សារមន្ទីរខេត្តបន្ទាយមានជ័យ

Post by admin

12:44 - 22/03/2024

Comment

សារមន្ទីរខេត្តបន្ទាយមានជ័យ ជាកន្លែងរក្សាទុក និងអភិរក្ស វត្ថុបុរាណមានតម្លៃជាច្រើន ដូចជា៖ រូបចម្លាក់ គ្រឿងលម្អប្រាសាទ ជាពិសេសភាជន៍នាម័យបុរាណ និងសម្ភារៈធ្វើពីសំរឹទ្ធនិងដែក ទុកជាមរតកសម្រាប់សាធារណជនបានទស្សនានិងសិក្សាឈ្វេងយល់។  លោក ទេព សុខា ប្រធានការិយា ល័យវិភាគ និងពិសោធន៍ នៃនាយក ដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា សារមន្ទីរខេត្តបន្ទាយ មានជ័យ ត្រូវបានបង្កើតឡើងនាអំឡុងឆ្នាំ២០០៤ ក្រោមការកសាងនិងយកចិត្តទុកដាក់ពីក្រសួងវប្ប ធម៌និងវិចិត្រសិល្បៈ មានទីតាំងក្នុងក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមាន ជ័យ។

នៅទីនេះ មានរក្សាទុក សមុច្ច័យរាប់រយប្រភេទ មានអាយុ កាលយូរឆ្នាំ មានខ្លះតាំងពីសម័យបុរេប្រវត្តិសាស្ត្រ ឬសម័យយុគ្គដែក រហូតមកដល់សម័យមុនអង្គរ សម័យអង្គរ  និងសម័យកណ្តាល ដែលមានវត្ថុសិល្បៈមានតម្លៃ ទាំងនៅក្នុងខេត្តបន្ទាយមានជ័យ និងវត្ថុនៅក្នុងខេត្តជាច្រើនទៀត ដោយភាគច្រើនបានមកពីការជួញដូរ ការលួចជីកគាស់កកាយចល័ចពីកន្លែងមួយទៅកន្លែងមួយទៀតដែលសមត្ថកិច្ចបង្រ្កាបបាន ការធ្វើកំណាយពីស្ថានីយ៍បុរាណនានា និងការបរិច្ចាគពីប្រជាពលរដ្ឋ ។ លោកបន្តថា សកម្មភាពការងារចាំបាច់ជាច្រើន ដែលក្រសួងបានធ្វើ ដើម្បីថែរក្សា អភិរក្សសមុច្ច័យ ជាបេតិក ភណ្ឌវប្បធម៌ជាតិ ដែលបានថែរក្សាទុកក្នុងសារមន្ទីរនេះ មានដូចជា៖ កិច្ចការងារអភិរក្ស ការរៀបចំវត្ថុសិល្បៈទាំងអស់នៅក្នុងឃ្លាំង ចុះបញ្ជីសារពើភណ្ឌ និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីនិរន្តរភាព ថែរក្សា អភិរក្សបេតិកភណ្ឌឱ្យបានគង់វង្ស។ លោកបានបន្តទៀតថា ដោយសារសារមន្ទីរខេត្តបន្ទាយមានជ័យ ជាកន្លែងមួយមានរក្សាទុកវត្ថុសិល្បៈមានដ៏ច្រើនលើសលុប ដែលអាចផ្តល់ចំណេះដឹងល្អៗ ដល់សិស្សនិស្សិតឬសាធារណជន ដែលមានបំណងចង់សិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រខ្មែរ អាចចូលមកទស្សនានៅទីនេះបាន ដោយមិនមានការលក់សំបុត្រចូលទស្សនាឡើយ។

 នៅសារមន្ទីរនេះ មានការតាំងបង្ហាញតាំងពីសម័យបុរេប្រវត្តិសាស្ត្រ ដែលស្ថិតនៅសម័យយុគ្គដែកមក រហូតមកដល់សម័យមុនអង្គរ ហើយសម័យអង្គរ រហូតមក ដល់សម័យកណ្តាល ដែលយើងឃើញរូបព្រះពុទ្ធមួយអង្គដែលគង់ នៅទីនេះ។ នេះហើយជាសារមន្ទីរមួយដ៏សំខាន់មែនទែន ដែលអ្នកសិក្សាឬទេសចរអាចចូលមកទស្សនា ដោយសេរីដោយមិនលក់សំបុត្រអីទេ អ៊ីចឹងសូមភ្ញៀវជាតិ និងអន្តរជាតិអញ្ជើញមកទស្សនា ហើយផ្តល់ផ្នែកមួយដ៏សំខាន់ជាចំណេះដឹងមួយដែលទាក់ទងនិងចំណេះដឹងរបស់ខ្មែរយើងផ្នែកមរតកវប្បធម៌ តាំងពីសម័យបុរេប្រវត្តិ រហូតដល់សម័យកណ្តាល ដែលសិស្សនិស្សិតអាចអញ្ជើញមកទស្សនាបាន។ សូមជម្រាបផងដែរថា ក្រៅពីកិច្ចការងារថែរក្សា និងអភិរក្សសមុច្ច័យ សារមន្ទីរខេត្តបន្ទាយមានជ័យ ក៏ជាកន្លែងផ្តល់ចំណេះដឹងផ្នែកបុរាណ វិទ្យាមួយ សម្រាប់សិស្សនិស្សិត និងភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនានិងសិក្សាឈ្វេងយល់ផងដែរ។ សារមន្ទីរបើកដំណើរការឱ្យសាធារណជន បានចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១១ព្រឹក និងរសៀលចាប់ពីម៉ោង២ ដល់ម៉ោង៥ល្ងាច៕

☎️លេខទូរស័ព្ទ៖​​ 0883102213
📌ផែនទី៖ https://maps.app.goo.gl/1cdupnTPhsjvRc3DA