តើទេវតាឆ្នាំថ្មី ព្រះនាមអ្វី? សោយអ្វី?

Post by admin

10:00 - 03/02/2025

Comment

តើទេវតាឆ្នាំថ្មី ព្រះនាមអ្វី? សោយអ្វី?

កាលវេលានៃការផ្លាស់វេនទេវតាឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ដែលពលរដ្ឋខ្មែរប្រុសស្រី ដឹងថា គឺជាការប្តូរតួនាទី កាន់តំណែងគ្នារវាងបុត្រីទាំង៧អង្គ របស់កបិលមហាព្រហ្ម ដែលថ្ងៃមហាសង្ក្រាន្តសម្រាប់ឆ្នាំម្សាញ់នេះ គឺចំថ្ងៃច័ន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ​៤និង​៤៨នាទី ។

មហា​សង្ក្រាន្ត​៖​ ព្រះ​ពុទ្ធ​សករាជ​ព្រះ​សាស​នា​​អតិ​ក្កន្តា​កន្លង​ទៅ​ហើយ​បាន​២៥៦៨​ត្រឹម​ថ្ងៃ​អាទិត្យ ១៥កើត​ ខែ​ពិ​សាខ​ លុះ​ដល់​ថ្ងៃចន្ទ ​១​រោច ខែ​ពិសាខ​ ឆ្នាំម្សាញ់​ សប្តស័ក​​​ទៅ​ចូ​ល​ពុទ្ធ​សក​រាជ​​២៥៦៩។ ការ​គណនា​ឆ្នាំ​ម្សាញ់សង្ក្រាន្ត​ចូល​មក​នៅ​ថ្ងៃ​ចន្ទ​ ២រោច ខែ​ចេត្រ ​ត្រូវ​នឹង​ថ្ងៃ​ទី១៤ ខែ​មេសា គ្រិស្តសករាជ ​២០២៥ វេលា​ម៉ោង​៤និង​៤៨នាទី​​​​ ។ ពេល​នោះ​ព្រះ​អាទិត្យ​ចេញ​ពី​មីន​រាសី​ទៅ​ឋិត​នៅ​ឯ​មេ​សរាសី​តាម​ផ្លូវ​គោ​វិថី ​គឺ​ផ្លូវ​កណ្តាល​ ទើប​មាន​ទេវ​ធីតា​មួយ​ព្រះអង្គ​ជា​មគ្គនា​យិកា​ព្រះ​នា​ម​ គោរាគៈទេវី ជាបុត្រី​ទី​២នៃ​កបិល​មហា​ព្រហ្ម​ គង់​នៅ​ចាតុ​ម្មហា​រាជិ​កា ទ្រង់​អម្ពរ​ ពណ៌​លឿង លម្អ​នៅ​ព្រះកាណ៌​ដោយ​សៀត​ផ្កាអង្គាបុស្ប​​ អភរណទ្រង់​ពាក់​ កែវមុតា ​ភក្សា​ហារទ្រង់​តេលំ(ប្រេង) ព្រះហស្ត​ស្តាំ​ទ្រង់​ព្រះខ័ន​​ ព្រះ​ហស្ត​ឆ្វេង​ទ្រង់​ឈើច្រត់​ ទ្រង់ផ្ទំបិទ​​ព្រះ​នេត្រ​លើ​ខ្នង​ស្ដេចខ្លា ​ជាពាហនៈ។ ទើប​នាំ​អស់​ទេវបុត្រ​ទេវ​ធីតា​ទាំង​មួយ​សែន​កោដិហោះ​ទៅ​កាន់​ គុហាកែវ​ធម្ម​មាលី​ នាទី​ភ្នំ​កៃ​លាស ខេត្ត​ហិម​ពាន្ត ​ជាទី​តម្កល់់​ទុក​នូវ​ព្រះ​សិរសា​ កបិល​មហា​ព្រហ្ម​ ដែល​តម្កល់​លើ​ពាន​មាស​ នាំ​មក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេ​រុរាជ​ តាម​ផ្លូវព្រះ​អាទិត្យ​ចរចំនួ​ន​៦០នាទី​(២៤​ម៉ោង​) ។ ​បន្ទាប់​មក​​ទើប​នាំ​យក​ទៅ​តម្កល់​នៅ​កន្លែង​ដើមវិញ ហើយ​ប្រជុំ​ទេវ​បុត្រ ​ទេវ​ធីតា​ទាំង​​មួ​យ​សែន​កោដិ ចូលទៅ​​ស្រង់​ទឹក​ អនោ​តត្ត​មហា​ស្រះ​ ដែល​មាន​ទឹក​ហូរចេញ​ ពីបំ​ពង់​ថ្មកែវ​​​ជា​មាត់​គោ​ឧ​សភរាជ​ទាំង​៧​ ត្រជាក់​ក្សេម​ក្សាន្ត​ព្រះរាជ​ហឫទ័យ​ហើយ​ នាំគ្នា​ចូល​ទៅ​សមា​ទាន​រក្សា​សីល ​ដោយ​សោមនស្ស​រីក​រាយ​គ្រប់​ព្រះ​អង្គ​ ក្នុង​ភគវតី​សភា​សាលា​ដែ​ល​វិស្សកម្ម​ទេវ​បុត្រ​និមិ្មត​ថ្វាយ​ ដើម្បី​បន្ទោ​បង់​អព​​មង្គល​ឱ្យជ្រះ​ស្រ​ឡះ​ហើយ​ចម្រើននូវ​សិរីសួ​ស្តី​ ជ័យ​មង្គល​ ជន្មា​យុ​យឺន​​យូ​រ ដល់​ទេវ​តា ​និង​មនុស្ស​សត្វ​ផងទាំង​ឡាយ​តាំង​ពីឆ្នាំថ្មី​ចូល​មកនេះ​បាន​ធូរ​​ទូ​លំ​ទូ​លាយ​ សុខ​ក្សេម​ក្សាន្ត​ ត​រៀង ​ទៅ ។
ថ្ងៃ​ចន្ទ ​២រោច ខែចេត្រ​ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​​ ខែ​មេសា​ គ្រិស្តសករាជ​២០២៥ វេលា​ម៉ោង០៤ និង៤៨នាទីទៀបភ្លឺ​ជា​ថ្ងៃ​ចូល​ឆ្នាំ​ម្សាញ់ សប្តស័ក ។
ថ្ងៃ​អង្គារ​ ៣រោច​​ ខែ​ចេត្រ ​ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ខែ​មេសា​ គ្រិស្ត​សករាជ​២០២៥​ជាវារៈវ័នបត។
ថ្ងៃ​ពុធ ៤រោច​​​ ខែចេត្រ ​ត្រូវ​នឹង​ថ្ងៃ​១៦​​ ខែ​មេសា​ គ្រិស្តសករាជ​ ២០២៥ នៅ​វេលា​ម៉ោង​០៨ និង២៥​​​នាទី​ ៣៦វិនាទី​ ​ជាវារៈឡើង​ស័ក​​ គម្រប់​ជា​សង្ក្រាន្ត​​បី​ថ្ងៃ​ស្រេច​បរិបូ​ណ៌​ចូល​ជា​សកល ឆ្នាំ​ម្សាញ់ាសប្តស័ក​​ ចុល្ល​សករាជ​១៣៨៧​​ និង​មហា​សករាជ ​១៩៤៧​ តទៅ ។

