វប្បធម៌ ភ្នំដោះក្រមុំ ខេត្តមណ្ឌលគិរី

Post by admin

10:18 - 06/04/2024

Comment

ភ្នំដោះក្រមុំ ស្ថិតនៅទីរួមខេត្តមណ្ឌលគីរី ដោយជម្រាលភ្នំខាងត្បូងទល់នឹងប្រលានយន្តហោះ ភ្នំនេះ គ្របដណ្តប់ទៅដោយវាលស្មៅ ពីចង្កេះភ្នំរហូតដល់កំពូលភ្នំ។ ទិដ្ឋភាពភ្នំដោះក្រមុំ មានលក្ខណៈស្រដៀងគ្នាទៅនឹងភ្នំជាច្រើនទៀត ដែលមាននៅក្នុងស្រុកមនោរម្យ និង ស្រុកអូររាំង នៃខេត្តមណ្ឌលគីរី។ ប្រជាជនទាំងបងប្អូនខ្មែរលើ ក៏ដូចជាបងប្អូនខ្មែរកណ្តាល ដែលរស់​នៅ​ក្នុងខេត្តមណ្ឌលគីរី បានចាត់ទុក ភ្នំដោះក្រមុំ ជាកន្លែងសក្ការៈមួយយ៉ាងសំខាន់ ទន្ទឹមនឹងនេះ គេបាន​ចាត់​​ទុកភ្នំដោះក្រមុំ ជាមជ្ឈមណ្ឌលវប្បធម៌ របស់ព្រះរាជាណាចក្រកម្ពុជា។​តាមការហៅឈ្មោះ ភ្នំដោះក្រមុំ គឺហៅតាមការប្រសិទ្ធិនាម របស់មន្ត្រីរាជរដ្ឋាភិបាលម្នាក់ បានចុះទៅ បំពេញបេសកកម្មរៀបចំដែនដី នៅតំបន់ក្បែភ្នំនោះ កាលពីចុងទសវត្សឆ្នាំ១៩៥០ និងដើមទសវត្សឆ្នាំ ១៩៦០​ ដើម្បីបង្កើតខេត្តថ្មីមួយទៀតគឺ ខេត្តមណ្ឌលគីរី។ ទឹកដីនៃខេត្តនេះ តាំងពីសម័យអាណានិគម បារាំង រហូតដល់ឆ្នាំ១៩៦១ ត្រូវបានគេស្គាល់ថា ជាតំបន់ឆ្លូងលើនៃស្រុកមួយខេត្តក្រចេះ។ ការប្រសិទ្ធ នាមភ្នំដោះក្រមុំនោះ គឺយោងទៅតាមលក្ខណៈរូបរាងនៃភ្នំ មានសភាពដូសុដន់ នារីក្រមុំព្រហ្មចារី កំពុង​ដេក​ផ្ងារ។ ឈ្មោះនេះ បានជ្រួតជ្រាបដល់បងប្អូនខ្មែរ និងព្នងដែលរស់នៅខេត្តនេះ។ បងប្អូនខ្មែរដើមជនជាតិភាគតិច មានជំនឿបែបនេះ ដោយសារមានរឿងព្រេងមួយ ដំណាលពីភ្នំដោះក្រមុំថា៖ មានបុរសម្នាក់ឈ្មោះ ស្រុះ រស់នៅក្នុងភូមិអូរទ្រូ ស្រុះ តែងតែធ្វើដំណើរជាញឹកញាប់ ទៅលេងបងប្អូននៅ​ត្រពាំងអំបិល ហើយបានឃើញនារីម្នាក់ឈ្មោះ ផ្លំ មានរូបសម្បត្តិស្រស់ស្អាត នៅក្នុងភូមិនោះ បន្ទាប់មក​បុរសស្រុះ ក៏ចាប់ចិត្តស្រលាញ់នារីផ្លំ ហើយមានទំនាក់ទំនងជាមួយនាង រហូតដល់បានស្គាល់ចិត្តគ្នា។ ស្រុះ បានសុំឪពុកម្តាយឲ្យទៅចូលស្តីដណ្តឹងនាង ផ្លំ ដើម្បីរៀបការជាប្តីប្រពន្ធ។ ឪពុកម្តាយនាងផ្លំ ក៏យល់ ព្រមឲ្យកូនរៀបការជាមួយស្រុះ តែពុំទាន់កំណត់ពេលវេសលាទេ ព្រោះមង្គលការអាចកំណត់ ទៅបាន​លុះត្រា​តែខាងកូនកំលោះអាចរកបណ្ណាការសម្រាប់ជូន ទៅខាងកូនក្រមុំសព្វគ្រប់ដូចជា ក្របី គោ ជ្រូក ពាង​សម្រាប់ដាក់ស្រាបឺត ព្រមទាំងគ្រឿងអលង្ការជាដើម។ ក្នុងពេលដែលគ្រួសារ ស្រុះរកជំនូនបានហើយ​ខាងគ្រួសារនាងផ្លំ ដែលកំពុងត្រៀមលក្ខណៈទទួលកូនកំលោះនោះ ក៏ចំពេលខែប្រមូលផលស្រូវដែរ។ បញ្ហាការត្រូវបានពន្យាពេលសិន ព្រោះជនជាតិព្នងមានជំនឿថា អ្វីៗសុទ្ធតែមានព្រលឹង បើប្រមូលផល