មន្ទីរពេទ្យអង្គឌួង នៅរាជធានីភ្នំពេញ

Post by admin

14:32 - 01/03/2024

Comment

 មន្ទីរពេទ្យព្រះអង្គឌួង សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានប្រារព្ធកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ «សង្គ្រោះជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា" ដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់។

កម្មវិធីបរិច្ចាគឈាមនេះបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកសាស្ដ្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការចូលរួមពីលោកវេជ្ជបណ្ឌិត សុខ ផង រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកអនុរដ្ឋលេខាធិការ និង លោកអគ្គនាយក-អគ្គនាយករង បច្ចេកទេស សុខាភិបាលព្រមទាំងលោក លោកស្រីដែលជាថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះអង្គឌួង និង មជ្ឈមណ្ឌលជាតិផ្តល់ឈាមជាច្រើនទៀត។

លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងថា «ថ្ងៃនេះជាឱកាសដ៏វិសេសវិសាល ដោយតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី មន្ទីរពេទ្យព្រះអង្គឌួង បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ប្រារព្ធកម្មវិធីបរិច្ចាគឈាមនៅមន្ទីរពេទ្យព្រះអង្គឌួង ឆ្នាំ២០២៣ ក្រោមប្រធានបទ «សង្គ្រោះជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា» ដែលជាការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ពីមន្ត្រីរាជការក្រោមឱវាទមន្ទីរពេទ្យព្រះអង្គឌួង ដែលកន្លងមកមន្ទីរពេទ្យក៏ធ្លាប់បានធ្វើការបរិច្ចាគឈាមជារឿយៗផងដែរ ដើម្បីអាចមានឈាមគ្រប់គ្រាន់ជួយសង្គ្រោះជីវិតមនុស្ស ហើយមន្ទីរពេទ្យព្រះអង្គឌួងបានទទួលឈាមជាមធ្យម ៤០ប្លោក ក្នុងមួយខែ ពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម»។

លោកនាយកមន្ទីរពេទ្យព្រះអង្គឌួងបានបន្តថា មន្ទីរពេទ្យព្រះអង្គឌួង និងបន្ដសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមកាន់តែជិតសិ្នទបន្ថែម ដើម្បីរួមគ្នាជួយសង្គ្រោះជីវិតមុនស្ស។

លោកវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអបអរចំពោះមន្ត្រី បុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យព្រះអង្គឌួង ប្រមាណ១២០នាក់ ដែលបានចុះឈ្មោះបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្នុងកម្មវិធីបរិច្ចាគឈាមដោយទៀងទាត់របស់មន្ទីរពេទ្យ ក្រោមពាក្យស្លោក «សង្គ្រោះជីវិតគឺបរិច្ចាគឈាមទាំងអស់គ្នា»។

លោកវេជ្ជបណ្ឌិតបានបន្តថា ការផ្តល់ឈាមគឺជួយជីវិត អ្នកដែលត្រូវការឈាម អ្នកដែលមានជំងឺស្លេកស្លាំង អ្នកដែលបាត់បង់ឈាមភ្លាមៗ អ្នកមានជំងឺគ្រាប់ឈាមមួយចំនួន និង អ្នកដែលមានជំងឺមហារីកជាដើម ។

លោកបានបន្តថាកាយវិការសប្បុរសធម៌នេះ បង្ហាញពីទឹកចិត្តរបស់គ្រូពេទ្យដែលក្រៅពីតួនាទី ភារកិច្ច ជាមន្ត្រីរាជការ ជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលគោរពក្រមសីលធម៌ត្រឹមត្រូវតែប៉ុណ្ណោះទេ លើសពីនេះគ្រូពេទ្យយើង បានបរិច្ចាគឈាម ជូនអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ថែមទៀត ។បរិច្ចាគឈាមគឺជាទង្វើ សប្បុរសមួយដែលអាចជួយសង្គ្រោះជីវិតមនុស្សបាន ។

លោកវេជ្ជបណ្ឌិតបានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និង មន្ត្រីបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យព្រះអង្គឌួង ដែលបានផ្តល់សេវាសុខាភិបាលជូនប្រជាជនបានល្អប្រសើរ ស្របតាមយុទ្ធសាស្ត្រជាអាទិភាពរបស់ ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកអនុវត្តឲ្យទទួលបានជោគជ័យនូវកម្មវិធីគោលនយោបាយជា អាទិភាពចំនួន៦ សម្រាប់ការចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ក្នុងនោះអាទិភាពទីមួយគឺ «ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

នៅក្នុងឱកាសនោះដែរលោកវេជ្ជបណ្ឌិត សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានណែនាំដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមត្រូវយកចិត្តទុកដាក់ដល់សប្បុរសជន ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមដោយឱ្យជាចំណីអាហារ ឬកាដូនៅពេលពួកគាត់ពេលបរិច្ចាគឈាមរួច ដើម្បីបង្កើនគ្រាប់ឈាមឡើងវិញ។

ទន្ទឹមនឹងនេះត្រូវយកចិត្តទុកដាក់ទៅលើសុវត្តិភាពឈាមពោលគឺឈាមដែលយកចេញពីមជ្ឈមណ្ឌលជាតិផ្តល់ឈាមត្រូវធានាសុវត្ថិភាពដល់អ្នកជំងឺ និងជំរុញធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាមឱ្យបានកាន់តែច្រើនបន្ថែមទៀតខណៈបច្ចុប្បន្នអត្រាបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋនៅមានកម្រិតនៅឡើយ៕

Phone Number: 023218875

https://maps.app.goo.gl/KJH3u2PKCvKnzF7k7