រមណីយដ្ឋានល្បាក់កំរោញ

Post by admin

16:39 - 09/04/2024

Comment
រមណីយដ្ឋានល្បាក់កំរោញ គឺជារមណីយដ្ឋានធម្មជាតិ ដែលស្ថិតនៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ដើម្បីទៅដល់រមណីយដ្ឋាននេះយើងត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥៥ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៤៩-៥០ មានចម្ងាយ៤៨គ.ម ពីទីរួមខេត្តពោធិ៍សាត់ និងចម្ងាយ ២៣៧គ.ម ពីរាជធានីភ្នំពេញ។ រមណីយដ្ឋានខាងលើនេះ លម្អទៅដោយរុក្ខជាតិពណ៌បៃតងស្រស់ ជាពិសេសតាមដងផ្លូវ(ក្រួសក្រហម) ចូលទៅកាន់ ធារទឹកស្ទឹង ដែលហូរត្រជាក់ស្រេង មានព្រៃឫស្សី ឃ្លៃ លាយឡំជាមួយដើមឈើធំៗ ហាក់ដូចជាគម្រប ឬដំបូល ធ្វើឲ្យទីតាំងនេះមានភាពត្រជាក់គួរជាទីមនោរម្យ។
👉ភាពទាក់ទាញ÷
-មានទឹកស្ទឹងថ្លាឆ្វេង ហូរប៉ប្រះផ្ទាំងថ្ម ខួបប្រាំងវស្សា (រដូវប្រាំង ទឹកតិចជាងវស្សា) ដែលធ្វើឲ្យភ្ញៀវទេសចរ អាចចូលលេងកម្សាន្ត (ងូតទឹកលេង) បានគ្រប់រដូវកាល។
-មានរុក្ខជាតិម្លប់ត្រឈឹងត្រឈៃ ព្រមទាំងរំលេចទៅដោយ ផ្ទាំងថ្មដាធំៗនៃបាតស្ទឹង និងតាមច្រាំងស្ទឹង គួរឲ្យចង់អង្គុយលេងកម្សាន្ត និងទទួលទាន អាហារ ប្រកបដោយខ្យល់អាកាសធម្មជាតិបរិសុទ្ធ និងមានផាសុកភាព។
-នៅជុំវិញរមណីយដ្ឋាន មានចំការក្រូចពោធិ៍សាត់ និងមានដំណាំពោត ចេក អំពៅ ជាដើម។