ល្បែងឈូង ជាល្បែងម្យ៉ាង របស់មនុស្សកំលោះក្រមុំ ឬមនុស្សចំណាស់ៗ ប្រុសស្រឺ ទូទាំងកម្ពុជរដ្ឋ គេតែងលេងនៅពេលយប់ ខែភ្លឺ ក្នុងរដូវចូលឆ្នាំថ្មី (ខែចេត្រ ពិសាខ)។ គេចែកគ្នាជា ២ពួក ប្រុស១ពួក ស្រី១ពួក។ ក្នុង១ពួកៗ មានគ្នាចំនួនពី១០នាក់រឺ២០ នាក់ឡើងទៅ ឈរត្រៀមជា ២ជួរ ទល់មុខគ្នា ឃ្លាតពីគ្នាប្រមាណជា៨ រឺ១០ ម៉ែត្រ។ គេ យកក្រមារឺកន្សែងមកឆ្នូលអោយមូលចងរិតអោយតឹងណែនល្អ ទុកអោយមានកន្ទុយបន្ដិចហៅថា «ឈូង» សំរាប់កាន់បោះរឺចោលទៅមករកគ្នា។
ល្បែងលាក់កន្សែង ជាល្បែងមួយយ៉ាង របស់ក្មេងខ្មែរក្នុងបុរាណកាល តែងលេងសម្រាប់ ជាទីកំសាន្ដសប្បាយនៅពេលរាត្រីខែភ្លឺ ក្នុងរដូវចូលឆ្នាំ ឬនៅពេលជា ចន្លោះការហត់នឿយម្ដងៗ។ មុនដំបូង គេបបួលគ្នាបានចំនួនពី ៦-៧ នាក់ឡើងទៅ អោយអង្គុយច្រហោង ដំកងជារង្វង់មូលដាក់ដៃទាំងពីរទៅមុខលើក្បាលជង្គង់ក្នុងទីណាមួយ ដែលជាទីស្រលះរាបស្មើល្អ។ ហើយគេយកកន្សែងរឺក្រមាតូចមួយមករុំមូរឆ្មូលរឹតអោយតឹងណែនល្អ ទុកជាយបន្ដិចសំរាប់កាន់យួរបាន សន្មតហៅថា «កន្សែង» មានម្នាក់ក្រោកចេញទៅក្រៅវង់កាន់ កន្សែងនោះ ដើរព័ទ្ធជុំវិញយ៉ាងលឿន ពីខាងក្រោយខ្នងអ្នកអង្គុយ បញ្ឆោតអ្នកអង្គុយមិន អោយដឹងខ្លួនថាគេលាក់កន្សែងក្រោយខ្នងអ្នកណា។
ល្បែងនេះមានត្រណមយ៉ាងតឹងរ៉ឹងមិនអោយអ្នកលេងងាកក្រោយរឺលូកដៃទៅក្រោយក បើអ្នកណាហានងាករឺលូកស្ទាបខាងក្រោយខ្នងអ្នកលាក់គេមានអំនាចដាក់ទណ្ឌកម្មអ្នកនោះ មិនអោយឡើងលាក់កន្សែងរឺគេអោយអ្នកនោះអង្គុយធ្មេចភ្នែកក៏បាន ស្រេចតែគេដាក់ទោសយ៉ាងណាតាមចិត្ដគេស្ម័គ្រ។ អ្នកលាក់ លុះរត់ក្រលឹងអ្នកអង្គុយ២-៣ជុំហើយ មើលអ្នកណាអង្គុយបែបភ្លេចខ្លួនគេដាក់កន្សែងក្រោយខ្នងអ្នកនោះភ្លាមរួចគេរត់យ៉ាងរហ័សព័ទ្ធវង់អ្នកអង្គុយ ដើម្បីអោយឆាប់មកដល់កន្លែងកន្សែងដែលគេដាក់នោះ។ បើអ្នកដែលត្រូគេលាក់កន្សែងពីក្រោយខ្នងនោះមិនដឹងខ្លួនលុះអ្នកលាក់គរត់ក្រលឹងមកម្ដង ទៀតចាប់យកកន្សែងនោះបានមុន គេទុកអ្នកលាក់នោះជាអ្នកឈ្នះ ត្រូវមានអំនាចរើស យកកន្សែងទៅគក់ខ្នងអ្នកដែលអង្គុយនោះ ហើយគេយកកន្សែងលាក់តទៅទៀត។ តែបើអ្នកអង្គុយដឹងខ្លួនថា គេលាក់កន្សែងចំក្រោយខ្នងខ្លួនហើយចាប់យកកន្សែងបានមុនអ្នក លាក់រត់មកដល់ គេទុកអ្នកអង្គុយនោះជាអ្នកឈ្នះ ត្រូវមានអំនាចក្រោកឡើងដេញគក់ អ្នកលាក់នោះវិញ តែបើអ្នកនោះរត់ទៅដល់កន្លែងចន្លោះអង្គុយបានទៅ អ្នកកាន់កន្សែង នោះមិនត្រូវគក់គេទេ ត្រូវរត់ក្រលឹងអ្នកអង្គុយដំកងដើម្បីនឹងលាក់តទៅទៀត គឺថា អ្នកលាក់ពីមុខត្រូវអង្គុយកន្លែងអ្នកចាប់កន្សែងបានក្នុងវង់ដដែល។ គេលេងរបៀប នេះរហូតដល់ពេលឈប់។ ជួនកាលអ្នកខ្លះមិនដែលបានឡើងលាក់កន្សែងនឹងគេម្ដងសោះក៏មាន ព្រោះគេលាក់ កន្សែងក្រោយខ្នងខ្លួន ខ្លួនមិនដឹងរវល់តែគេ គក់ខ្នងបានរាល់ពេល។ ល្បែងនេះគេលេងដើម្បីហាត់ខ្លួនអោយមានស្មារតីរឹងប៉ឹងរហ័សរហួន អោយមានប្រាជ្ញាវាងវៃ ហាត់ទំលាប់ខ្លួនអោយចេះប្រុងស្មារតីជានិច្ច។
ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្ដសប្បាយរបស់យុវជនខ្មែរទាំងបុរស ទាំងស្រ្ដី កំលោះ ក្រមុំ។ ល្បែងនេះគេលេងដោយប្រើកំលាំងកាយជាមូលហេតុ ហើយគេលេងតែ ក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។ គេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយ ងាយដល់ការលេងល្បែងនេះ តែអាច លេងនៅតាមភូមិក៏បាន បើប្រសិនជាភូមិនោះមានមនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវាលល្មមលេងកើត។ ល្បែងនេះគេច្រើនលេងនៅពេលថ្ងៃ តែប្រសិនជាមានចង្កៀងយ៉ាងភ្លឺ រឺ ពន្លឺព្រះចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។
សមាសភាពនៃអ្នកលេង ល្បែងនេះ គេចែកមនុស្សអ្នកលេងជា២ក្រុម ម្ខាងៗយ៉ាងតិចត្រឹម៥នាក់ រឺ១០នាក់ឡើងទៅតាមដែលគេរកគ្នាបានប៉ុន្មាន ក៏លេងប៉ុណ្ណោះ តែតាមទំលាប់អ្នកស្រុក បើមានមនុស្សស្រីចូលលេងផង គេ អោយស្រីៗនៅម្ខាង ប្រុសៗនៅម្ខាង ហើយគេយល់ថា ភេទស្រីតែងមានកំលាំងខ្សោយជាងបុរស គេតែងដាក់ខាងស្រីអោយមានចំនួនច្រើនលើសប្រុស យ៉ាងតិចត្រឹម២នាក់ជាដរាប គឺបើខាងប្រុស៨នាក់ គេដាក់ខាងស្រី ១០នាក់។ គ្រឿងប្រដាប់សំរាប់លេង គេយកខ្សែព្រ័ត្រធ្វើពីស្បែកគោស្បែកក្របីធ្វើព្រ័ត្រ រឺគេយក ពួរធ្វើពីជក់ដូងជាព្រ័ ត្រសំរាប់ទាញ ប្រវែងយ៉ាងខ្លីពី ២០ហត្ថឡើងទៅ ទំហំប៉ុនកដៃក្មេង ហើយនឹងយកសំភោររឺគងម៉ង់ រឺរគាំង១ សំរាប់ទះរឺសំរាប់វាយនៅពេលដែលទាញដំបូង។
