រមណីយដ្ឋានភ្នំព្រះ ស្ថិតនៅក្នុងសហគមន៍ព្រៃឈើភ្នំព្រះ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ព្រៃសហគមន៍ភ្នំព្រះ មានចម្ងាយជាង ១០គីឡូម៉ែត្រ ពីទីប្រជុំជនស្រុកថ្មពួក ឬជាង៥០ គីឡូម៉ែត្រ ខាងកើតឆៀងខាងជើងទីប្រជុំជន ខេត្តបន្ទាយមានជ័យ មានផ្ទៃដីទំហំ១.២៦២ ហិកតា ហើយត្រូវបង្កើតឡើង និងទទួលស្គាល់ដោយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០០៥។ សហគមន៍ព្រៃឈើភ្នំព្រះ មានកូនភ្នំមួយចំនួន ឬព័ទ្ធជុំវិញ ដូចជាក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មានភ្នំព្រះ ភ្នំចន្ទ ភ្នំវែង ភ្នំសំគម និងក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យជាប់ព្រំប្រទល់ មានភ្នំចង្ក្រានយក្ស ភ្នំកូនសេក ភ្នំកំបោរ។