ប្រាសាទ​នាគព័ន្ធ ខេត្តសៀមរាប

Post by admin

13:35 - 08/04/2024

Comment

ប្រាសាទនាគព័ន្ធមានទីតាំងស្ថិតនៅក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប​ ។ ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន ។ ប្រាសាទនេះ ត្រូវគេបានសាងសង់នៅលើកោះទំហំ ៣៥០ម បួនជ្រុង ដែលមានស្រះសន្សំទឹកបរិសុទ្ធ​ ៤ ដោយរៀបចំឲ្យមាន ជាសញ្ញាលេខបូក ជានិមិត្ដរូបនៃសញ្ញាមន្ទីរពេទ្យ ។ មានរូបចម្លាក់ទាំង ៤ ទិសសម្រាប់ជាតំណាងឲ្យធាតុទាំង ៤ គឺ ធាតុដីតំណាងដោយរូបចម្លាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើត ធាតុភ្លើងតំណាងដោយរូបចម្លាក់ក្បាលតោស្ថិតនៅទិសខាងត្បូង ធាតុខ្យល់តំណាងដោយរូបចម្លាក់ក្បាលសេះស្ថិតនៅទិសខាងលិច ធាតុទឹកតំណាងដោយរូបចម្លាក់ក្បាលដំរី ស្ថិតនៅទិសខាងជើង ។ រូបកាយនៃសត្វលោកផ្សំឡើងដោយធាតុ ៤ គឺ ធាតុដី ធាតុភ្លើង ធាតុខ្យល់ ធាតុទឹក ហើយសត្វលោកដែលមានជំងឺតែងបាត់បង់នូវធាតុណានីមួយនៃធាតុទាំង ៤ នៅពេលគេពិនិត្យឃើញថាអ្នកជំងឺខ្វះធាតុណាមួយនៃធាតុទាំង ៤ គេតម្រូវឲ្យអ្នកជំងឺនោះទៅទទួល​ការ​ព្យាបាលជំងឺ​ស្របតាមធាតុនៃទិសទាំង ៤ ។ គេ​ពិនិត្យឃើញមានចម្លាក់សេះថ្មមួយ​ក្បាល ដែល​មាន​មនុស្សជាច្រើនឱបព័ទ្ធ ។ មានរឿងនិទាន​មួយ​ថា មានហ្វូងមនុស្សប្រុសមួយក្រុមបានជិះសំពៅឆ្លងមហាសាគរហើយបានជួបនឹងយក្ខិនីកំណាចមួយ ។ វាបានបង្កព្យុះភ្លៀងធ្វើឲ្យសំពៅលិចលង់ ។ នាយសំពៅឈ្មោះសេមហៈក៏បានបន់ស្រន់អស់ទេព្ដាឲ្យជួយ ។ ដោយសារបារមីព្រះពោធិសត្វលោកេស្វរៈ ព្រះអង្គបានប្រមើមើលឃើញមនុស្សកំពុងជួបភ័យអន្ដរាយ ពេលនោះទ្រង់ក៏ប្រើឲ្យអាមាត្យមួយអង្គក្លែងជាសេះបាលហៈទៅជួយអ្នកលិចលង់សំពៅនោះ ។ អ្នកលិចលង់ទាំឡាយក៏បានតោងជើង និង​កន្ទុយសេះ ហើយ​សេះ​នោះ​បាន​នាំ​ពួក​គេ​មកដល់ត្រើយបានសុខសាន្ដទៅ ។

ប្រាសាទនាគព័ន្ធមានឈ្មោះដើមថា ប្រាសាទរាជស្រី ត្រូវបានកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័ន ទី ៧ នៃចុងសតវត្ស ទី ១២ ប៉ុន្តែគេស្គាល់ជាទូទៅថាប្រាសាទនាគព័ន្ធ ។ តាមការបកស្រាយអំពីស្រះទឹក និងប្រាសាទជាធាតុផ្គុំគ្នានៅប្រាសាទនាគព័ន្ធបានបង្ហាញយ៉ាងជាក់ច្បាស់នៅក្នុងសិលាចារឹកជាភាសាសំស្រ្កឹតនៃប្រាសាទព្រះខ័នថា ប្រាសាទនាគព័ន្ធជាកោះដ៏ប្រសើរឧត្តុង្គឧត្តម និងមានសោភ័ណភាព ដោយសារស្រះទឹកសម្រាប់ដុសលាងជម្រះកាយសាសនិកដែលបានមកដល់ទីនេះ ហើយប្រើប្រាស់ទូកសម្រាប់ឆ្លងមហាសាគរនៃជីវិត[] ។ នៅក្នុងផ្នែកមួយនៃអត្តបទរបស់លោក ជីវ តាក្វាន់ បានឱ្យដឹងថា នៅទិសខាងជើងកំពែងនគរចម្ងាយប្រមាណ ៥ លី មានប្រាសាទមាសរាងបួនជ្រុងនិងមានបន្ទប់ថ្មជាច្រើនរយ ហើយនៅក្នុងនោះគេឃើញមានរូបព្រះពុទ្ធមាស រូបសឹង្ហមាស រូបដំរី រូបតោ រូបសេះ និងវត្ថុដទៃផ្សេងៗទៀតធ្វើអំពីស្ពាន់ច្រើនឥតគណនា[] ។ ប្រាសាទនាគព័ន្ធត្រូវបានសាងសង់អំពីថ្មភក់ ស្ថិតនៅចំកណ្តាលបារាយណ៍ខាងជើងឈ្មោះ ជយតដាត ឬវាលរាជតដាក ។ បារាយណ៍នេះមានទំហំ ៣៥០០ ម៉ែត្រគុណ ៩០០ ម៉ែត្រ ។ សព្វថ្ងៃមានផ្លូវចេញចូលនៅទិសខាងជើង ។

📌ផែនទី៖ https://maps.app.goo.gl/YbRAxRbK4YK3GtRh6