តាម៉ុក ជាអតីត មេដឹកនាំខ្មែរក្រហមមានផ្ទះមួយកន្លែងដែលស្ថិតក្នុងភូមិអភិវឌ្ឍន៍ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។ ផ្ទះតាម៉ុកបច្ចុប្បន្ន គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រ។ ផ្ទះតាម៉ុកមានផ្ទៃដី ១,៦១ហិកតា និងផ្ទះចំនួន៤ ហើយខាងក្រោយផ្ទះមានបឹងទំហំ៤១៧ ហិកតាហៅបឹង អន្លង់វែងឬបឹងអូរជីកដែលស្គាល់ថាជាផ្ទះ និងជាទីតាំងប្រជុំកងទ័ពសម្រាប់រៀបចំផែនការវាយប្រយុទ្ធខាងយោធារបស់តាម៉ុក។
តាម៉ុក គឺជាអតីតសមាជិកអចិន្ត្រៃយ៍របស់គណៈមជ្ឈិមបក្សខ្មែរក្រហម ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គាត់ក៏ជាមេទ័ពកំពូលរបស់ខ្មែរក្រហម ហើយតាម៉ុក ត្រូវបានរដ្ឋាភិបាលកម្ពុជា ចាប់ខ្លួនកាលពីថ្ងៃទី០៦ ខែមិនា ឆ្នាំ១៩៩៩ បន្ទាប់មកគាត់បានស្លាប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០៦ ហើយក្រុមគ្រួសារ និងសាច់ញាតិរបស់គាត់យកមកបញ្ចុះនៅវត្តធម្មារាមឬវត្តស្រះឈូក ស្ថិតនៅភូមិស្រះឈូក ឃុំត្រពាំងព្រៃ ស្រុក អន្លង់វែង។