រមណីយដ្ឋានរហាត់ទឹក គឺជារមណីយដ្ឋានកែច្នៃធម្មជាតិស្ថិតក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលរមណីយដ្ឋាននេះស្ថិតនៅតាមអូរធម្មជាតិ មានទឹកថ្លាឆ្វេងហូរមិនចេះដាច់ ខួបប្រាំង ខួបវស្សា មានកញ្ចុះស្រស់ស្អាត មានធាសុកភាព នៅតាមមាត់អូរ សម្រាប់ភ្ញៀវទេសចរណ៍អង្គុយកម្សាន្ត ស្រស់ស្រូបអាហារ ជួបជុំមិត្តភក្តិ ក្រុមគ្រួសារ ហើយ នៅក្នុងអូរមានទំនប់បង្កៀរទឹក និង មានរហាត់ទឹកមួយដ៏ធំ នៅចំកណ្តាល ដែលកាលពីអតីតកាលរហាត់ទឹកនេះគឺជាវារី អគ្គិសនី សម្រាប់យកភ្លើងប្រើប្រាស់នៅក្នុងភូមិក្បែរៗនោះ ប៉ុន្តែបច្ចុប្បន្ននេះមានទឹកជ្រៅគួរសម សម្រាប់លោតលេងកម្សាន្ត ជិះទូក ជិះពោងកម្សាន្តជាដើម។ លើសពីនេះក៏មានអាងទឹកកែច្នៃ សម្រាប់ហែលលេងកម្សាន្ត មានសួនច្បារ ប្រកបដោយផ្កា ចម្រុះ និង មានរូបសំណាកសត្វព្រៃធម្មជាតិជាច្រើន សម្រាប់គយគន់។