ប្រាសាទបន្ទាយក្តី ខេត្តសៀមរាប

Post by admin

12:00 - 08/04/2024

Comment

ប្រាសាទបន្ទាយក្តីមានទីតាំងស្ថិតនៅជាប់នឹងប្រាសាទតាព្រហ្ម ជ្រុងអាគ្នេយ៍ក្នុងភូមិស្រះស្រង់ខាងត្បូង បើធ្វើដំណើរតាមផ្លូវខាងកើតអង្គរវត្ត ត្រូវកាត់តាមប្រាសាទក្រវ៉ាន់។ ប្រាសាទនេះត្រូវបានកសាងឡើងនៅពាក់កណ្តាលទី២ នៃសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ។ ប្រាសាទនេះមានលក្ខណៈស្រដៀងគ្នានឹងប្រាសាទតាព្រហ្ម ប៉ុន្តែមានទំហំតូចជាង និងមិនសូវស្មុគស្មាញ។ មិនមាននរណាដឹងថាប្រាសាទនេះ សាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រះលោកេស្វរៈនៃព្រះពុទ្ធសាសនាមហាយាន។ ការស្រាវជ្រាវថ្មីៗនេះធ្វើឡើងដោយសាកលវិទ្យាល័យសូហ្វីយ៉ា បានបញ្ជាក់ថាបន្ទាយក្តី បានសាងសង់ឡើងនៅលើប្រាសាទ ដែលមានអាយុចាស់ជាងសតវត្សរ៍ទី១២ ដោយសារគេឃើញគ្រឹះនៃប្រាសាទមួយទៀត ក្រោមគ្រឹះនៃប្រាសាទបន្ទាយក្តី ដែលគេសន្និដ្ឋានថាវាមានទំនាក់ទំនងទៅនឹងភូមិកុដិ តាំងពីសម័យព្រះបាទជ័យវរ្ម័នទី២។ ប្រាសាទបន្ទាយក្តីមានខ្លោងទ្វារចំនួន២សម្រាប់ចេញចូលគឺនៅទិសខាងលិចនិងទិសខាងកើត។ ឈ្មោះប្រាសាទបន្ទាយក្តីផ្គុំឡើងដោយពាក្យបន្ទាយបូកនិងពាក្យក្តី។ ពាក្យបន្ទាយត្រូវបានសម្គាល់ថាជាក្រុងឬប្រាសាទរីឯពាក្យក្តីក្លាយមកពីពាក្យកុដិ ដែលក្រោយមកត្រូវបានបញ្ចេញសូរនិងសរសេរជាក្តីវិញ។ ប្រាសាទបន្ទាយក្តីគឺជាប្រាសាទបែបព្រះពុទ្ធសាសនាមហាយានមួយក្នុងចំណោមប្រាសាទព្រះពុទ្ធសាសនាមហាយានជាច្រើនកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ កសាងនៅក្នុងសតវត្សទី១២។ ប៉ុន្តែសម័យកណ្តាលប្រាសាទនេះបានក្លាយជាទីសក្ការៈបូជានៃព្រះពុទ្ធសាសនាហិនយានវិញដែលមានវត្តនិងចេតិយជាដើម។ មានភស្តុតាងជាច្រើន ដែលនាំឱ្យមានសេចក្តីសនិដ្ឋានយ៉ាងដូចច្នេះគឺតាមរយៈការធ្វើកំណាយរកឃើញកោដ្ឋដាក់ធាតុជាច្រើននៅបរិវេណប្រាសាទនេះ។ លើសពីនេះទៅទៀតនៅពេលភ្ញៀវទេសចរជនជាតិអឺរ៉ុបបានមកទស្សនាតំបន់អង្គរនៅសតវត្សទី១៩ក៏បានកត់ត្រាទុកថា មានព្រះពុទ្ធបដិមា និងកុដិរបស់ព្រះសង្ឃនៅក្នុងបរិវេណរបស់ប្រាសាទនេះជាភស្តុតាងផងដែរ

សិលាចារឹកមានចំនួន៥ផ្ទាំងត្រូវបានគេប្រទះឃើញនៅក្នុងបរិវេណប្រាសាទបន្ទាយក្តី។ សិលាចារឹកចំនួន៣ត្រូវបានគេសិក្សារួចរាល់ហើយ។ នៅក្នុងអត្ថន័យនៃសិលាចារឹកទាំងនោះមាននិយាយអំពីឈ្មោះរបស់អាទិទេព អ្នកបម្រើការខាងសាសនារបស់ព្រះមហាក្សត្រជាដើម។ នៅក្នុងចំណោមសិលាចារឹកទាំងអស់មានសិលាចារឹកតែមួយគត់ដែលស្ថិតនៅក្នុងប្រាសាទរហូតដល់សព្វថ្ងៃ ចំណែកឯសិលាចារឹកផ្សេងទៀតគឺត្រូវបានគេយកមកតម្កល់ទុកនៅសារមន្ទីរជាតិភ្នំពេញ។

ប្រាសាទបន្ទាយក្តីមានកំពែងព័ន្ធជុំវិញសាងអំពីថ្មបាយក្រៀមចំនួនបីជាន់ ហើយមានខ្លោងទ្វារសាងអំពីថ្មភក់បែរមុខទៅរកទិសខាងកើតនិងខាងលិច លើកលែងតែកំពែងទី១នៅខាងក្រៅមានខ្លោងទ្វារចេញចូលចំនួនបួនទិសសំខាន់ទាំងបួនដែលខ្លោងទ្វារនីមួយៗមានកំពូលមុខបួនដូចខ្លោងទ្វារប្រាសាទតាព្រហ្មនិងខ្លោងទ្វាររាជធានីអង្គរធំ។ មានកសិន្ធុព័ន្ធជុំវិញ កំពែងទី២មានហោត្រ័យ សាលរបាំ និងអាគារបន្ទាប់បន្សំផ្សេងៗទៀត

📌ផែនទី៖ https://maps.app.goo.gl/Lcmso1GFEhaizTPB7