រមណីយដ្ឋានភ្នំសុពណ៌កាឡី ខេត្តក្រចេះ

Post by admin

22:42 - 05/04/2024

Comment

ភ្នំសុពណ៌កាឡី គឺជាឈ្មោះភ្នំធម្មជាតិដ៏ស្រស់ស្អាតមួយនិងជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ទាក់ទាញបំផុតមួយនៅក្នុងខេត្តក្រចេះ។ មានទីតាំងស្ថិតនៅ ភូមិជ្រោយថ្ម ស្រុកព្រែកប្រសព្វ នៅតាមបណ្តោយខាងជើងទន្លេមេគង្គចម្ងាយ ៤៥ គីឡូម៉ែត្រប៉ែកខាងលិច ឆៀងខាងត្បូងនៃខេត្តក្រចេះ ដែលភ្នំនេះមានរាងដូចជាសត្វក្រពើ។

 ភ្នំនេះបានកាំជណ្ដើរ ៨៦៤ កាំនៅលើភ្នំមានវត្តព្រមទាំងមានកន្លែងជាច្រើនសំរាប់ភ្ញៀវទេសចរទៅកំសាន្តក៏ដូចជាចូលក្នុងវិហារគោរពព្រះពុទ្ធបដិមា នៅទីនោះមានរូបចម្លាក់ដំរីក្បាលបី កន្លែងឆ្លាក់ព្រះ វត្តអារាម រូងនិងល្អាងបុរាណផ្សេងៗជាដើម។ដើម្បីទៅដល់ទីនោះយើងត្រូវធ្វើដំណើរតាមផ្លូវទន្លេចម្ងាយ ១៥ គីឡូម៉ែត្រខាងលិចស្រុកឆ្លូង និងឆ្លងកាត់ទន្លេមេគង្គដោយទូកចម្លងទៅកាន់ភូមិចំបក់។ ភ្នំសុពណ៌កាឡី ជាកន្លែងកំសាន្តមួយដ៏មានប្រជាប្រិយមួយដែលសម្បូរទៅដោយទេសភាពធម្មជាតិដ៏ស្រស់បំព្រង ជាពិសេសមានទេសភាពដ៏ស្រស់ត្រកាលនៅតាមទីជនបទផងដែរ។

យោងទៅតាមចាស់ព្រឹទ្ធាចារ្យនៅទីនោះបានមានប្រសាសន៏ថាភ្នំនេះយកឈ្មោះតាម ក្រពើសុពណ៌កាឡី ដែលបានប្រកួតចាញ់ក្រពើ នេន ធន់ ដែលបានប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញអស់រយៈពេល ៣ថ្ងៃ ៣យប់ទីបំផុតក៏បានប្រយុទ្ធចាញ់ក្រពើ នេនធន់ ហើយក៏បានអស់សង្ខារនាគ្រានោះទៅ។ហើយនៅពេលដែល ក្រពើសុពណ៌កាឡី បានស្លាប់ទៅសាកសពរបស់ក្រពើនោះក៏បានក្លាយទៅជាភ្នំមួយដែលគេអោយឈ្មោះភ្នំនោះថាជាភ្នំ សុពណ៌កាឡី មកដល់សព្វថ្ងៃនេះតែម្តងទៅ៕

☎️លេខទូរស័ព្ទ៖​​ 0964869037
📌ផែនទី៖ https://maps.app.goo.gl/Kk2w4b9kEVR6rbiF7