ប្រាសាទអង្គរវត្ត ឬ នគរវត្ត

Post by admin

16:46 - 08/04/2024

Comment

ប្រាសាទ អង្គរវត្ត ឬ នគរវត្ត (អង់គ្លេស: Angkor Wat) or (Nokor Wat) ជាប្រាសាទ ដែលធំបំផុត នៅក្នុងប្រទេសកម្ពុជា ដែលមានមាឌដ្ឋានលើផ្ទៃដីទំហំ ១៦២,៦ ហិចតា ដោយស្មើនឹង (1,626,000 m2) ។ រចនាសម្ព័ននៃសំណង់ប្រាសាទត្រូវ បានចាត់ទុកជាស្ថាបត្យកម្មដ៏កំពូល នៃ អច្ឆរិយៈវត្ថុរបស់ពិភពលោក ដែលត្រូវបានសាងសង់ឡើងក្នុងស.វទី១២ ដោយព្រះបាទ សូរ្យវរ្ម័នទី២ ដែលជាព្រះមហាក្សត្រ នាសម័យកាល ចក្រភពខ្មែរ ប្រាសាទនេះសាងសង់ ដើម្បីឧទ្ទិសឱ្យ ព្រហ្មញ្ញសាសនា នៃលទ្ធិជំនឿលើ ព្រះវិស្ណុ ដូចនេះហើយ ប្រាសាទអង្គរវត្តត្រូវបានគេសន្មតថា ជាប្រាសាទសាសនា ដែលធំបំផុតនៅលើពិភពលោក ដែលជាប់ក្នុងកំណត់ត្រាពិភពលោក "ហ្គីនណេស" (Guinness World Records) ក្នុងអំឡុងឆ្នាំ ១៩៨៥ ។

​ប្រាសាទអង្គរវត្ត ត្រូវបានកសាងឡើងក្នុងឆ្នាំ ១១២២ នៃគ.សករាជ ដែលត្រូវនិង ស.វទី១២ ក្នុងរជ្ជកាលព្រះបាទ សូរ្យវរ្ម័នទី២ ដែលប្រាសាទនេះបានសាងសង់ឡើងក្នុងពហុបំណងច្រើនយ៉ាងរបស់ព្រះអង្គ ដោយការឧទ្ទិសឱ្យអង្គទេព ព្រះវិស្ណុ ការរំលឹកដល់ស្នាដៃរបស់អង្គខ្លួនឯងផ្ទាល់ផង ការផ្ដល់ជាទីឋានបរមសុខ នៅពេលដែលទ្រង់សោយទីវង្គត់នៅពេលខាងមុខផងដែរ ។​ ប្រាសាទអង្គរវត្ត ត្រូវបានបោះបង់ចោលដោយសង្គ្រាមឈ្លានពាន របស់កងទ័ពសៀម ក្នុងអំឡុងស.វទី១៤ ដោយព្រះបាទ បរមរាជាទី១ នៃអង្គ ពញ្ញាយ៉ាត ដែលប្រកាសចាកចោលរាជធានីអង្គរ ក្នុងឆ្នាំ ១៣៨៨ នៃគ.សករាជ នេះបើយោងតាមពង្សាវតារ នៃកំណត់ត្រាប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងសៀវភៅឯកសារ មហាបុរសខ្មែរ ក្នុងឆ្នាំ ១៩២៩ ដែលត្រូវបានយកមកប្រែសម្រួលដោយលោក អេងស៊ុត ក្នុងឆ្នាំ ១៩៦៩ ។ ប្រាសាទអង្គរវត្ត បានបន្តការបោះបង់ចោលរហូតដល់រាជព្រះបាទ ចន្ទរាជា ដែលបានលើកកងទ័ពលង្វែក ទៅកំចាត់សៀម នៅតំបន់អង្គរ ក្នុងឆ្នាំ ១៥៤០ នៃគ.សករាជ ក្រោយមកទើបព្រះអង្គបានជួសជុលប្រាសាទអង្គរវត្ត ត្រង់រោងថែវចម្លាក់ផ្នែកខាងកើតឈៀងខាងជើង និង រោងថែវមួយផ្ទាំងទៀតនៅខាងជើង ចំណែកឯផ្នែកខាងលើនៃតួប៉មកណ្ដាលមានតឹកតាង នៃការលម្អដោយរូបព្រះពុទ្ធរូប៤អង្គ ឈរបែរខ្នងទល់គ្នាទៅរកទិសធំទាំងបួន កើត-លិច-ជើង-ត្បូង ដែលត្រូវបានតម្កល់ដើម្បីបិទផ្ជិតចំហរបស់តួប៉មកណ្ដាលនៃគូបរៈ ដែលរូបចម្លាក់បង្ហាញពីការឆ្លាក់ក្នុងទម្រង់ខុសគ្នា នៃទឹកដៃរបស់ជាងចម្លាក់ផងដែរ ។

 

📌ផែនទី៖ https://maps.app.goo.gl/g4WNSq2q3YzMtPxf9