ច្រកចូលសំខាន់របស់ប្រាសាទនេះស្ថិតនៅទិសខាងកើត ប៉ុន្តែភ្ញៀវទេសចរអាចចេញចូលពីទិសខាងលិច ឬទិសខាងជើងក៏បានដែរ។ នាខែវិច្ឆិកា ឆ្នាំ១៩៣៩ លោក មូរីស៍គ្លេសជាមន្ត្រីអភិរក្សអង្គរបានរកឃើញសិលាស្ដម្ភចារិកមួយផ្ទាំងកប់ដីនៅក្នុងបរិវេណនៃប្រាសាទនេះ។ ផ្ទាំងសិលាចារិកនោះមានកម្ពស់ ១,៨៥ម៉ែត្រ សរសេរជាភាសាសំស្រ្កឹតមានចំនួន ១៧៨ ស្លោកគាថា ដែលបរិយាយអំពី ការបួងសួង ការលើកសរសើរព្រះរាជា ការតម្កល់ព្រះបដិមា ការចូលរួមថែទាំនិងផ្តល់តង្វាយពីព្រាហ្មផ្សេងៗ ពីស្តេចជ្វា ស្តេចចាម ស្តេចយួន និងពីអ្នកភូមិនៅជុំវិញប្រាសាទ ពិធីអភិសេកព្រះ និងផ្តល់ព័ត៌មានអំពីបារាយណ៍ជយតដាកដែលមានប្រាសាទនាគព័ន្ធស្ថិតនៅចំកណ្តាល។ សិលាចារិកនេះនិពន្ធដោយព្រះអម្ចាស់ វិរកុមារ ជាព្រះបុត្រាព្រះបាទជ័យវរ្ម័នទី៧។