វប្បធម៌ និងសិល្បៈ ខេត្តកំពង់ឆ្នាំង

Post by admin

09:25 - 09/04/2024

Comment

បើនិយាយពីដើមកំណើតនៃរបាំ​​នេះ មានប្រភពលេចឡើងច្រើនទាក់ទងទៅខាងរឿងនិទាន ​ដូចជាអ្នកភូមិ​អញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បាន​និទានថា កាលនោះ មានព្រាន​ព្រៃម្នាក់ ឈ្មោះព្រាន «ពរ» បាន​ទទួល​ព្រះរាជ​បញ្ជា​ហើយក៏ចេញទៅរក​បរបាញ់​ទន្សោង។ ព្រានទោយូរណាស់ទើបត្រឡប់ចូលគាល់ព្រះរាជាវិញដោយយដៃទទេរ គ្មាន​ទន្សោង​ឡើយ។ ស្តេចក៏​ត្រាស់​សួរថា « ហេតុអ្វីក៏​ពុំបាន​ទន្សោង​មួយសោះ ដូច្នោះ? » ព្រានព្រៃ ក្រាបបង្គំទូលថ « ទូលព្រះបង្គំ​បានទៅ​ដល់ព្រៃ ដែល​សម្បូរ​ទៅ​ដោយ​សត្វទន្សោង និង​ម្រឹគ​ដទៃៗ​ ប៉ុន្តែ​ដោយ​ទូល​ព្រះបង្គំ​រវល់​តែ​មើលទស្សនីយ​ភាព​មួយ​យ៉ាង​ចម្លែក​ណាស់ គឺ​សត្វទន្សោង​មួយគូ​ញី​ឈ្មោល​ចេះរេរាំ​បាន​យ៉ាង​ល្អ ជាហេតុ​នាំឱ្យ​ទូល​ព្រះបង្គំ​ជក់ចិត្ត​មើល​មិន​អាច​បាញ់​វា​កើត​ឡើយ។​ គ្រា​​ដំបូង​ទូល​ព្រះបង្គំ គង​ស្នាលើ​ស្មាលបៗ​ចូលទៅ​ប្រុងបាញ់​ដែរ តែដោយ​សារសោភណភាព​នៃក្បាច់ ចង្វាក់​រេរាំរបស់​សត្វនេះ ស្រស់ស្អាតពេក ក៏ខកខាន​រកតែ​តម្លោះ​ព្រួញ​ឱ្យរត់​ទៅមុខ​មិន​កើត។ មិនតែប៉ុណ្ណោះ មាន​ខ្លា​ធំមួយ​បាន​លបមក​បម្រុង​នឹង​ចាប់​ទន្សោង​នោះ​ដែរ ក៏​ចាប់​មិន​កើត បែរជា​គោះជើង ធ្វើជា​ចង្វាក់​ឱ្យសត្វ​នោះ​រាំទៅ​វិញ។ ឯសត្វ​កន្លង់​មួយហ្វួងហើរស្រ ប្រទក្សិណ​ជុំវិញ​ទន្សោង​ទាំង​ពីជួយ ធ្វើ​ជា​សូរ​សំនៀង​ពីរោះ​ល្វើយល្វែងណាស់ ។ » ​ ព្រះរាជា​ទ្រង់ព្រះសណ្តាប់​ដូច្នេះហើយ ក៏បង្គាប់​ឱ្យព្រាន​ធ្វើត្រាប់​តាមទស្សនីភាព​នោះ​ថ្វាយព្រះអង្គទត។ ព្រាន​ខំធ្វើ​ត្រាប់​ឱ្យបាន​គ្រប់​កាយ​វិការ និង​សូសៀង​សត្វ​ថ្វាយ​ព្រះរាជា​ទ្រង់​ទត​គ្មាន​សល់​ចន្លោះ​អ្វី​។​

