កោះទន្សាយមានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃទីក្រុងកែប មានចម្ងាយ៤,៥គីឡូម៉ែត្រពីទីក្រុងនេះ។ ទីនេះជារមណីដ្ឋានធម្មជាតិដ៏ល្អប្រណិតរបស់ទីក្រុង ដែលមានលក្ខណៈអំណោយពីធម្មជាតិ ព្រោះមានឆ្នេរខ្សាច់ចំនួន២កន្លែង ដែលមានវាលខ្សាច់សពីធម្មជាតិ អាចធ្វើជាកន្លែងសំរាប់ងូតសមុទ្រកម្សាន្តសប្បាយបាន។ ទឹកសមុទ្រមានជម្រាលវែងហើយរាក់ហើយ ទឹកសមុទ្រនៅទីនោះមាន ជំរៅរាក់ដោយសារតែមានឆ្នេរនៅព័ទ្ធជុំវិញកោះហើយវាមានភាព ជម្រាល បន្តិចម្តងៗ ហើយ ជាហេតុធ្វើអោយកោះនេះក្លាយជាកន្លែងសំរាប់ការហែលទឹកលេងកំសាន្ត។ ខាងក្រោមទឹកសមុទ្រ មានផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិសមុទ្រ អំណោយផលដល់ការស្រាវជា្រវប្រព័ន្ធបរិស្ថានចំរុះ។ ឈ្មោះកោះទន្សាយនេះបានក្លាយមកពីពាក្យរំសាយ ព្រោះនៅពេលដែលស្តេចសាគររាជ អស់សង្ឃឹមក្នុងការ តស៊ូ ដោយមានការបែកបាក់ពលសេនា និង បក្សពួកខ្លួនអស់ច្រើន ព្រះអង្គក៏បានដឹកនាំអ្នកដែលនៅសេសសល់ឆ្លងសមុទ្រមកដល់កោះមួយនៅខាងមុខក្រុងកែប ហើយក៏បានធ្វើការរំសាយទ័ពរនៅទីនោះទៅ។ ដោយការហៅ តៗគ្នា កោះរំសាយ បានក្លាយទៅជាកោះអំសាយ កោះអន្សាយ ក្រោយមកក៏បានក្លាយទៅជាកោះទន្សាយរហូតដល់សព្វថ្ងៃនេះ។
📌ផែនទី៖ https://maps.app.goo.gl/QHgCbqShERgBBHTB8