របៀបលេង មុនដំបូងគេរើសរកប្រុសម្នាក់ ស្រីម្នាក់ មានមាឌធំមាំ កំលាំងច្រើន អោយជាអ្នកឈរកាន់ចុងព្រ័ត្រគឺប្រុសកាន់ចុងម្ខាង ស្រីកាន់ចុងម្ខាង ហើយអោយប្រុសម្នាក់ ស្រីម្នាក់ទៀតមានមាឌធំមានកំលាំង ឈរកណ្ដាល ព្រ័ត្រ ត្រង់កន្លែងដែលពួកទាំងពីរឈរ សំរាប់នាំពួកខ្លួនអោយខំទាញតែរៀងខ្លួន អែមនុស្សដែលមានមាឌតូចៗស្គមៗ កំលាំងខ្សោយៗ គេអោយឈរកណ្ដាលគេ។ លុះរៀបចំរួចហើយ គេអោយមនុស្សប្រុសម្នាក់កាន់សំភោរ រឺ គងម៉ង់រឺក៏រគាំងឈរត្រង់កណ្ដាលទីជិតអ្នកទាំងពីរដែលកាន់ខ្សែឈរប្រទល់មុខគ្នានោះ ផ្ដើមស្រែកឡើងព្រមគ្នាថា យក្សអរ(១) !.! លឺយ៉ាងខ្លាំងៗ ធ្វើសំលេងវែងៗ រលាក់រលែកយ៉ាងគ្រលួច។ អែអ្នកប្រុងទាញព្រ័ត្រទាំងប៉ុន្មានជួយស្រែកទទួលឡើងព្រមគ្នាថា ហ៊ោវ៉ឺយៗ ៣ដង ទើបនាំគ្នាទាញប្រុងយកជ័យជនះតែរៀងខ្លួន។ ក្នុងពេលពួកអ្នកទាញព្រ័ត្រ កំពុងតែខំប្រឹងទាញ អ្នកកាន់សំភោរ រឺគងម៉ង់ រឺរគាំង គេចេះតែបញ្ជើតសំភោរ រឺគងម៉ង់ រឺក៏រគាំងរឿងៗ លឺសូរតាក់ទីងៗ រឺម៉ូងៗ ម៉ឹងៗ ជាដរាប ទាល់តែឃើញចាញ់ឃើញឈ្នះម្ខាងៗ ទើបឈប់បញ្ឆើត។
ពេលលេងម្ដងៗ អស់ថិរវេលាពី ៥-៦ នាទី ដល់ ១០នាទីឡើងទៅទើបឃើញឈ្នះឃើញចាញ់ម្ខាងៗ។ កាលដឹងថា ខាងណាឈ្នះខាងណាចាញ់ហើយ គេចាប់ផ្ដើមលេងសារជាថ្មី ម្ខាងទៀត ដ៏រាបដល់ហត់តែរៀងៗខ្លួនទើបឈប់។ ល្បែងនេះចាត់ទុកជាការហាត់កំលាំង ហាត់ប្រាណអោយរាងកាយមានកំលាំង មានសុខភាពល្អ។
ល្បែងចត្រង្គ ឬ អុក ជាប្រភេទល្បែងលេងលើក្ដារ។ តួល្បែងទាំងមូលជាសង្គ្រាមរវាងនគរពីរ ដែលឋិតនៅម្ខាងម្នាក់នៃក្ដារអុក ហើយមានស្ដេចរៀងៗខ្លួន។ ចត្រង្គ មានវិធីសាស្ត្រលេងនិងក្បួនប្រហារច្រើនប្រភេទ។ ប្រវត្តិនៃល្បែងអុកនេះនៅកម្ពុជាជាប្រធានបទដែលគេពុំសូវដឹងជាទូទៅទេ។ តាមការសង្កេតជាទូទៅ ល្បែងអុក គេលេងនៅច្រើនកន្លែងលើពិភពលោក គ្រាន់តែមានរបៀបលេងខុសៗគ្នា។