សហគមន៍អេកូ-ទេសចរណ៍ធម្មជាតិកោះទ្រង់ ខេត្តក្រចេះ

Post by admin

22:38 - 05/04/2024

Comment

សហគមន៍អេកូ-ទេសចរណ៍ធម្មជាតិកោះទ្រង់ៈគឺជាកោះមួយដែលស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះទិសខាងលិចប្រមាណ ១​ គ.ម ។ កោះទ្រង់ជាសង្កាត់មួយក្នុងចំណោមសង្កាត់់ ទាំង៥ នៃក្រុងក្រចេះ ខេត្តក្រចេះ ។ កោះនេះមានភូមិចំនួន២ មានផ្ទៃដីសរុបទំហំ ២២៣ហិចតា មានប្រជាពលរដ្ឋភាគច្រើនជាកសិករ ពីព្រោះកោះនេះដីសម្បូរទៅដោយដីមានជីវជាតិ អំណោយផលដល់វិស័យកសិកម្ម។

កោះទ្រង់ជាតំបន់ដែលមានសក្តានុពលនៃវិស័យអេកូ-ទេសចរណ៍បែបធម្មជាតិ មួយដ៏ត្រកាលក្នុងចំណោមតំបន់ជាច្រើនទៀតរបស់ខេត្តក្រចេះ។ កោះនេះមានឆ្នេរខ្សាច់អមដោយទឹកទន្លេថ្លាយង់នារដូវប្រាំង ដែលលាតសន្ធឹងតាមបណ្តោយកោះផ្នែកខាងកើត ទល់មុខនឹងទីរួមខេត្តក្រចេះ គួរជាទីគយគន់ និងការធ្វើដំណើរកំសាន្តដ៏មនោរម្យ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសគឺការស្រូបយកជំនោរដ៏បរិសុទ្ធពីធម្មជាតិ។កោះនេះមានបណ្តោយប្រមាណ ៤.៥ គ.ម ពីជើងទៅត្បូង ព័ទ្ធដោយផ្លូវលំមួយខ្សែប្រវែង ៩ ​គ.ម និងអមដងផ្លូវសម្បូរទៅដោយដើមក្រូចថ្លុង ដែលមានរស់ជាតិផ្អែមពីធម្មជាតិពិតៗ នៅចំកណ្តាលកោះមានបឹងចំនួន២ ដែលមានចំការបនែ្ល និងស្រែប្រាំង/វស្សាលាស់ខៀវខ្ចីស្ទើរគ្រប់រដូវកាល សហគមន៍អេកូទេសចរណ៍ធម្មជាតិ បង្កើតឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៨ ក្រោមការជួយសម្របសម្រួលពីមន្ទីរទេសចរណ៍ខេត្តក្រចេះ អង្គការកាហ្វដុក និងមានការគាំទ្រថវិកាពីអង្គការមូលនិធីអាស៊ី តាមរយៈអង្គការ អុកស្វាមអង់គ្លេស។

📌ផែនទី៖ https://maps.app.goo.gl/TuEie5y6YwjRTYDG8