ​ដោយ​ជោគជ័យ​ ​គឺ​ទាមទារ​ការ​បណ្ដុះ​បណ្ដាល​បុគ្គលិក​សុខាភិបាល​ជាច្រើន​បន្ថែម​ទៀត​ ​ជាពិសេស​គួរ​មាន​វេជ្ជបណ្ឌិត​ជំនាញ​មក​បរទេស​ក្នុង​ការ​សហការ​គ្នា​ ​ដើម្បី​ផ្ដល់​នូវ​បច្ចេកទេស​ផ្សេងៗ​ក្នុង​ការ​ព្យាបាល​ជាមួយនឹង​ការ​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ប្រជាពលរដ្ឋ​ដែល​មក​ទទួលយក​សេវា​ព្យាបាល​ពី​មន្ទីរពេទ្យ​។​

​លោក​បន្ត​ថា​ ​នេះ​ជា​ឱកាស​មួយ​ដ៏​ល្អ​មួយ​ក្នុង​ការ​ផ្ដល់​ការងារ​ដល់​គ្រូពេទ្យ​ ​និង​ការ​ផ្ដល់​ការ​ហ្វឹកហាត់​ជំនាញ​បច្ចេកទេស​ដល់​និស្សិតពេទ្យ​ផ្សេងទៀត​ ​ព្រោះ​កន្លងមក​នៅ​តាម​មន្ទីរពេទ្យ​មួយ​ចំនួន​មានការ​ខ្វះ​បុគ្គលិក​សុខាភិបាល​ដូចជា​នៅ​មន្ទីរពេទ្យ​។​

​លោក​បន្ថែម​ថា​៖​ ​«​ការ​បង្កើត​មន្ទីរពេទ្យ​នីមួយៗ​ ​គឺ​ត្រូវ​ការ​ឧបករណ៍​បច្ចេកទេស​ជាច្រើន​ ​ដើម្បី​រៀបចំ​ដំណើរការ​មន្ទីរពេទ្យ​ ​ប៉ុន្តែ​ការ​បង្កើត​មន្ទីរពេទ្យ​តេជោ​សន្ដិភាព​ ​គឺ​កើត​ឡើង​នៅ​ពេល​យើង​ជួបប្រទះ​នូវ​ជំងឺឆ្លង​។​

​នេះ​ជាការល្អ​ក្នុង​ការ​ត្រៀម​សម្រាប់​ថ្ងៃមុខ​ចំពោះ​ជំងឺឆ្លង​ផ្សេងៗ​ផ្ទុះឡើង​ដូចជា​ជំងឺ​កូ​វី​ដ​-​១​៩​»​។​

​លោក​បន្ថែម​ទៀត​៖​ ​«​នៅ​ថ្ងៃ​អនាគត​វា​លែង​ជា​បញ្ហា​ទៀត​ហើយ​ពេល​យើង​មាន​មន្ទីរពេទ្យ​ទំនើប​បែប​នេះ​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ទំនុក​ទុក​ចិត្ត​ខ្ពស់​ក្នុង​ការ​ទប់​ស្កាត់​នូវ​ជំងឺ​ទាំង​ឡាយ​»​៕​​

Phone Number: 087781119

https://hospital-10763.business.site/?utm_source=gmb&utm_medium=referral

https://maps.app.goo.gl/kMog1EVHavwsDjnf7