ប្រាសាទក្រវ៉ាន់ ខេត្តសៀមរាប

Post by admin

14:00 - 08/04/2024

Comment

ប្រាសាទក្រវ៉ាន់មានទីតាំងស្ថិតនៅ ភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ខាងកើតប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្តី។ ប្រាសាទនេះត្រូវបានកសាងនៅឆ្នាំ ៩២១នៃគ.ស ក្នុងរាជព្រះបាទហស៌វរ្ម័នទី១ (៩១០-៩២៣) ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះជាត្រូវបានសាងសង់ដោយមន្ត្រីម្នាក់ឈ្មោះ មហីធរវម្ម៌ ដែលជាមន្ត្រីជាន់ខ្ពស់ម្នាក់របស់ព្រះបាទហស៌វរ្ម័នទី១ នៃសតវត្សទី១០។ ទោះបីជាប្រាសាទនេះមានលក្ខណៈតូច តែចម្លាក់នៅលើ ឥដ្ឋមានលក្ខណៈល្អឥតខ្ទោះ។ ប្រាសាទនេះមានតួរប៉មប្រាំដែលបែរមុខទៅទិសខាងកើត។ យោងតាមព័ត៌មាននៅលើស៊ុមនៃក្លោងទ្វាររបស់តួប៉មទី២ និងទី៣ និងទី៥ ដែលបានផ្តល់ព័ត៌មានជាសង្ខេបថា មហីធរវម្ម៌បានថ្វាយនូវទីសក្ការៈមួយនៅចំកណ្តាលតួប៉មទី៣ ទៅដល់អាទិទេពនៃសាសនាហិណ្ឌូ ដែលប្រាសាទនេះតំណាងទីស្ថានរបស់ព្រះវិស្ណុ រីឯតួប៉មទី៣ ឧទ្ទិសដល់ព្រះម៉ែទាំងប្រាំ ដែលត្រូវបានកសាងជារូបចម្លាក់ដាក់នៅលើបល្ល័ង្ក យើងឃើញមានរូបរបស់ព្រះម៉ែលក្ស្មីនៅលើផ្ទៃជញ្ជាំងផ្នែកខាងក្នុងនៃប៉មនេះ។ សិលាចារឹកបានឱ្យដឹងទៀតថា អ្នកមកកសាងប្រាសាទគឺជាប្រជារាស្រ្តដែលរស់នៅជុំវិញប្រាសាទនេះ ដែលត្រូវបានរៀបរាប់ឈ្មោះនៅក្នុងសិលាចារឹកនេះ។ ដោយប្តូរពីរចនាបទបាក់ខែង ទៅតាមរចនាបថកោះកេរ្ដិ៍ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្នុងព្រហ្មណ៍សាសនា។ នៅក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់ព្រះបាទហស៌វម្ម៌ទី១នៅរាជធានីនៃតំបន់អង្គរ គេឃើញមានរាជធានីថ្មីមួយទៀតដែលកសាងដោយឳពុកមាររបស់ព្រះអង្គព្រះនាមព្រះបាទជ័យវម្ម៌ទី៤។ ការកសាងប្រាសាទក្រវ៉ាន់និងប្រាសាទធំនៅកោះកេរត្រូវបានកសាងនៅពេលតែមួយ

តាមសៀវភៅបរទេសភាគច្រើនដែលស្តាប់ពុំច្បាស់នូវសម្ដីនៃអ្នកស្រុកដើមនិយាយទៅជាសរសេរ ក្រវាញ តែតាមការណ៍ពិតប្រជាជនហៅប្រាសាទនេះថា ក្រវាន់ (អានថា ក្រវ៉ាន់) ព្រោះប្រជាជនយល់ថាក្រវាន់នេះជាឈ្មោះដើមឈើដែលសម្បូរដុះនៅម្ដុំនោះ។ ក្រវាន់ជាឈ្មោះឈើមួយប្រភេទមានផ្កាក្រអូបឈ្ងុយ ស្រដៀងនឹងក្លិនចេកនួនទុំ។ប្រាសាទក្រវ៉ាន់មានឈ្មោះដើមថា ត្រៃលោក្យថាថ រីឯប្រាសាទធំ នៅរាជធានីកោះកេរមានឈ្មោះថា ត្រីភុមនេស្វរៈ