ស្រូវ​ដាក់ក្នុងជង្រុកហើយមិនទាន់បានសែន មិនអាចឲ្យយកស្រូវទៅបុកបរិភោគ ឬប្រើប្រាស់ក្នុងពិធី​មង្គលការបានឡើយ ព្រោះនឹងធ្វើឲ្យមានគ្រោះចង្រៃដល់គូស្រករថ្មី។ ដូច្នេះ គេត្រូវរៀបពិធីសែនព្រលឹងស្រូវ ជាមុនសិន។ ថ្ងៃនេះគ្រួសារនាង ផ្លំ បានរៀបចំសែនព្រលឹងស្រូវ​ដើម្បី​អំពាវនាវហៅព្រលឹងស្រូវ ដែលវង្វេងបាត់នៅក្នុងព្រៃ ដោយត្រូវសត្វបំផ្លាញ ឬដោយអ្នកថែរក្សាព្រៃភ្នំ ជ្រោះជ្រលងដងអូរចាប់ឃាត់ទុក។ នៅថ្ងៃនោះដែរ នាងផ្លំ ក៏បានទៅដងទឹកយកមកប្រើប្រាស់។ នៅថ្ងៃ​នោះ​ដែរ​ ឪពុកម្តាយនាងផ្លំ ឆ្ងល់យ៉ាងខ្លាំងព្រោះនាងបានទៅដងទឹក យូរណាស់មកហើយ តែមិនទាន់​ឃើញ​នាងត្រឡប់មកវិញ ក៏នាំគ្នាស្រែកបង្កូកហៅនាង គ្រប់ទិសទី​ហើយដើរទៅរកដល់កន្លែងដងទឹក ស្រាប់​តែឃើញសាល់ (កាផា) និងឃ្លោកសម្រាប់ដងទឹក ដំណឹងនេះ បានធ្វើឲ្យស្រុះព្រួយបារម្ភយ៉ាងខ្លាំង តែទោះជាយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែព្យាយាមដើរកនាងផ្លំជានិច្ច។ ថ្ងៃមួយស្រុះ ត្រូវទៅកាប់ឬស្សី នៅក្បែភ្នំពីរ គឺភ្នំមួយមានព្រលឹងលោកយាយ ជូហូវ ថែរក្សា និងភ្នំមួយទៀត មានព្រលឹងលោកយាយ​ជីហ្គរ​ថែរក្សា ពេលឃើញស្រុះជញ្ជូន ឬស្សី​មកដាក់ក្បែរកន្លែងដងទឹក លោកយាយទាំងពីរក៏បានប្រាប់ នាងផ្លំ ឲ្យទៅជួបគូរដណ្តឹងរបស់នាង។ ខណៈនោះស្រុះ ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានជួបគូដណ្តឹង នាងផ្លំ បានរៀបរាប់សេចក្តីនឹករលឹករបស់ខ្លួនចំពោះស្រុះ និងដំណើរជីវិតរបស់នាង ក្នុងពេលបាត់ខ្លួន។ នាងបានបញ្ជាក់ថាលោកយាយទាំងពីបានឃាត់នាងអោយនៅថែរក្សាទឹកដីម្តុំអស់នេះ។ ពេលនោះនាង ក៏សុំឲ្យស្រុះមករស់នៅជាមួយនាង ដើម្បីសាងសុភមង្គលជាមួយគ្នា ស្រុះសប្បាយចិត្ត​ណាស់ ក៏យល់ព្រមទៅតាមការស្នើសុំរបស់នាងផ្លំ។ បន្ទាប់ពីការបាត់ខ្លួនរបស់នាងផ្លំ ហើយហេតុការណ៍បាត់ខ្លួន​របស់ស្រុះ​ បានធ្វើឲ្យមានការជ្រួលច្របល់​ពេញទាំងភូមិ ដូច្នេះគេក៏នាំគ្នាប្រារព្ធពិធីបន់ស្រន់។ ក្រោយពីការបន់ស្រន់រួចមក គេមិនឃើញមានការ​បាត់ខ្លួនអ្នកដទៃទៀតឡើយ។ ដោយមានជំនឿយ៉ាងខ្លាំង ពីភាពស័ក្តិសិទ្ធិរបស់ភ្នំនេះ បងប្អូនខ្មែរលើ ខ្មែរកណ្តាល ​​​ដែលរស់នៅ​ខេត្ត​មណ្ឌល​គិរី​នេះ គេបានសង់ខ្ទមមានដាក់ដុំថ្មជានិមិត្តរូប។ ក្រោយមកខ្ទមនោះ ត្រូវបានគេរុះរើជាបន្តបន្ទាប់ រហូតឈានដល់ការសាងសង់ជារោងយ៉ាងម៉ាំ ហើយឆ្លាក់​រូបបដិមាករ​ ធ្វើអំពីថ្មកែវយ៉ាធំមកពីខេត្តពោធិ៍សាត់ មកតម្កល់លើភ្នំ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៤ ដែលគេហៅថា “លោកតាស្រុះ (ភ្នំដោះក្រមុំ)”។