ប្រាសាទបី គឺជាប្រាសាទមួយកសាងឡើងអំពីឥដ្ឋ ដោយមានតួប៉មចំនួនបីឈរតម្រៀបគ្នានៅលើជើងគ្រឹះតែមួយ ដែលមានទទឹង ១០ ម៉ែត្រ និងបណ្តោយ ២៤ ម៉ែត្រ។ ចំពោះឈ្មោះប្រាសាទបីនេះ គឺមជ្ឍដ្ឋានអ្នកសិក្សាស្រាវជ្រាវបានហៅតាមអ្នកស្រុកដែលរស់នៅជិតនោះប៉ុណ្ណោះ ដោយគេហៅបែបនេះដោយសារ គេឃើញប្រាសាទនេះមានតួប៉មនៅជិតៗគ្នានេះឯង ចំណែកឈ្មោះពិតប្រាកដយ៉ាងណានោះ គឺយើងមិនទាន់ដឹងនៅឡើយទេ។ ប្រាសាទនេះ មានទីតាំងស្ថិតនៅតាមមាត់ថ្នល់ផ្លូវឆ្លងកាត់ចូលទៅកាន់ខ្លោរទ្វារអង្គរធំទិសខាងត្បូង ចន្លោះប្រាសាទបក្សីចាំក្រុងនិងគូទឹកអង្គរធំ និងនៅជិតប្រាសាទថ្មបាយក្អែក។ ដោយគេមើលឃើញថាក្នុងចំណោមតួប៉មកណ្ដាលមានលក្ខណៈនៅល្អ ចំណែកតួប៉មពីរទៀតដែលអមសងខាងនោះមិនមានដំបូល ហាក់ដូចជាមិនទាន់សាងសង់រួចតាំងពីសម័យកសាងប្រាសាទនេះមកម្ល៉េះ។ ប្រាសាទបី ដែលត្រូវបានគេធ្វើការសន្និដ្ឋានថា ជាប្រាសាទមួយដែលកសាងមិនទាន់រួចរាល់នេះ អាចកសាងឡើងតំណាលគ្នានឹងប្រាសាទថ្មបាយក្អែក តាំងពីសតវត្សទី១០ នៃគ្រិស្ដសករាជមកម្ល៉េះ គឺកសាងក្នុងសម័យបាពួន ឃ្លាំង បន្ទាយស្រី និង អង្គរវត្ត ដែលគេនិយមយកឥដ្ឋមកកសាងជាប្រាសាទ គឺមុនយុគសម័យប្រាសាទបាយ័នទៅទៀត។