ប្រាសាទសួរព្រ័ត្រ ឬអ្នកខ្លះហៅប្រាសាទនាង១២ មានទីតាំងស្ថិតនៅក្នុង បរិវេណ ក្រុងអង្គរធំខាងមុខលានដំរី ឬខាងលិចប្រាសាទឃ្លាំងខាងជើង និងឃ្លាំងខាងត្បូង។ ប្រាសាទសួរព្រ័ត្រជាក្រុមប្រាសាទ តូចៗមានចំនួន១២ ដែលមានលក្ខណ:ប្លែកពី ប្រាសាទ ដទៃបន្តិច ត្រង់ថាប្រាសាទជាក្រុមនេះមានរចនាសម្ព័ន្ធស្ថាបត្យកម្មដូចគ្នា សាងដាច់ពីគ្នា ហើយរត់ត្រង់ជួរគ្នាពីជើងមកត្បូង នៅសងខាងអ័ក្សផ្លូវកើតលិចពីក្លោងទ្វារជ័យមកជណ្តើរ ឡើងទៅរករាជវាំង ដែលម្ខាងៗមានចំនួន៦។ តើប្រាសាទសួរព្រ័ត្រ ឬអ្នកខ្លះហៅថា ប្រាសាទនាង១២ សាងសង់ដើម្បីអ្វី?
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ដំបូងឡើយ គេបានដឹងថា តាមកំណត់ ហេតុអ្នកការទូតចិនមកនគរខ្មែរនៅឆ្នាំ១២៩៦ថា មានការរៀបចំល្បែងសៀកម៉្យាង ដោយមាន មនុស្សដើរសួលើព្រ័ត្រ ដែលបានចងព្រ័ត្រនោះពីប្រាសាទមួយទៅប្រាសាទមួយ ដើម្បីឱ្យដើរ សួរព្រ័ត្រ។ ប្រហែលតាមសេចក្តីនេះ ហើយទើបគេហៅថា ប្រាសាទសួរព្រ័ត្រ។
មួយវិញទៀត ដោយឃើញប្រាសាទនេះមានចំនួន១២ ដូចរឿងព្រេងនាងកង្រីដែរ ដែលនាំឱ្យអ្នកស្រុក ហៅថាតគ្នាមកថា ប្រាសាទនាង១២។ ប៉ុន្តែតាមការស្រាវជ្រាវជាច្រើនបង្ហាញថា ប្រាសាទនេះ មិនមានទាក់ទងនិងសួរព្រ័ត្រ ឬនាង១២នោះទេ ប៉ុន្តែប្រាសាទនេះ ត្រូវបានសាងសង់ឡើង សម្រាប់តំណាងឱ្យអំណាចទេព ឬអ្នកតាតំបន់ទាំង១២ នៃចក្រភពខ្មែរនាសម័យនោះ។ នៅពេលស្តេចក្រាញ់ ឬអ្នកដឹកនាំរាជការ តាម តំបន់ទាំង១២ នៃចក្រភពខ្មែរទាំងមូលនា សម័យអង្គរ មកកាន់ក្រុងអង្គរចូលជំនុះប្រចាំឆ្នាំជាមួយ ស្តេចរៀងរាល់ឆ្នាំពួកគេតែងតែមក គោរពនៅទីនេះ។ លើសពីនេះ អ្នកស្រាវជ្រាវបាន យោងលើកំណត់ត្រាអ្នកការទូត ចិនបង្ហាញ ថា នៅប្រាសាទសួរព្រ័ត្រ ឬអ្នកខ្លះ ហៅប្រាសាទនាង១២នេះ មានរៀបចំកិច្ចពិធីមួយ ពាក់ព័ន្ធយុត្តិធម៌ គឺនៅពេលមានរឿងក្តីក្តាំគ្នា គឺគេយកមនុស្សដែលមានក្តីក្តាំនឹងគ្នា មកពិសោធន៍ នៅក្នុងប្រាសាទនេះ។ គេឱ្យអ្នកមានក្តីក្តាំទាំងនោះស្នាក់នៅក្នុងប្រាសាទរាង ខ្លួនរយៈពេល៣ទៅ៤ថ្ងៃ។
ប្រសិនបើនរណាម្នាក់កើតជំងឺដូចជាក្តៅខ្លួនជាដើម នោះគេវិនិច្ឆ័យថា អ្នកឈឺនោះ បានប្រព្រឹត្តិខុស គេនឹងដាក់ទោសទណ្ឌតាមកំហុស ដែលប្រពៃណី ឬជំនឿបែបនេះ មានរហូតដល់សព្វថ្ងៃ។ បច្ចុប្បន្ននេះ មានកន្លែងមួយដែលអ្នកក្តីក្កាំគ្នា តែងតែនាំគ្នាទៅ ធ្វើពិធីនេះ គឺនៅវត្តតាកាំ ស្ថិតនៅស្រុកពួកខេត្តសៀមរាប។