ការសម្តែងកាយវិកាយ​របស់ព្រាន ពរ នេះហើយ ដែលកើតបានជា​វង់របាំ​នេះឡើងដោយ ៖​

-      អ្នកពាក់​ស្នែងពីរនាក់ ជាតំណាង​ទន្សោងញី-ឈ្មោល

-      ​សម្លេង​ស្គរតំណាង​សន្ធឹក​ខ្លាធំ

-      សម្លេង​ព្លយ​ជាតំណាង​សូរសត្វ​កន្លង់។

វង់ភ្លេង​នៃ​របាំនេះ គេហៅថា «ភ្លេងមហោពរ» គឺគេសម្គាល់​តាម​ឈ្មោះ​ព្រាន ពរ ដែល​ជាអ្នក​បង្កើតវា​ឡើង។​ ប៉ុន្តែបើយើងដេញដោលរិះរេ គិតស្រាវជ្រាវតាមបែបជាតិពិន្ធុសាស្រ្តវិញ យើងយល់បានម្យ៉ាងទៀតថា ក្នុងចំណោម​ជនជាតិដើម​ភាគតិចនៅក្នុ្ងង​ប្រទេសកម្ពុជា មានជនជាតិ​មួយហៅថា «ព័រ» ដែលច្រើន​រស់នៅ​តាម​ជួរភ្នំក្រវាញ ត្រង់​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់, ​ស្រុក​ភ្នំស្រួច ខេត្តកំពង់​ស្ពឺ, ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង និង​ខេត្តកោះកុង ។ របាំនេះសោតក៏មានតែត្រង់ភូមិភាគទាំងនេះដែរ។ ការណ៍នេះនាំឲ្យគេ​សន្និដ្ឋាន​បានថា ព្រាន ពរ នេះ គឺជាព្រានសាសន៍ព័រ ។ ព្រោះហេតុនេះ យើងសរុបបានថា របាំស្នែងទន្សោងជាកេរដំណែលមកពីពួកព័រ សម្រាប់លេងប្រកបពិធីអ្វីមួយ ដោយយកលំនាំតាមរបរគ្នាគេជាអ្នកប្រមាញ់ ។ តាមសេចក្តីអភិប្បាយយ៉ាងវែងរបស់លោក រ. បារាដាត៍ ក្នុងព្រឹត្តិបត្រសាលាបារាំងចុងបូព៌ាប្រទេស របាំស្នែងទន្សោងនេះប្រាកដជាកើតឡើងពីពួកជាតិព័រពិតមែន ដោយលោកបានទៅធ្វើសេចក្តីសង្កេតដល់ទីកន្លែងរស់នៅជាមួយពួកព័រនេះអស់រយៈពេលយ៉ាងយូរ ។ លោកបានអះអាងទៀតថា លោកធ្លាប់ឃើញពួកព័រលេងនេះរបាំផ្ទាល់ភ្នែកហើយលោកមានទាំងថតរូបចុះផ្សាយក្នុងអត្ថបទលោកទៀតផង ។ ដូច្នេះ យើងអាចសរុបសេចក្តីបានថា បណ្ដាជនដែលរស់នៅលើទឹកដីយើងពីបុរាណ មានសាសន៍ព័រជាអាទិ៍ សុទ្ធតែបានបង្កើតរបាំលំហែចិត្តដោយប្រតិដ្ឋយកតាមលំនាំនៃការប្រកបរបរចិញ្ចឹមជីវិត គឺកាលនោះគេរស់នៅក្នុងព្រៃមានតែម្រឹគជាញាតិមិត្ត ឬជាចំណីអាហារប្រចាំថ្ងៃ ម្ល៉ោះហើយ ការប្រតិដ្ឋក្បាច់រាំរែកនិងប្រដាប់តាក់តែងកាយដោយផ្ដេកផ្ដួលទៅរករូបភាពនិងកាយវិការម្រឹកទាំងនោះដែរ។