ប្រាសាទក្រវ៉ាន់កសាងអំពីឥដ្ឋសាងសង់នៅលើខឿនមួយជាន់មានតួប៉មឈរតម្រៀបជួរគ្នា តួប៉មកណ្តាលមានទំហំធំជាងគេ និងខ្ពស់ជាងគេ។ តួប៉មទាំងប្រាំបែរមុខទៅទិសខាងកើត ដែលមានទ្វារមួយបើចំហ និងទ្វារបីទៀតជាទ្វារបញ្ឆោត សរស និងផ្តែរធ្វើអំពីថ្មភួក។នៅខាងមុខនៃតួប៉មទាំងប្រាំមានទីលានមួយនិងខឿនមួយប្រហែលជាហោត្រៃ។ នៅតាមជញ្ជាំងមានចម្លាក់រូបព្រះវិស្ណុ ព្រះនាងលក្ស្មី ព្រះម៉ែធរណី និងរឿងព្រាហ្មតឿជាដើម។ នៅក្នុងតួប៉មប្រាសាទក្រវ៉ាន់មានចម្លាក់ជាច្រើន ដែលរៀបរាប់អំពីរឿងទេវកថា របស់អាទិទេពព្រះវិស្ណុ និងក្រុងពាលី។ មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទក្រវ៉ាន់ក៏នៅមានចម្លាក់អំពីអាពាហ៍ពិពាហ៍របស់ព្រះវិស្ណុ និងព្រះនាងលក្ម្សីផងដែរ។ នៅលើជញ្ជាំងនៃប្រាង្គធំនៃប្រាសាទក្រវ៉ាន់ ដែលត្រូវបានជួសជុលដោយ លោកហ្គ្រោលីយេ ជាជនជាតិបារាំង យើងឃើញមានចម្លាក់មួយតំណាងឲ្យព្រះអាទិទេពមួយអង្គស្ថិតក្នុងឥរិយាបទ ប្រថាប់ឈររាំយ៉ាងសង្ហាដោយមានព្រះបាទមួយប្រថាប់លើបល្ល័ង្គ ហើយចម្លាក់មួយទៀតដែលគួរឱ្យភ្ញាក់អារម្មណ៍ជាងគេនោះនៅលើផ្កាឈូករីកក្រពុំមួយគួរឲ្យគយគន់ណាស់។ រីឯព្រះហត្ថទាំង៤វិញប្រដាប់ដោយកេតនភណ្ឌដូចជា កងចក្រទិព្វ ខ្យងសង្ខ ដំបងសិល្ប៍ និងដុំមូលតំណាងឱ្យពិភពផែនដី។ នៅផ្នែកខាងក្រោមព្រះបាទរបស់ព្រះអាទិទេពអង្គនេះ គេឃើញមានស្ត្រីម្នាក់កំពុងភាវនាវធម៌ ដែលដៃកាន់ទងផ្កាឈូក គឺព្រះនាងលក្ម្សី ដែលជាព្រះជាយា ឬទេពីរបស់ទ្រង់។ អ្វីដែលគួរឲ្យកត់សម្គាល់ជាងនោះទៀត គឺនៅក្រោយខ្នងរបស់ព្រះនាង គេឃើញមានគំនូសរាងអង្គាញ់ៗតំណាងឲ្យទឹកសមុទ្រ។ ឥរិយាបទរាំរបស់ព្រះវិស្ណុបែបនេះ ត្រូវបានគូសបញ្ជាក់តាមរយៈគម្ពីរតៃត្តិរីយាសម្ហិតា និងវាជសនេយិ សម្ហិតា ដែលសិក្សាដោយលោក កោម ស្វាមី អ្នកប្រាជ្ញជាតិឥណ្ឌា និងសិលាចារឹកខ្មែរផងដែរ។ ដូចនៅក្នុងវិស័យបដិមាកម្មនៅប្រទេសកម្ពុជាដែរ គេក៏បានជួបប្រទះនូវចម្លាក់បុរាណជាច្រើននៅប្រទេសថៃ និងលាវ ដែលតំណាងព្រះវិស្ណុក្នុងឥរិយាបទដូចគ្នានេះដែរ ទោះបីយើងពុំទាន់មានការសិក្សាលំអិតក្តី។ ដូចករណីចម្លាក់នៅហោជាងនៃប្រាសាទភិមាយប្រាសាទភ្នំរុង និងសិរភូមិ ឬក៏ប្រាសាទវត្តភូជាដើម។ តាមពិតទៅតាមរយៈចម្លាក់ព្រះវិស្ណុត្រីវិក្រមខាងលើនេះ វិចិត្រករខ្មែរចង់បង្ហាញឲ្យសាសនិកជន ដឹងនូវជម្រៅឥទ្ធិពលពិសិដ្ឋរបស់ទ្រង់ ក្នុងការថែរក្សាលោកយើងនេះឲ្យបានគង់វង្សជានិច្ចនិរន្ត ពីព្រោះលោកយើងនេះ ពីកប្បមួយទៅកប្បមួយរមែងតែងត្រូវបំផ្លាញវិនាសមហន្តរាយ ហើយក៏ត្រូវបង្កើត ដោយមហិទ្ធិរិទ្ធិរបស់ព្រះអាទិទេពអង្គនេះឡើងវិញ។ ព្រះអង្គបង្កើតលោកឡើងវិញ ដោយបំផ្លាញរាល់ឥទ្ធិពលអាក្រក់ តាមរយៈ “ការរាំវក់” នេះដែលជាមធ្យោបាយ ឬមាគ៌ាមួយសម្រាប់ទៅកាន់ទីរំលត់សភាវៈអាក្រក់ ឬទុក្ខ

📌ផែនទី៖ https://maps.app.goo.gl/xSD6ZrXX6Zbvigua8