រលុះធំ គឺជាឈ្មោះតំបន់ធម្មជាតិមួយកន្លែងដែលមានដីហូរច្រោះ ហើយផ្ទាំងដីខ្លះបាននៅសល់បង្កើតទៅជារូបរាងដូចជាសសរវិហារ ឬក៏សំណង់ប្រាសាទបុរាណផ្សេងៗ ជាដើម។ ទីនោះស្ថិតនៅភូមិខ្នាចឫស្សី សង្កាត់បន្សាយរាក់ ក្រុងសំរោង បើធ្វើដំណើរពីខេត្តឧត្តរមានជ័យ ឆ្ពោះទៅលិចត្រង់ មានចម្ងាយតែ ១២គីឡូម៉ែត្រទេ ប៉ុន្តែបើចេញតាមផ្លូវអូរស្មាច់ គឺមានចម្ងាយរហូតដល់ទៅ ៣២គីឡូម៉ែត្រ។ បច្ចុប្បន្ន រលុះធំ កំពុងធ្វើឲ្យអ្នកទេសចរជាតិ និងអន្តរជាតិខ្លះចាប់អារម្មណ៍ទៅលើទេសភាពធម្មជាតិរបស់វាយ៉ាងខ្លាំង។
មន្ត្រីជំនាញផ្នែកទេសចរណ៍ និងអាជ្ញាធរខេត្តឧត្តរមានជ័យ មើលឃើញថា តំបន់ដីហូរច្រោះរលុះធំ គឺមានសក្ដានុពលអាចទាក់ទាញភ្ញៀវទេសចរឲ្យទៅទស្សនា និងកម្សាន្តទេសភាពធម្មជាតិរបស់វា ព្រមទាំងអាចបង្កើតការងារខ្លះឲ្យអ្នកភូមិដែលរស់នៅជិតនោះ អាចរកកម្រៃពីវិស័យទេសចរណ៍បាននៅពេលអនាគត។