ក្នុង​ឱកាស​សង្ក្រាន្ត​ទាំង​បី​ថ្ងៃ​ សូម​អស់​ប្រជា​ពល​រដ្ឋ​ប្រុស​ស្រី​ផង​ទាំង​ឡាយ​ រៀប​ចំ​ពលិ​ការ​គ្រឿង​សក្ការបូជា អុជ​ប្រទីប​ជ្វា​លា​ថ្វាយ​ព្រះ​រតន​ត្រ័យ​ និង​ទទួល​ស្វា​គមន៍​ ទេវ​បុត្រ​ទេវ​ធីតា​ឆ្នាំ​ថ្មី​ ហើយ​ខំ​លះបង់​ចិត្ត​អាក្រក់​អន្យ​តិរ្ថិយ​ ជាចិត្ត​អប្រិយ​ជាប់​ដោយ​គំនុំ​គុំកួន​ ព្យាបាទ​ឈ្នា​នីស​ ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់​ឱ្យ​ជ្រះ​ស្រឡះ​ តាំង​ចិត្ត​ប្រព្រឹត្ត​ល្អប្រកប​ដោយ​ មេត្តា​ ករុណា​ មុទិតា​ ឧបេ​ក្ខា​ និង​បញ្ញា​ ធ្វើ​បុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃ​ណី ​រក្សា​សីល​ប្រាំ​ឱ្យ​បាន​ជាប់​ជា​និច្ច​ នោះ​ទើប​ទេវ​តា​នឹង​ឱ្យ​ពរ​ សព្ទ​សាធុកា​រ​ លោកអ្នក ​នឹង​មាន​សិ​រី​សួ​ស្តី​ សុភមង្គល​ វិបុល​សុខ​ គ្រប់​ប្រ​ការ ​តាំង​ពី​ឆ្នាំ​ថ្មី​នេះ​តរៀង​ទៅ​ ។

រណ្តាប់​ទទួល​ទេវតា​
រណ្តាប់​ទទួល​ទេវ​​តា​តាម​ទំ​នៀម​ពី​បុ​រាណ​រៀងរហូត​មក ​ត្រូវ​រៀប​រាន​ទទួល​ទេវ​តា​នៅ​ខាង​មុខ​ផ្ទះ​មួយ​សម្រាប់​ តាំង​គ្រឿង​ពលិការ​ផ្សេង​ៗ​ ។ ត្រូវ​រៀប​ក្រាល​សំ​ពត់​ពណ៌​ស ​ហើយ​រៀប​ចំ​នូវ​គ្រឿង​សក្ការបូ​ជាទេវ​តា​ មាន​ជា​អាទិ៍​ បាយ​សី​ ៩ថ្នាក់​មួយ​គូ​ បាយ​សី​៧​ថ្នាក់​មួយ​គូ​ បាយ​សី​៥​ថ្នាក់​មួ​យ​គូ​ បាយ​សី៣​ថ្នាក់​មួ​យ​គូ​ បាយ​សី​ប៉ា​ឆាមមួយ​គូ​ ស្លា​ធម៌​មួយ​គូ ទឹក​អប់​មួយ​គូ​ (ទៀន​៥​ធូប​៥) លាច​៥​ ផ្កា​៥ដាក់​លើ​ជើង​ពាន​១​គូ​ ចេក​នួន​ ចេក​ណាំ​វ៉ា ​ដាក់​​ពាន​មួយ​គូ​ ​​​១១មុខ រៀប​ដាក់​ជើង​ពាន​១១​គូ ​ដូង​ឡៅ​មួយ​គូ​ ទឹក​ស្អាត​ពីរ​កែវ​ ។​ ស្រេច​ហើយ​នៅ​វេលា​ម៉ោង​ដែល​ទេវ​តា​ចុះមក​ ត្រូវ​ជួប​​ជុំ​ក្រុម​​គ្រួសារ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ​ ន​មស្ការព្រះ​រតន​ត្រ័យ​ សមា​ទាន​សីល​ ហើយ​តាំង​ចិត្ត​ឱ្យ​បាន​ស្អាត​បរិ​សុទ្ធ​ ជ្រះ​ស្រឡះនូវ​មន្ទិល​​ទាំង​ពួង​ តម្កល់​ចិត្ត​រំពឹង​គិត​ទៅ​លើ​ ព្រះ​ពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ ជាទី​ពឹង ​ទី​រ​ឭ​ក​លុះ​ចប់​ពិធី​ទទួល​ទេវតា ។