រមណីយដ្ឋានទឹកឆា គឺជារមណីយដ្ឋានមួយដ៏ទាក់ទាញបំផុតនៅក្នុងខេត្តកំពង់ចាម ដោយសារជាបឹងធម្មជាតិមួយដ៏ធំ មានប្រភពទឹកផុសពីក្នុងដី ដែលអាចឱ្យភ្ញៀវទេសចររីករាយ ក្នុងការលេងទឹកកម្សាន្ត បានគ្រប់រដូវ។
លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា រមណីយដ្ឋានធម្មជាតិទឹកឆា ជាសក្ដានុពលដ៏ទាក់ទាញយ៉ាងសំខាន់សម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដោយអាចមកលេងកម្សាន្តនិងស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្មែរពីបុរាណកាល ដោយសារតែ តំបន់ទឹកឆានេះ ខាងជើងគឺជាខ្ពង់រាប មានកូនភ្នំមួយចំនួននៅជាប់មាត់ទឹក មានព្រែកធំៗជាច្រើន ហូរចាក់ ដូចជាព្រែកកំពង់សា ជាដើម ។