ល្ខោនស្រមោលស្បែកធំ គឺជាសិល្បៈខ្មែរមួយបែបមានកំណើតតាំងពីស.វទី ១ មកម្ល៉េះ ។ នេះជាការបញ្ជាក់អំពីសតិប្រាជ្ញាដ៏ភ្លឺស្វាង និងគំនិតច្នៃប្រឌិតដ៏កំពូល ដែលបង្កើតសិល្បៈនេះឡើង ឲ្យក្លាយទៅជាទស្សនីយភាពមួយដ៏អស្ចារ្យ ។ គេអាចនិយាយបានថា ល្ខោនស្រមោលស្បែកខាងលើនេះ គឺជាសិល្បៈមួយដែលប្រមូលផ្តុំនូវសិល្បៈទាំង ៧ ។ ហេតុនេះហើយទើបសក្ខីកម្មនៃល្ខោនស្បែកនេះ ដែលគេហៅថា ល្ខោនអាយ៉ង ត្រូវបានកត់ត្រាទុកក្នុងឯកសារមួយចំនួននាសម័យក្រោយអង្គរ ។គេឃើញមានការសម្តែងនូវល្ខោនស្បែកធំនេះ ក្នុងពិធីបុណ្យធំៗ ជាពិសេសនៅខេត្តសៀមរាបអង្គរ ដូចជាការបួងសួងសុំសេចក្តីប្រាថ្នាអ្វីមួយ ពិធីបុណ្យសពព្រះចៅអធិការវត្តដែលសុគត ពិធីបុណ្យសុំទឹកភ្លៀង បុណ្យចំរើនព្រះជន្មាយុរបស់ព្រះមហាក្សត្រ ដោយមានមហាជនច្រើនកុះករចូលរួម ។
ក្រោយសតវត្សទី១៣ ជនជាតិជិតខាងខ្លះបានយល់ច្រឡំថា សិល្បៈស្បែកខ្មែរដែលប្រជាជនខេត្តបាត់ដំបងតែងហៅថា ’ណាំងស្បែក” នោះគឺ មានកំណើតចេញពីប្រទេសថៃ ។
ដូចករណីនៃល្ខោនរបាំព្រះរាជទ្រព្យខ្មែរដែរ ការស្រាវជ្រាវរបស់យើង ដើម្បីឲ្យដឹងថា សិល្បៈស្បែកខ្មែរមានប្រភពចេញពីពេលណាមក បានធ្វើឲ្យមានដំណោះស្រាយជ្រះស្រឡះមួយ ។ សិល្បៈស្បែកខ្មែរនេះ ត្រូវបាននាំចូលពីឥណ្ឌានៅដើមសតវត្សទី១ នៃគ្រិស្តសករាជ ពោលគឺសិល្បៈស្បែកមានកំណើតចេញពីប្រទេសឥណ្ឌាភាគខាងត្បូង ។ កេរ្តិ៍មរតកសិល្បៈស្បែកខ្មែរនេះ មានអាយុកាលប្រមាណ២០០០ឆ្នាំមកហើយ ដែលសូម្បីតែជនជាតិខ្មែរខ្លួនឯង ក៏សឹងតែពុំបានដឹងច្បាស់នាពេលកន្លងមកផង ដោយសារតែខ្វះឯកសារ ។
ឯជនជាតិប្រទេសជិតខាងខ្លះក៏បានលើកយកមរតកសិល្បៈខ្មែរនេះ ថាជារបស់ជាតិសាសន៍របស់ខ្លួនក៏មានដូចជាជនជាតិថៃ ឬជនជាតិម៉ាឡេជាដើម ។ តែទោះយ៉ាងណាក៏ដោយការស្រាវជ្រាវនាពេលក្រោយៗនេះ បន្ទាប់ពីស្រុកទេសបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃទៅ ទើបបានដឹងច្បាស់ថែមទៀតថា សិល្បៈស្បែកខ្មែរមានកំណើតនាដើមសតវត្សទី១ ដែលមានលំហូរចូលពីប្រភពប្រទេសឥណ្ឌាមក ។
សិល្បៈស្បែកនេះដំបូងឡើយ មាននៅប្រទេសឥណ្ឌាភាគខាងត្បូង ដែលជាសិល្បៈធ្វើឡើងសម្រាប់ជាតង្វាយដល់ព្រះអាទិទេពដ៏មាន មហិទ្ធិឫទ្ធិរបស់ឥណ្ឌា ។ តង្វាយសិល្បៈស្បែកនេះ ជាការបួងសួងសុំសេចក្តីសុខចម្រើន និងសិរីមង្គលសម្រាប់ប្រជាជនឥណ្ឌា ។
ការកកើតឡើងនូវសិល្បៈស្បែកនេះ លើទឹកនៃព្រះរាជាណាចក្រកម្ពុជាដំបូងបំផុតដោយឥណ្ឌារូបនីយកម្មនាដើម សតវត្សទី១ នៃគ្រិស្តសករាជ ។ ក្នុងពេលមានលំហូរចូលសិល្បៈស្បែកបែបនេះមកក្នុងប្រទេសខ្មែរ នៅឯប្រទេសឥណ្ឌាមានសិល្បៈស្បែកនេះពាសពេញ ដូចជាស្រុកប៉ីជបូរ, បៃលារី, ជិត្រទូគ៌ា, រីង្គាឡ័រមីស័រ, ស្សីភេគ, ម័ងឌីយ៉ា, ទុបកូរ និងស្រុកនាតកាដែលសិល្បៈស្បែកនេះមានលក្ខណៈស្រដៀងដូចសិល្បៈស្បែក ខ្មែរបច្ចុប្បន្ននេះដែរ ។
សូមជម្រាបបន្ថែមថា ភាពស្រដៀងគ្នារវាងសិល្បៈស្បែកខ្មែរ និងឥណ្ឌានេះជាការបញ្ជាក់ថា សិល្បៈស្បែកទាំងពីរនេះ សុទ្ធតែមានភាពចំណាស់នៃប្រវត្តិរបស់វានៅក្នុងប្រទេសនីមួយៗយ៉ាងពិត ប្រាកដ ហើយសិល្បៈស្បែកនេះក៏នៅតែបន្តថែរក្សារហូតមកដល់បច្ចុប្បន្ននេះ ទៀត ក្រោយពីបានជះឥទ្ធិពលលើណាំងថៃនាសម័យសុខោទ័យ និងអាយុធ្យា ។
ជារួមដូចប្រទេសឥណ្ឌូនេស៊ី និង ម៉ាឡេស៊ីដែរ សិល្បៈស្បែកខ្មែរ ពិតជាមានប្រភពចេញពីឥណ្ឌាយ៉ាងប្រាកដ ៕