រូបភាពតូច ភ្នំបាយឆៅមានទីតាំងស្ថិតនៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ តំបន់ដែលធ្លាប់តែមានគ្រោះថ្នាក់ដោយសាររអិល និងមានចំណោតខ្ពស់ៗ ត្រង់ចំណុចភ្នំបាយឆៅ ស្ថិតនៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ពេលនេះបានប្រែរូបរាងទៅជាកន្លែងទាក់ទាញភ្ញៀវទេសចរ ពិសេសការផ្តិតយកទស្សនីយភាពធម្មជាតិខៀវស្រងាត់នារដូវវស្សា។ រំលឹកពីអតីតកាលដ៏ព្រឺព្រួចរបស់ភ្នំបាយឆៅ ដែលជាភ្នំមួយខ្ពស់ តាមបណ្តោយផ្លូវជាតិលេខ៧៦ ចេញពីក្រុងសែនមនោរម្យ សំដៅទៅខេត្តរតនគិរីដោយកាត់តាមភូមិសាស្ត្រស្រុកកោះញែក។ ភ្នំមានចំណោតខ្ពស់ ដែលមានផ្លូវពោរពេញដោយថ្មរដិបរដុប រអិលខ្លាំង មើលចុះមកខាងក្រោមស្ទើរដាច់កន្ទុយភ្នែក និងមានគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ និងរបួសមនុស្សជារឿយៗ។ ការធ្វើចរាចរណ៍បានតែរថយន្តកែច្នៃ ឬរថយន្តខ្ពស់ ឯរថយន្តតូចមិនអាចធ្វើដំណើរបានឡើយ។ ដោយហេតុតែពិបាកធ្វើដំណើរពេក ទើបអ្នកដំណើរតែងតែឈប់សម្រាកដាំបាយនៅទីនោះ។ ប៉ុន្តែដោយសារតែខេត្តមណ្ឌលគិរី មានអាកាសធាតុត្រជាក់ខ្លាំង និងមានសំណើមខ្យល់បក់ជាប្រចាំ ធ្វើឲ្យការដាំបាយនៅម្តុំនោះ ពុំបានឆ្អិនល្អនោះទេ ទើបគេប្រសិទ្ធនាមឈ្មោះភ្នំមួយនេះថា "ភ្នំបាយឆៅ" តែម្តងទៅ។ អំឡុងឆ្នាំ២០១២ ផ្លូវជាតិលេខ៧៦ បានស្ថាបនាយ៉ាងល្អស្អាត ទើបចំណុចភ្នំបាយឆៅ មានស្ថានភាពល្អប្រសើរដល់សព្វថ្ងៃ។ ភ្នំបាយឆៅ ត្រូវបានម្ចាស់ដីឯកជនស្នើសុំផ្ទាល់មាត់មកមន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរី ដើម្បីស្ថាបនា និងកែច្នៃទៅជាទីកន្លែងកម្សាន្ត និងទស្សនាទេសភាពធម្មជាតិិនៃសមុទ្រឈើដ៏ធំល្វឹងល្វើយយ៉ាងពិសេសមួយទៀត ក្រៅពីភ្នំដោះក្រមុំ និងសមុទ្រឈើ ក្នុងភូមិឡៅកា ក្រុងសែនមនោរម្យ។ លោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យបានកោតសរសើរចំពោះវិស័យឯកជន ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍផ្នែករមណីយដ្ឋានធម្មជាតិនេះ។ ការរួមចំណែកនេះ បានទាញយកប្រាក់ចំណូលពីវិស័យទេសចរណ៍ ដែលអាចផ្តល់ឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានមួយចំណែក។
☎️លេខទូរស័ព្ទ៖ 0978032356
📌ផែនទី៖ https://maps.app.goo.gl/eap3u27Uon6bFiuK8