អតីតរមណីយដ្ឋានវប្បធម៌នៃខេត្តសៀមរាបមានឈ្មោះថា “ភូមិវប្បធម៌” បានប្រែមុខមាត់ថ្មីទៅជា “សួនបៃតងអង្គរ” (Angkor Green Gardens) ក្រោមការគ្រប់គ្រងថ្មីរបស់ក្រុមហ៊ុន Dara Group ក្រោយពី “ភូមិវប្បធម៌” ត្រូវបានបិទដំណើរការដោយសារវិបត្តិជំងឺកូវីដ១៩ នាពេលកន្លងទៅ។បន្ទាប់ពីការកែប្រែ និងបើកឱ្យដំណើរការជាសាធារណៈកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ គេសង្កេតឃើញថាមានភ្ញៀវទេសចរជាតិជាច្រើនបានមកទស្សនាសួនបៃតងអង្គរនេះជាហូរហែ។ លោក ហង្ស វណ្ណៈ មានអាយុ៤១ឆ្នាំ ជានាយកចាត់ការទូទៅបាន ជម្រាបឱ្យដឹងថា៖ «នៅក្នុងអំឡុងពេលបើកឱ្យភ្ងៀវមកទស្សនាដំបូងដោយ សេរីចាប់ពីទី១៨ ដល់ទី៣០ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅឃើញថាចំនួនភ្ញៀវមកចូលទស្សនាមានច្រើនលើសលុប ពោលគឺថ្ងៃចុងសប្តាហ៍មានចំនួនជិត ១ម៉ឺននាក់ ដោយភាគច្រើនជាភ្ញៀវជាតិ ខណៈមានភ្ញៀវអន្តរជាតិតិចតួចប្រមាណពី ២ទៅ៥% ប៉ុណ្ណោះ។ សម្រាប់ថ្ងៃធម្មតាវិញគឺមានប្រមាណជាង ២០០០នាក់»។
ក្នុងរមណីយដ្ឋានសួនបៃតងនេះ មានភូមិខ្មែរ និងភូមិជនជាតិភាគតិចចំនួន១២ ដូចជា៖ ភូមិខ្មែរ ភូមិចិន ភូមិចាម ភូមិគ្រឹងជាដើម។ ក្រៅពីភូមិទាំងនោះ មានកន្លែងទេសចរណ៍ផ្សេងៗជាច្រើនទៀតដូចជា៖ សារមន្ទីរ សួនដៃណូស័រ ស្ពានកំពង់ក្ដី សួនប៉ាន់តែចិន កម្រងផ្កាចម្រុះពណ៌ ផ្ទះលើទឹក និងកន្លែងមួយចំនួនទៀតដែលស្ថិតក្នុងការជូសជុលនៅឡើយ។ លោក វណ្ណៈ បានបញ្ជាក់ទៀតថាក្រុមការងារគ្រប់គ្រងសួនកំពុងពិនិត្យមើលលទ្ធភាពក្នុងការបើកផ្សាររាត្រីនៅទីនេះផងដែរ ដើម្បីឱ្យប្រជាជនក្នុងស្រុកលក់ផលិតផលដែលមិនមានជាតិគីមីជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាសួននេះ។
គួរបញ្ជាក់ផងដែរថា រមណីយដ្ឋានសួនបៃតងអង្គរមានផ្ទៃដី២១ហិកតាដែលបានបើកដំណើរការថ្មីដោយក្រុមហ៊ុន ឯកជនមួយឈ្មោះ Dara Group ដោយមើលឃើញពីសក្តានុពលលើវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបនេះ។ ដោយឡែកសួនបៃតងអង្គរនេះ ក៏ជាផ្នែកមួយនៃការជួយកែប្រែមុខមាត់ខេត្តនេះផងដែរ បន្ទាប់ពីរដ្ឋាភិបាលបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំង ៣៨ ខ្សែក្នុងទីក្រុងកន្លងទៅនេះ។ យ៉ាងណាមិញ នៅពេលក្រុមការងាររបស់ទស្សនាវដ្តីញញឹមខ្មែរបានសាកសួរលោក វណ្ណៈ ពីគម្រោងទីក្រុងឆ្លាតវៃសម្រាប់ខេត្តសៀមរាប លោកបានឆ្លើយយ៉ាងខ្លីថារូបលោកពុំបានដឹងច្បាស់ពីគម្រោងនេះទេ តែធ្លាប់បានឮតិចតួចប៉ុណ្ណោះពីវា។ លោក វណ្ណៈ ក៏បាន សម្តែងនូវក្តីរំពឹងទុកពីការអភិវឌ្ឍក្រុងសៀមរាបតាមរយៈការគ្រប់គ្រងដោយប្រព័ន្ធបច្ចេកទេសទំនើប ដូចអ្វីដែលបានលើកឡើងក្នុងគម្រោងទីក្រុងឆ្លាតវៃកម្រិតអាស៊ានមួយនេះ៕
☎️លេខទូរស័ព្ទ៖ 063963836
📌ផែនទី៖ https://maps.app.goo.gl/nZodHtCLf97n5vkx6