ឧទ្យានជាតិវិរៈជ័យមានទីតាំងនៅភាគឦសានប្រទេសកម្ពុជាលាតសន្ធឹងគ្របដណ្តប់ខេត្តរតនគិរី និង ស្ទឹងត្រែង ។ ឧទ្យាននេះមានព្រំប្រទល់ជាប់ប្រទេសលាវ និង វៀតណាមហើយមានផ្ទៃក្រឡា ៣.៣២៥ គីឡូម៉ែត្រក្រឡា និង ស្ថិតនៅភាគនិរតីនៃប្រជុំជួរភ្នំអាណោម ដែលចេញពីប្រទេសវៀតណាម និង ស្ថិតនៅជាយវាល ព្រៃជម្រុះស្លឹកឥណ្ឌូចិន កណ្តាល ។ ឧទ្យានជាតិវិរៈជ័យ ចាត់ទុកជាដែនជម្រកមួយសម្រាប់ពពួកថនិកសត្វធំៗរបស់ប្រទេសកម្ពុជា មានដូចជាខ្ទីង ទន្សោង ក្របីព្រៃ ដំរី ខ្លាដំបង ខ្លារខិន ជាដើម ។ លក្ខណៈជីវសាស្ត្រឧទ្យានជាតិវីរៈជ័យ មានសារសំខាន់ដល់ការងារ អភិរក្សអន្តរជាតិ ។ ឧទ្យានជាតិនេះជាដែនជម្រកព្រៃឈើសើមរយៈកម្ពស់មធ្យមប្រមាណជាង ៧៥ ភាគរយ នៃផ្ទៃប្រទេស ។ ភាគច្រើននៃតំបន់ភូមិភាគឦសានប្រទេសកម្ពុជាគ្របដណ្តប់ដោយព្រៃជម្រុះស្លឹក និង ព្រៃពាក់កណ្តាលស្រោង ។ ព្រៃឈើឧទ្យានជាតិវីរៈជ័យ ភាគច្រើនជាប្រភេទព្រៃពាក់កណ្តាលស្រោង និង ព្រៃស្រោងបៃតងជានិច្ច ។ ទិដ្ឋភាពចម្រុះរបស់ឧទ្យានជាតិនេះ ក៏បង្កប់ផងដែរនូវតំបន់ទំនាបលិចទឹក វាលស្មៅ ព្រៃឫស្សី ព្រៃចម្រុះ ជ្រុះស្លឹក និង ព្រៃជ្រុះស្លឹកសុទ្ធ ។ ឧទ្យានជាតិនេះអាចជាដែនជម្រកព្រៃឈើនៅសល់ចុងក្រោយគេបំផុតដែល មានរុក្ខជាតិ ប្រចាំតំបន់ចាំបាច់ត្រូវការពារ ។ មានទន្លេធំៗពីរ គឺទន្លេសេសាន នៅភាគខាងត្បូង និង ទន្លេសេកុង នៅភាគខាងលិច ជាប់នឹងឧទ្យានជាតិ ។ ទន្លេធំៗទាំងពីរ និង ស្ទឹងធំៗមួយចំនួនទៀត ដែលមាននៅក្នុងឧទ្យានជាតិ គឺជាប្រភពអាង ទឹក ដ៏សំខាន់របស់តំបន់នេះ ហើយវាក៏បានទ្រទ្រង់ដល់ធម្មជាតិ និង សត្វទឹកនានាមួយចំនួនធំដែលខ្លះជាប្រភេទប្រចាំតំបន់។
☎️លេខទូរស័ព្ទ៖ 0977481384
📌ផែនទី៖ https://maps.app.goo.gl/5KN6xboWPizgJLtQ6